ចេកអំបូងលឿងខេត្តក្រចេះនៃប្រទេសកម្ពុជាកំពុងមានសក្តានុពលខ្ពស់សម្រាប់ការនាំចេញទៅចិន
ដំណាំចេកអំបូងលឿងក្នុងខេត្តក្រចេះ កំពុងមានសក្តានុពលខ្លាំងសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសជាពិសេសប្រទេសចិន ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំចុងក្រោយរបស់រដ្ឋបាលខេត្តក្រចេះនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះខេត្តក្រចេះមានផ្ទៃដីដាំដុះចេកអំបូងលឿងមាន៣.៤៥៥ហិកតា ហើយនឹងបង្កើនការដាំដុះបន្ថែមទៀតដើម្បីបំពេញតម្រូវការទីផ្សារសម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស។
ឯកឧត្តមបន្តថា ចេកអំបូងលឿងក្នុងខេត្តក្រចេះ ប្រមូលផលមួយថ្ងៃៗចន្លោះពី៤ពាន់តោនទៅ៦ពាន់តោននិងបានបង្កើតការងារជូនប្រជាពលរដ្ឋ ជាច្រើននាក់ ដែលជាអ្នកដាំដុះ ថែទាំ ប្រមូលផល និងកែច្នៃវេចខ្ចប់ផលិតផលចេកសម្រាប់នាំចេញ ហើយចំនួនពលកម្មនេះអាចនឹងកើនឡើងបន្តទៀត។
សំឡេង៖ « ចេកអំបូងលឿងនេះគឺយើងនាំចេញទៅចិនហើយចេកអំបូងលឿងមានផ្ទៃដាំដុះ៣៤៥៥ហិកតា ហើយបច្ចុប្បន្នកំពុងតែធ្វើការដាំដុះពង្រីកផ្ទៃដីបន្ថែមទៀតនេះសម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេសនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ »។
សូមបញ្ជាក់ថា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនចូលជាធរមានកាលពី ដើមឆ្នាំ២០២២មក ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិន ជាពិសេសទំនិញកសិផល និងទំនិញឧស្សាហកម្មរបស់សហគ្រាសតូច និងមធ្យម ផលិតកសិកម្ម មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះដែរ បានបង្កើនទីផ្សារការងារសម្រាប់ប្រជាពលករនៅក្នុងស្រុកទាក់ទាញអ្នកវិនិយោគបរទេសមកប្រទេសកម្ពុជាកាន់ច្រើនដើម្បីផលិតទំនិញនាំចេញទៅកាន់ទីផ្សារចិន៕