កម្ពុជាស្វាគមន៍ក្រុមភ្ញៀវទេសចរចិនជាលើកដំបូងបន្ទាប់ពីចិនបើកប្រទេសឡើងវិញ
កាលពីថ្ងៃទី២៧ ខែមករា ភ្ញៀវទេសចរចិនជាង១០០នាក់ បានមកដល់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា តាមជើងយន្តហោះ ពីទីក្រុងគុនមីង ខេត្តយូណាន មកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
កម្ពុជាចាត់ទុកថា នេះ គឺជាក្រុមភ្ញៀវ ទេសចរ ចិន ដំបូងគេចូលមកប្រទេស កម្ពុជា ដោយមកដល់អាកាសយានដ្ឋានអន្តរជាតិកងកេង ពោលគឺបន្ទាប់ ពីប្រទេសចិនបានបង្កើនប្រសិទ្ធភាព គោលនយោបាយ ចូល និង ចេញ ប្រទេសរបស់ខ្លួន។
រាជរដ្ឋាភិបាលកម្ពុជាបានស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះការមកដល់របស់ភ្ញៀវទេសចរចិន ដោយក្នុងនោះ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជាបានជូននូវក្រមា តំណាងអត្តសញ្ញាណខ្មែរ និងបាច់ផ្កា ដល់ភ្ញៀវទេសចរចិន ហើយស្វាគមន៍ការមកដល់នៃភ្ញៀវទេសចរចិន ជាមួយ នឹងរបាំស្វាគមន៍តាមប្រពៃណីខ្មែរដ៏រស់រវើក (ឆៃយ៉ាំ) និងការលើកបដាសរសេរពីការស្វាគមន៍ និងសូមជូនពរភ្ញៀវទេសចរចិនទាំងអស់ ជួបតែសេចក្តីសុខ ឆ្នាំ ថ្មី។
ឯកឧត្តម ហោ សារ៉ុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូទទួលស្វាគមន៍ជើងយន្តហោះ ជាប្រចាំលើកដំបូង នៃការចាប់ផ្តើមហោះហើរជាថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ រួយលី អ៊ែរឡាញ (Ruili Airlines) មកកាន់ខេត្តព្រះសីហនុ ដែលមានអ្នកដំណើរសរុបចំនួន ១០៤នាក់ នាពេលនោះ។
ក្រសួងទេសចរណ៍ចាត់ទុក ការចាប់ផ្តើមហោះហើរជាប្រចាំឡើងវិញ នេះ គឺជាស្ពានតភ្ជាប់លំហូរភ្ញៀវទេសចរពីប្រទេសចិនមកកាន់កម្ពុជា ជាពិសេសលើទឹកដីនៃតារារះនាទិស និរតីរបស់យើង បន្ទាប់ពីប្រទេសចិន បានបើកប្រទេសឡើងវិញ។ នៅក្នុងពិធីទទួលស្វាគមន៍នេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ហៅកាត់ថា CATA និងអ្នកមុខអ្នកការ ក្រុមយុវជនជាច្រើនរូបទៀត។
សូមរម្លឹកថា មុនផ្ទុះ ឡើងនូវជំងឺកូវីដ១៩ ភ្ញៀវទេសចរចិនគឺជាប្រភពភ្ញៀវ ទេសចរបរទេសច្រើនជាងគេរបស់កម្ពុជា។ ប៉ុន្តែក្នុងអំឡុងពេលកូវីដ១៩ ចំនួនភ្ញៀវទេសចរអន្តរជាតិបានថយចុះយ៉ាងខ្លាំង រួមទាំងភ្ញៀវទេសចរចិនផងដែរ។ ពោលគឺនៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជិត ២.៣លាននាក់ ក្នុងនោះភ្ញៀវចិនមានជាង១០ម៉ឺននាក់ប៉ុណ្ណោះ ដោយសារតែគោលនយោបាយសូន្យកូវីដ រ បស់ ចិន ។
យ៉ាងណាក៏ដោយតាមការព្យាករណ៍កម្ពុជារំពឹងថាក្នុងឆ្នាំ២០២៣នេះ នឹងទទួលបានភ្ញៀវទេសចរអន្ដរជាតិជាង៤.៣លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនអាចមានចំនួនប្រមាណ២លាននាក់ ៕