កសិផលកម្ពុជាកាន់តែច្រើនឡើងត្រូវបានដាក់លើតុបាយរបស់ជនជាតិចិន

2023-02-16 18:13:11
ប្រភព:កាសែតយូណានដេលី

នៅថ្ងៃទី១ខែមករា ឆ្នាំ២០២២«កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា បានចូលជាធរមានជាផ្លូវការ ហើយពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាឈានដល់កម្រិតថ្មីមួយ។  កសិផលគុណភាពខ្ពស់របស់កម្ពុជា មានដូចជាអង្ករ ផ្លែស្វាយស្រស់ ផ្លែមៀនស្រស់ ត្រីប្រាជាដើមបានចូលទីផ្សារចិនជាបន្តបន្ទាប់ ហើយត្រូវបានដាក់លើតុបាយរបស់ជនជាតិចិន។

នៅដើមខែកុម្ភៈ ក្នុងចំការស្វាយនៅខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា អ្នកទិញបានចតរថយន្តនៅសងខាងផ្លូវ ដើម្បីរង់ចាំការដឹកជញ្ជូនផ្លែស្វាយ។  អ្នកទទួលខុសត្រូវឈ្មោះ ឈិន ចំរើន កំពុងសម្របសម្រួលកម្មករចូលការងារជ្រើសរើស ថ្លឹង និងវេចខ្ចប់។ លោកស្រីបានណែនាំថា ផ្លែស្វាយស្រស់ទាំងនេះ នឹងត្រូវដឹកជញ្ជូនទៅកាន់រោងចក្រ ដើម្បីលាងសម្អាត ពិនិត្យ និងវេចខ្ចប់ បន្ទាប់មកនឹងត្រូវដឹកជញ្ជូនយ៉ាងលឿនតាមខ្សែសង្វាក់ត្រជាក់ ហើយលក់ទៅកាន់ប្រទេសចិន។  ដោយក្រឡេកមើលផ្លែស្វាយដែលផ្ទុកក្នុងរថយន្តនោះ លោកស្រី ឈិន ចំរើនក៏ទន្ទឹងរង់ចាំការបន្តពង្រីកទំហំអាជីវកម្មនៅក្នុងប្រទេសចិនផងដែរ។

ក្រុមហ៊ុន HunTy Co.,Ltd(ហៅកាត់ថាក្រុមហ៊ុន HunTy) គឺជាក្រុមសហគ្រាសដំបូងដែលត្រូវបានអនុម័តឱ្យនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។ ចាប់តាំងពីឆ្នាំមុនមក ក្រុមហ៊ុន HunTyបានទទួលការបញ្ជាទិញយ៉ាងច្រើន ដោយបាននាំចេញផ្លែមៀនស្រស់ចំនួន ៦០កុងតឺន័រទៅកាន់ប្រទេសចិនជារៀងរាល់ខែ ហើយភាគច្រើនទៅកាន់ខេត្តក្វាងតុង សៀងហៃ និងខេត្តក្រុងដទៃទៀតនៃប្រទេសចិន។ មិនតែប៉ុណ្ណោះ ក្រៅពីផ្លែមៀន ក្រុមហ៊ុនHunTyក៏ទទួលបានគុណវុឌ្ឍិក្នុងការនាំចេញផ្លែចេក ផ្លែស្វាយ និងវារីវប្បកម្មរបស់កម្ពុជារួមមាន ត្រីប្រា បង្គា អន្ទង់ ត្រីរស់ និងខ្យងទៅកាន់ប្រទេសចិន។  លោកស្រី យ៉ាង លីង អគ្គនិយកក្រុមហ៊ុនដែលពោរពេញដោយក្តីរំពឹងអំពីការនាំចេញកសិផលពីកម្ពុជាទៅកាន់ប្រទេសចិន និងបានប្រាប់អ្នកកាសែតថា "ខ្ញុំជឿជាក់ថា នៅពេលអនាគត កសិផលគុណភាពខ្ពស់របស់កម្ពុជាកាន់តែច្រើននឹងចូលក្នុងទីផ្សារប្រទេសចិន និងធ្វើឱ្យម្ហូបរបស់អតិថិជនចិនកាន់តែសម្បូរបែប។ "

លោកស្រី យ៉ាង លីង បានបន្តណែនាំថា នៅជំហានបន្ទាប់ ការអភិវឌ្ឍរបស់ក្រុមហ៊ុននឹងផ្តោតលើការសាងសង់គម្រោងសួនកសិឧស្សាហកម្មជាតិកម្ពុជា។  បន្ទាប់ពីដំណើរការ សួននេះនឹងក្លាយជាសួនកសិឧស្សាហកម្មដែលមានភាពទូទៅមួយក្នុងតំបន់ពាណិជ្ជកម្មសេរីដោយយកកសិផលជាស្នូល និងមានកសិផលកែច្នៃយ៉ាងស៊ីជម្រៅ ពាណិជ្ជកម្មនាំចេញ និងនាំចូល ឃ្លាំងស្តុក និង ខ្សែសង្វាក់ត្រជាក់ ពាណិជ្ជកម្មអេឡិចត្រូនិក ការធ្វើតេស្តអាហារជាដើម។ លោកស្រី យ៉ាងលីង បានបន្តទៀតថា “ការអភិវឌ្ឍវិស័យកសិកម្មនៃប្រទេសកម្ពុជាមានសក្តានុពលខ្លាំង ហើយខ្ញុំសង្ឃឹមថា មាន​សហគ្រាសកាន់តែច្រើនទៀត រួមទាំងសហគ្រាសមកពីខេត្តយូណាននៃប្រទេសចិន មកចូលរួមយើង ដើម្បីកែលម្អខ្សែសង្វាក់ឧស្សាហកម្ម៕”

អ្នកសារព័ត៌មាន ៖ Han Chengyuan  Shen Yan   Li Zha

អ្នកបកប្រែ ៖ Shen Yan

កសិផលកម្ពុជាកាន់តែច្រើនឡើងត្រូវបានដាក់លើតុបាយរបស់ជនជាតិចិន