សហគមន៍អន្ដរជាតិមានសិទ្ធិទាមទារការស៊ើបអង្កេតឱ្យបានហ្មត់ចចំពោះការបំផ្ទុះបំពង់បង្ហូរឧស្ម័ន “Nord Stream”

2023-02-24 18:12:08
ប្រភព:កាសែតប្រជាជនដេលី

នៅថ្ងៃទី២០  លោក វ៉ាង វិនពីន អ្នកនាំពាក្យនៃក្រសួងការបរទេសចិន ​បានចង្អុលបង្ហាញថា ការបំផ្ទុះបំពង់បង្ហូរឧស្ម័ន “Nord Stream”បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារថាមពលពិភពលោក និងបរិស្ថានអេកូឡូស៊ីសកល។  ដោយមើលឃើញពីភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មនៃការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធឆ្លងដែនអន្តរជាតិសំខាន់ៗ និងផលវិបាកធ្ងន់ធ្ងរដែលវាបានបង្កឡើង សហគមន៍អន្តរជាតិមានសិទ្ធិទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់។

នៅក្នុងសន្និសីទសារព័ត៌មានធម្មតានៅថ្ងៃដដែល អ្នកយកព័ត៌មានម្នាក់បានសួរថា៖ បន្ទាប់ពីអ្នកកាសែតស៊ើបអង្កេតជនជាតិអាមេរិក Seymour Hersh ដែលបានបង្ហាញព័ត៌មានលម្អិត អំពីការផ្ទុះ ថ្មីៗនេះមានការផ្សព្វផ្សាយ និងការកត់សម្គាល់បន្ថែមទៀតដើម្បីគាំទ្រសេចក្តីថ្លែងការណ៍របស់ Seymour Hersh។ អ៊ីមែ៉លពីប្រភពយោធាអាមេរិកអនាមិក ដែលទទួលបានដោយអ្នកកាសែតអាមេរិក John Duganបានចង្អុលបង្ហាញថា ក្នុងអំឡុងសមយុទ្ធ Baltops-2022សមយុទ្ធយោធារបស់អង្គការណាតូ ដែលបានធ្វើឡើងនៅប្រទេសដាណឺម៉ាក កាលពីខែមិថុនាឆ្នាំមុន អ្នកមុជទឹកនៅសមុទ្រជ្រៅរបស់សហរដ្ឋអាមេរិក “បានបាត់ខ្លួននៅក្រោមទឹកអស់រយៈពេលជាង ៦ ម៉ោង” ជាមួយនឹងប្រអប់មួយ ដែលសង្ស័យថា ជាប្រអប់គ្រឿងផ្ទុះ។ សាស្ត្រាចារ្យ Jeffrey Sachs នៃសកលវិទ្យាល័យ Columbia ក៏បានឲ្យដឹងផងដែរថា សហរដ្ឋអាមេរិក “ជាប្រទេសតែមួយគត់ ដែលមានការជំរុញមធ្យោបាយ” ដើម្បីបញ្ចប់ Nord Stream ។ អតីតទីប្រឹក្សាក្រសួងការពារជាតិបារាំង លោក Alain Corvez បានឲ្យដឹងផងដែរថា តាមទស្សនៈនយោបាយ និងសេដ្ឋកិច្ច សហរដ្ឋអាមេរិក គឺជាអ្នកទទួលផលដ៏សំខាន់នៃឧប្បត្តិហេតុនេះ។ តើលោកអ្នកនាំពាក្យវាយតម្លៃយ៉ាងដូចម្ត៉េច?

លោក វ៉ាង វិនពីន បានតបឆ្លើយថា បំពង់បង្ហូរឧស្ម័ន “Nord Stream”ធ្លាប់ត្រូវបានគេប្រសិទ្ធនាមថាជាខ្សែជីវិតនៃថាមពលអឺរ៉ុប ហើយការផ្ទុះរបស់វាបានជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារថាមពលពិភពលោក និងបរិស្ថានអេកូឡូស៊ីពិភពលោក ហើយធ្លាប់បានធ្វើឱ្យអឺរ៉ុបធ្លាក់ក្នុងភាពស្លន់ស្លោក្នុងរដូវរងា។  វាចាំបាច់ដើម្បីអនុវត្តការស៊ើបអង្កេតប្រកបដោយគោលបំណង មិនលំអៀង និងប្រកបដោយវិជ្ជាជីវៈលើបញ្ហានេះ។

លោកបានបន្តទៀតថា"ប៉ុន្តែ អ្វីដែលគួរឱ្យឆ្ងល់នោះគឺថា មន្ត្រីសហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយបានរក្សាភាពស្ងៀមស្ងាត់ខុសធម្មតា ហើយបណ្តាប្រទេសនៅអឺរ៉ុបដែលពាក់ព័ន្ធហាក់ដូចជាមានការព្រួយបារម្ភច្រើន។ សកម្មភាពមិនប្រក្រតីទាំងអស់នេះធ្វើឱ្យមនុស្សជឿថា ការបំផ្ទុះបំពង់បង្ហូរឧស្ម័ន “Nord Stream”គឺស្មុគស្មាញខ្លាំងណាស់"។ លោកបាននិយាយថា ដោយមើលឃើញពីភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មនៃការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធឆ្លងដែនអន្តរជាតិសំខាន់ៗ និងផលវិបាកធ្ងន់ធ្ងរដែលវាបង្កឡើង សហគមន៍អន្តរជាតិមានសិទ្ធិទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់។

អ្នកសារព័ត៌មាន ៖ឆាវ សៀយួន

អ្នកបកប្រែ ៖ Shen Yan

សហគមន៍អន្ដរជាតិមានសិទ្ធិទាមទារការស៊ើបអង្កេតឱ្យបានហ្មត់ចចំពោះការបំផ្ទុះបំពង់បង្ហូរឧស្ម័ន “Nord Stream”