តើជំនួយឬកម្ចីរបស់ចិនជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះឬជាអន្ទាក់បំណុល ?

2023-02-21 17:41:48
ប្រភព:CRI

«ជំនួយឬកម្ចីរបស់ប្រទេសចិនជាអន្ទាក់បំណុល» នេះជាការវាយតម្លៃរបស់ប្រទេសលោកខាងលិចមួយចំនួនចំពោះការផ្តល់ជំនួយឬកម្ចីឥណទានរបស់ប្រទេសចិនចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសមានការអភិវឌ្ឍតិចតួច ព្រមទាំងបានព្រមានប្រទេសដែលទទួលបានជំនួយឬកម្ចីពីចិនឱ្យមានការ«ប្រុងប្រយ័ត្ន» ។ តើនេះជាការវាយតម្លៃប្រកបដោយសត្យានុម័តនិងមានវិចារណញ្ញាណឬជាការវាយតម្លៃបែបអគតិ ?

ដូចដែលយើងដឹងស្រាប់ហើយថា មុនពេលដែលក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី ២ លើពិភពលោក ប្រទេសចិនបានឆ្លងកាត់ដំណាក់កាលដ៏លំបាកដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន និងសម្បូរសប្បាយ ។ អាស្រ័យហេតុនេះ ប្រទេសចិនបានយល់ដឹងយ៉ាងច្បាស់ពីទុក្ខលំបាករបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា ពិសេសប្រទេសដែលមានចំណងមិត្តភាពប្រពៃណីជាមួយចិន ពោលគឺប្រទេសចិនតែងផ្តល់ជំនួយទៅតាមលទ្ធភាព ។

ជាក់ស្តែង សមិទ្ធផលជាច្រើនបានលេចចេញជារូបរាងជាបន្តបន្ទាប់នៅប្រទេសដែលទទួលបានជំនួយ,កម្ចីឬការបណ្តាក់ទុនពីប្រទេសចិន ។ ជាពិសេសបន្ទាប់ពីប្រទេសចិនដាក់ចេញគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» ដែលជាផលិតផលសាធារណៈដើម្បីសម្រេចការអភិវឌ្ឍនិងវិបុលភាពរួម ដែលផ្សារភ្ជាប់ដោយស៊ីចង្វាក់គ្នាជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសជាមិត្ត ការផ្តល់ជំនួយរបស់ចិនសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសមានការអភិវឌ្ឍតិចតួចមានការកើនឡើងជាបន្តបន្ទាប់ ។

គិតត្រឹមខែធ្នូឆ្នាំ ២០២២ គម្រោង«តភ្ជាប់ភូមិមួយម៉ឺន»  ( ភ្ជាប់សេវាទូរទស្សន៍ឌីជីថលផ្កាយរណបដល់ក្នុងភូមិ ) របស់ទ្វីបអាហ្វ្រិកក្រោមជំនួយរបស់ប្រទេសចិនបានសម្រេចការកសាងនៅប្រទេសអាហ្វ្រិកចំនួន ២១ ដែលគ្របដណ្តប់ភូមិចំនួន ៩២១២ នៅទ្វីបអាហ្វ្រិក នាំមកនូវផលប្រយោជន៍ផ្ទាល់ដល់ប្រជាជនលើសពី ១០ លាននាក់ ។ ក្រៅពីនេះ ផ្លូវដែកចិន-ឡាវ , ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង ដែលសាងសង់ដោយក្រុមហ៊ុនចិនបានដាក់ឱ្យប្រើប្រាស់ដែលនាំមកនូវផលប្រយោជន៍យ៉ាងច្រើនសន្ធឹកដល់ប្រទេសពាក់ព័ន្ធនិងក្នុងតំបន់ ។

ហេតុអ្វីបានជាជំនួយឬកម្ចីរបស់ចិនទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីប្រទេសដែលទទួលបានជំនួយ ? ជាបឋមយើងមកឈ្វេងយល់ពីគោលនយោបាយផ្តល់ជំនួយដល់បរទេសរបស់ចិន ៖

-ប្រកាន់ខ្ជាប់ការជួយប្រទេសទទួលជំនួយឱ្យលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ដោយម្ចាស់ការ ។

-ប្រកាន់ខ្ជាប់ការមិនអមលក្ខខណ្ឌនយោបាយណាមួយទាំងអស់ ។

-ប្រកាន់ខ្ជាប់សមភាពនិងផ្តល់ប្រយោជន៍ទៅវិញទៅមក រួមគ្នាអភិវឌ្ឍ ។

-ប្រកាន់ខ្ជាប់ការផ្តល់ជំនួយទៅតាមលទ្ធភាព និងអស់ពីលទ្ធភាព ។

-ប្រកាន់ខ្ជាប់ការអភិវឌ្ឍតាមយុគសម័យ ធ្វើកំណែទម្រង់និងច្នៃប្រឌិតថ្មី ។

តាមគោលនយោបាយខាងលើយើងឃើញថា ទោះបីជាខ្លួនជាម្ចាស់ជំនួយឬម្ចាស់បំណុលក្តី ក៏ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយផ្តល់ផលប្រយោជន៍ទៅវិញទៅមក តែមិនមែនលើកតម្កើងខ្លួនឱ្យខ្ពស់ជាងប្រទេសដែលទទួលជំនួយនោះទេ ។ អាស្រ័យហេតុនេះ ប្រទេសភាគច្រើនដាច់ខាតលើពិភពលោកសុទ្ធតែរីករាយក្នុងការធ្វើជាដៃគូសហប្រតិបត្តិការជាមួយចិនដើម្បីទទួលបានផលប្រយោជន៍រួម ។

អ្វីដែលគួរឱ្យហួសចិត្តនោះគឺអ្នកដែលលើកឡើងពីអន្ទាក់បំណុលចិនមិនដែលឃើញមានបង្ហាញពីភស្តុតាងអ្វីនោះទេ ពោលគឺអាងតែមានមាត់ចេះតែស្រែកក្តែងៗតែប៉ុណ្ណោះ ។ អ្វីដែលផ្ទុយពីការលើកឡើងនូវទ្រឹស្តី«អន្ទាក់បំណុល» គឺគេមើលឃើញជាក់នឹងភ្នែកថា តាំងពីដើមមក គ្មានប្រទេសណាដែលទទួលបានជំនួយឬកម្ចីពីចិនចេញមកនិយាយថាបានជំពាក់បំណុលចិនវណ្ឌកហើយត្រូវចិនគំរាមកំហែងឬគាបសង្កត់អ្វីនោះទេ មានតែការបង្ហាញពីបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយចិនថែមទៀត ។ ពីព្រោះថាជំនួយឬឥណទានពីចិនបានកកើតទៅជាសមិទ្ធផលផ្សេងៗដែលរួមចំណែកមិនអាចខ្វះបានចំពោះការអភិវឌ្ឍនៃប្រទេសពាក់ព័ន្ធ ។

ក្នុងនោះ កម្ពុជាដែលជា«មិត្តដែកថែប»របស់ចិនបានទទួលជំនួយឬកម្ចីពីចិនយ៉ាងច្រើន ដែលទាំងជំនួយ , កម្ចីឬទុនវិនិយោគទាំងឡាយបានរំលេចជារូបរាងហេដ្ឋារចនាសម្ព័ន្ធនិងសំណង់អគារជាច្រើនមានដូចជាស្ពាន ផ្លូវថ្នល់ និងមន្ទីរពេទ្យជាដើម ពិសេសពហុកីឡដ្ឋានជាតិមរតកតេជោ និងផ្លូវល្បឿនលឿនទីមួយនៅកម្ពុជាដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនជូនប្រជាពលរដ្ឋកម្ពុជា ។ តែប្រទេសមួយចំនួនឬអ្នកវិភាគមួយចំនួនបែរជាធ្វើខ្វាក់ធ្វើថ្លង់ ពោលមើលមិនឃើញស្តាប់មិនឮពីសមិទ្ធផលទាំងនេះទេ ដោយទទូចចាត់ទុកជំនួយឬកម្ចីរបស់ចិនជាការ«ដាក់អន្ទាក់បំណុល»ទៅវិញ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាតែងលើកឡើងថា «បើមិនឱ្យខ្ញុំពឹងចិន តើទៅពឹងនរណា ? អ្នកដែលចោទកម្ពុជាថាបានជាប់អន្ទាក់បំណុលចិន តើបានជួយកម្ពុជាកសាងសមិទ្ធផលអ្វីខ្លះ ? » ជាក់ស្តែង អ្នកនិយាយចោទប្រកាន់ទាំងនេះមិនដែលប្រើក្រសែភ្នែកសត្យានុម័តដើម្បីមើលពីទំនាក់ទំនងរវាងកម្ពុជានិងចិន ក៏ដូចជាសមិទ្ធផលដែលកម្ពុជាទទួលបាននោះទេ ហើយអ្វីដែលជាការ«ព្រួយបារម្ភ»របស់ពួកគេ ក៏មិនមែនជាការខ្វល់ពីការអភិវឌ្ឍរបស់កម្ពុជាដោយសុទ្ធចិត្តនោះដែរ ពោលគឺដើម្បីកេងចំណេញខាងនយោបាយតែប៉ុណ្ណោះ ។

អ្វីដែលគួរបញ្ជាក់គឺថា មិនមែនជាលើកទីមួយទេដែលប្រទេសចិនបានបង្វែរកម្ចីទៅជាជំនួយ ពោលគឺមិនត្រឹមតែមិនទារបំណុលពីប្រទេសជាកូនបំណុលនោះទេ ថែមទាំងបានបន្ថែមជំនួយឬការបណ្តាក់ទុនទៀតផង ។ គោលដៅធំនៃនយោបាយការទូតរបស់ប្រទេសចិនគឺការផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ និងរួមរស់នៅដោយសុខដុមរមនា ពិសេសសម្រេចការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។ ឯការអនុវត្តជាក់ស្តែងរបស់ប្រទេសចិននាពេលកន្លងមកក៏បានបញ្ជាក់ពីការនិយាយយកជាការបានរបស់ចិនផងដែរ ។ ជារួម អ្នកដែលនិយាយលាបពណ៌រឿង«អន្ទាក់បំណុលចិន» វាបានត្រឹមតែជារឿងកំប្លែងមួយដ៏គួរឱ្យអស់សំណើចរបស់ពួកដើរតួត្លុកតែប៉ុណ្ណោះ ៕

(អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)

តើជំនួយឬកម្ចីរបស់ចិនជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះឬជាអន្ទាក់បំណុល ?