ប្រទេសកម្ពុជា និងចិនផ្សារភ្ជាប់ផ្នែកវប្បធម៌ និងទេសចរណ៍ក្នុងបរិបទកូវីដ-១៩
អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានលើក ឡើងថា កម្ពុជា-ចិនផ្សារភ្ជាប់ផ្នែកវប្បធម៌ និងវិស័យទេសចរណ៍ក្នុងបរិបទកូវីដ-១៩ ខណៈដែលទំនាក់ទំនងគ្នាល្អផ្នែកវប្បធម៌រវាងកម្ពុជានិងចិននេះនឹងឈានឆ្ពោះទៅការពង្រឹងពង្រីកកាន់តែរឹងមាំទៅថ្ងៃអនាគត។
បើទោះបីជាត្រូវឆ្លងកាត់ព្យុះភ្លៀង នៃវិបត្តិកូវីដ-១៩ក្តី ក៏គេសង្កេតឃើញថា ប្រទេសទាំងពីរនៅតែ ជួយគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ ជាក់ស្តែងជំនួយផ្នែកសុខាភិបាល ការផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ របស់មិត្តចិននាពេលកន្លងមកនេះ បានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងកូវីដ-១៩ទាន់ពេលវេលា ប្រជាពលរដ្ឋអាចជួបជុំប្រារព្ធពិធីសាសនា និងទំនៀមទំលាប់ប្រពៃណីផ្សេងបានជាប្រក្រតី។
លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាបានមានប្រសាសន៍ថា កត្តាសន្តិភាព និងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ជោគជ័យ ពិតជាបានធ្វើឱ្យកម្ពុជាបានអាចបើកប្រទេសឡើងវិញលើគ្រប់វិស័យ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចដើរកម្សាន្ត និងរៀបចំពិធីជួបជុំសែនព្រេនបានដោយរលូន និងមានភាពសប្បាយរីករាយ។
សំឡេង៖ «ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុនសែន បានធ្វើឱ្យប្រជាជនកម្ពុជា រួមទាំងប្រជាជាតិផ្សេងទៀតសុទ្ធតែបានគោរពនូវជំនឿសាសនារបស់ពួកគេពេញ លេញ។ ហើយប្រទេសកម្ពុជាបានគ្រប់គ្រងបានល្អប្រសើរនូវកូវីដ-១៩។ ដោយឡែកប្រទេសចិនក៏បានសម្រួលដល់ការគ្រប់គ្រងកូវីដ១៩នេះដែរ ជាឱកាសក្នុងការចរាចររបស់ជនជាតិចិនមកបណ្តាប្រទេសនានា ជាពិសេសកម្ពុជា ។ យើងឃើញថាប្រជាជនកម្ពុជាក៏បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំចិននេះផងដែរ។ ទាំងនេះបានបង្ហាញឱ្យឃើញនូវការវិញត្របាញ់បញ្ចូលគ្នានៃទំនាក់ទំនងផ្នែកវប្បធម៌រវាងប្រជាជនកម្ពុជា និងចិន។ »
ទោះបីជាពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនមិន មែនជាថ្ងៃបុណ្យជាតិឬបុណ្យប្រពៃ ណីរបស់ប្រជាពលរដ្ឋកម្ពុជាក៏ដោយ គេសង្កេតឃើញមានការចូលរួមអបអរសាទពីប្រជាពលរដ្ឋទូទៅដោយអ្នកជាប់សែស្រឡាយកាត់ចិនបានរៀបចំពិធីសែនតាមទំនៀមទម្លាប់របស់ពួកគេ ចំណែកអ្នកខ្លះទៀតបាន យកពេលវេលានេះទៅកម្សាន្តនៅតំបន់ទេសចរណ៍ផ្សេងៗធ្វើឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនឆ្នាំនេះមានភាពសប្បាយរីករាយ ប្រជាពលរដ្ឋរស់នៅដោយសុខដុមនីយកម្មជាមួយជាតិសាសន៍ផ្សេងៗ។
យ៉ាងណាមិញការផ្សារភ្ជាប់ ផ្នែកវប្បធម៌ និងទេសចរណ៍នេះដែរ បានបង្ហាញឱ្យឃើញជាក់ស្តែងតាមយៈពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងបុណ្យជាតិផ្សេងៗរបស់កម្ពុជាដូចជាបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរជាដើម ប្រជាពលរដ្ឋទាំងអស់នៅកម្ពុជា មិនថាចិនឬខ្មែរនោះទេ បានចូលរួមជាមួយគ្នាដោយក្តីរីករាយក្រោមដំបូលសន្តិភាពរបស់កម្ពុជា។
ជាក់ស្តែង ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ មានភ្ញៀវចេញដើរកម្សាន្តទូទាំងប្រទេស១លាននាក់។ គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះរួមមាន៖ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពត ខេត្តប៉ៃលិន ខេត្តកំពង់ចាម និងខេត្តកែប។
ឯកឧត្តមថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញក្តីរំពឹងថា ឆ្នាំ២០២៣នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរចិនកាន់តែច្រើន។
សំឡេង៖«យើងរីករាយមែនទែនក្នុងការត្រៀមទទួលទេសចរចិន រាជរដ្ឋាភិបាលបានដាក់ទុនជាច្រើនក្នុងការស្តារវិស័យទេសចរណ៍នេះឱ្យបានល្អដូចជាផ្លូវនៅខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម។ »
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ដោយតែវិបត្តិកូវីដ-១៩កម្ពុជាទទួលបានភ្ញៀវទេសចរចិនត្រឹមជាង១០ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែឆ្នាំ២០២៣នេះ កម្ពុជារំពឹងថា ទទួលបានភ្ញៀវទេសចរចិនជាងជិត២លាននាក់៕