កម្ពុជារំពឹងថាការបើកសេដ្ឋកិច្ចចិនគឺជាឱកាសនាំលំហូរវិនិយោគ និងភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន
រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងថា ការបើកសេដ្ឋកិច្ចចិន គឺជាឱកាសនាំលំហូរវិនិយោគចិននិងភ្ញៀវទេសចរចិនមកកម្ពុជា ជាពិសេសជួយរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អប្រសើរ តាមរយៈការវិលត្រឡប់មកវិញនេះ ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ថា ចិនជាប្រទេសដែលវិនិយោគនៅកម្ពុជាច្រើនជាងគេនៅឆ្នាំ២០២២ខណៈដែរកន្លងទៅចិនវិនិយោគនៅកម្ពុជាជាង១៦០០លានដុល្លារ ស្មើ៤២ភាគរយនៃការវិនិយោគសរុប ។ ចិននៅតែដើរតួសំខាន់ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយមិនត្រឹមតែវិនិយោគមកលើវិស័យឧស្សាហកម្មប៉ុណ្ណោះទេ តែបានវិនិយោគទៅលើវិស័យកសិកម្ម, ទេចរណ៍ អចលនទ្រព្យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធទៀតផង។
ឯកឧត្តមបញ្ជាក់ថា ចំពោះវិស័យពាណិជ្ជកម្មវិញក៏ដូចគ្នា ទីផ្សារធំនៃការនាំចេញរបស់កម្ពុជា គឺទៅអឺរ៉ុប និងអាមេរិក ប៉ុន្ដែប្រភពវត្ថុធាតុដើម ដែលផលិតនិងនាំចេញ គឺនាំមកពីប្រទេសចិន។ ថ្វីត្បិតតែថ្ងៃអនាគតកម្ពុជា អាចទិញវត្ថុធាតុដើមពីវៀតណាម តែបច្ចុប្បន្ន ត្រូវការការផ្គត់ផ្គង់វត្ថុធាតុដើមមកកាន់កម្ពុជា ដើម្បីកែច្នៃនឹងនាំចេញទៅវិញ ជាក់ស្ដែងក្ដាបន្ទះ, សូឡា ក៏ត្រូវការនាំចូលពីប្រទេសចិន និងនាំចេញបន្ដ ។
ឯកឧត្តមបញ្ជាក់ថា ចំពោះទេសចរណ៍ចិន ជាប្រភពមួយយ៉ាងធំ ជាក់ស្ដែងក្នុងអំឡុងពេលនៃជំងឺកូវីដ១៩ បានរីករាលដាលខ្លាំង វិស័យទេសចរណ៍កម្ពុជាត្រូវដាំក្បាលចុះ ដោយសារតែមិនមានភ្ញៀវទេសចរចូលមក ពិសេសភ្ញៀវទេសចរចិន។ ដូច្នេះការបើកសេដ្ឋកិច្ចរបស់ចិន ជាឱកាសទាញភ្ញៀវទេសចរចិនមកកាន់កម្ពុជា។ ចិនជាកម្លាំងមួយ ដែលអាចអូសទាញទេសចរណ៍ នៅកម្ពុជាឲ្យងើបឡើង ដូច្នេះការព្យាករណ៍ក្នុងឆ្នាំ២០២៣ ទេសចរណ៍អន្ដរជាតិនឹងមានជាង៤.៣លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនរំពឹងថា មានចំនួន២លាននាក់ ។
សំឡេង ៖ « ដូច្នេះការបើកឡើងនូវសេដ្ឋកិច្ចចិនគឺជាឱកាសមួយដែលលំហូរទុនពីចិនមកកម្ពុជា ហើយវិនិយោគមួយចំនួនដែលមានគោលដៅនាំចេញទៅទីផ្សារអន្តរជាតិក៏អាចផ្ទេរពីកម្ពុជា ខ្ញុំបាននិយាយពីមុនហើយថាក្នុងពេលកូវីដ ក្នុងពេលជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិក នេះគឺអ្នកចំណេញច្រើនគឺអាស៊ីអាគ្នេយ៍ ដូចជាឥណ្ឌូនេស៊ីម៉ាឡេស៊ីថៃ ថៃវៀតណាមជាពិសេសវៀតណាមតែម្ដង ដូច្នេះនេះគឺជាឱកាសទាក់ទងនឹងលំហូរវិនិយោគពាណិជ្ជកម្មក៏ដូចគ្នាដែរ » ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួនជិត ២.៣លាននាក់ ក្នុងនោះភ្ញៀវចិនមានជាង១០ម៉ឺននាក់ប៉ុណ្ណោះ ដោយសារតែគោលនយោបាយសូន្យកូវីដរបស់ចិន ៕