យូណាន និងកម្ពុជា ពង្រឹងការផ្លាស់ប្តូរវិស័យកីឡា និងវប្បធម៌
ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ គណៈប្រតិភូមន្ត្រីកីឡាកម្ពុជាចំនួន ៦ រូប បានទៅបំពេញទស្សនកិច្ចនៅខេត្តយូណាន និងបានទៅទស្សនាការហ្វឹកហាត់របស់ក្រុមកីឡាជម្រើសជាតិកម្ពុជានៅខេត្តយូណាន ហើយប្រទេសចិន និងកម្ពុជានឹងពង្រឹងការផ្លាស់ប្តូរវិស័យកីឡា និងវប្បធម៌បន្ថែមទៀត។
នៅខែកញ្ញា ឆ្នាំ ២០២២ មន្ទីរកីឡាខេត្តយូណានបានអនុវត្តគម្រោងបណ្តុះបណ្តាលក្រុមកីឡាជំនួយបច្ចេកទេសដល់កីឡាកម្ពុជាឆ្នាំ ២០២២ ហើយមានអត្តពលិកសរុបចំនួន ១១៣ នាក់របស់កម្ពុជាបានមកដល់ខេត្តយូណានក្នុងការបណ្តុះបណ្តាលលើប្រភេទកីឡាកាយសម្ព័ន្ធ ចំបាប់ យូដូ ប្រដាល់ជាដើម ។
គណៈប្រតិភូកីឡាកម្ពុជាបានទៅសួរសុខទុក្ខនៅមូលដ្ឋានហ្វឹកហ្វឺនកីឡាឆឹងកុងក្នុងខេត្តយូណាន ក្រុមការងារកីឡានៃខេត្តយូណាន និងមូលដ្ឋានហ្វឹកហ្វឺនកីឡាហៃកឹងក្រុងគុនមីង ហើយបានទៅសួរសុខទុក្ខសមាជិកនៃកីឡាប្រណាំងកង់ ផ្លូកីឡាកាយសម្ព័ន្ធ ចំបាប់ យូដូ ប្រដាល់ជាដើម។ គណៈប្រតិភូបានថ្លែងអំណរគុណចំពោះខេត្តយូណាន ដែលបានគាំទ្រ និងផ្តល់ជំនួយដល់កម្ពុជាលើវិស័យផ្សេងៗ ហើយក៏បានអញ្ជើញថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធក្នុងខេត្តយូណាន ឱ្យចូលរួមក្នុងការប្រកួតកីឡាសុីហ្គេមនៅកម្ពុជាផងដែរ។
ក្នុងប៉ុន្មានឆ្នាំនេះ មន្ទីរកីឡាខេត្តយូណានបានចូលរួមយ៉ាងសកម្មទៅក្នុងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" បង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម វប្បធម៌ ការអប់រំ និងការថែទាំវេជ្ជសាស្រ្ត ក៏ដូចជាការអនុវត្តទម្រង់ផ្សេងៗនៃសកម្មភាពផ្លាស់ប្តូរបរទេសប្រកបដោយប្រសិទ្ធភាពដែលជំរុញការផ្លាស់ប្តូរមិត្តភាពរវាងយូណាន និងប្រទេសជិតខាង។
នៅជំហានបន្ទាប់ មន្ទីរកីឡាខេត្តយូណាន នឹងចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយភាគីកម្ពុជាលើការបណ្តុះបណ្តាលអត្តពលិក គ្រូបង្វឹក និងអាជ្ញាកណ្តាល ក៏ដូចជាការផ្លាស់ប្តូរនៃវិស័យកីឡា និងវប្បធម៌៕