អ្នកនាំពាក្យក្រសួងការបរទេសចិន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដែលបង្ហាញយ៉ាងពេញទំហឹងអំពីទំនាក់ទំនងកម្រិតខ្ពស់រវាងចិន-កម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាផ្លូវការ នាថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈនេះ។ នៅថ្ងៃទី៦ខែកុម្ភៈ លោកស្រី ម៉ៅនីង អ្នកនាំពាក្យក្រសួងការបរទេសចិនបានមានប្រសាសន៍ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានថា ប្រទេសចិនទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់សម្តេចតេជោហ៊ុន សែនជាឱកាសមួយដើម្បីជំរុញការអភិវឌ្ឍ និងទទួលបានការរីកចម្រើនកាន់តែច្រើនក្នុងការកសាងសហគមន៍វាសនារួមចិន-កម្ពុជា។
លោកស្រី ម៉ៅនីងមានប្រសាសន៍ថា សម្តេចតេជោហ៊ុន សែនគឺជាមិត្តចាស់ និងមិត្តល្អរបស់ប្រជាជនចិន។ គួរបញ្ជាក់ថា សម្តេចតេជោហ៊ុន សែនជាមេដឹកនាំបរទេសដំបូងគេដែលប្រទេសចិននឹងទទួលស្វាគមន៍បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីចិនក្នុងឆ្នាំ២០២៣ ដែលបង្ហាញពីទំនាក់ទំនងកម្រិតខ្ពស់រវាងចិន-កម្ពុជា ។
លោកស្រីបានបន្ថែមថា “ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ មេដឹកនាំចិននឹងជួបប្រជុំពិភាក្សាជាមួយសម្តេចតេជោហ៊ុន សែនហើយផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម”។
លោកស្រីបានបង្ហាញថា ប្រទេសចិន និងកម្ពុជា គឺជាអ្នកជិតខាងល្អ និងជា“មិត្តដែកថែប”ហើយមិត្តភាពរវាងចិន និងកម្ពុជា ដែលបង្កើតឡើងដោយមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរកាន់តែរឹងមាំ។ ក្រោមការណែនាំ និងដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ការកសាងសហគមន៍វាសនារួមចិន-កម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ និងរួមចំណែកដល់សន្តិភាព និងវិបុលភាពនៃតំបន់ និងពិភពលោក។
លោកស្រី បានបន្ថែមទៀតថា"ឆ្នាំនេះជាខួបលើកទី ៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងកម្ពុជា និងជា"ឆ្នាំមិត្តភាពចិន-កម្ពុជា"។ ប្រទេសចិនទន្ទឹងរង់ចាំទទួលយកដំណើរទស្សនកិច្ចនេះ ក្នុងឱកាសមួយ ដើម្បីជំរុញការអភិវឌ្ឍ និងទទួលបានការរីកចម្រើនកាន់តែច្រើនក្នុងការកសាងសហគមន៍វាសនារួមចិន-កម្ពុជានិងបន្តទំនាក់ទំនងមិត្តភាពចិន-កម្ពុជាពីមួយជំនាន់ទៅមួយជំនាន់៕
អ្នកសារព័ត៌មាន ៖ វិន ស៊ីន វ៉ូ យឺ
អ្នកបកប្រែ ៖ Shen Yan