បទវិភាគ៖ការធ្វើទំនើបកម្មតាមបែបផែនចិនផ្តល់ឱកាសសហប្រតិបត្តិការថ្មីដល់ពិពភលោក
មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនឆ្នាំនេះ គឺជាមហាសន្និបាតនៃសភាទាំងពីរលើកទីមួយដែលបានធ្វើឡើងបន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី២០ បញ្ហាដែលថាតើប្រទេសចិនត្រូវជំរុញដំណើរធ្វើទំនើបកម្មតាមបែបផែនចិនយ៉ាងដូចម្តេច ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ។ របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំ២០២៣ ដែលរដ្ឋាភិបាលចិនបានដាក់ជូនពិនិត្យពិភាក្សានៅមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនដែលជាស្ថាប័នអំណាចកំពូលរបស់ប្រទេសចិននៅថ្ងៃទី៥ខែមីនា បានសង្កត់ធ្ងន់ថា និងប្រកាន់ខ្ជាប់នូវនីតិវិធីការងារទូទៅដែលទទួលបានការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ ជំរុញដំណើរការសេដ្ឋកិច្ចឱ្យមានភាពល្អឡើងវិញជាទូទៅ ដើម្បីសម្រេចបាននូវការលើកកម្ពស់គុណភាពប្រកបដោយប្រសិទ្ធិភាពនិងកំណើនខាងបរិមាណដោយសមហេតុផល។
ការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់គឺជាតម្រូវការគន្លឹះមួយក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ GDPរបស់ប្រទេសចិនបានកើនឡើងដល់១២១ទី្រលានយាន់ប្រាក់ចិន គិតជាមធ្យមក្នុងមួយឆ្នាំបានកើនឡើង៥.២ភាគរយ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ បានកើនឡើងជិត៧០ទ្រីលានយាន់ប្រាក់ចិន ហើយអត្រាកំណើនប្រចាំឆ្នាំជាមធ្យមគឺ៦.២ភាគរយ ដែលសម្រេចបាននូវកំណើនដោយល្បឿនមធ្យមនិងខ្ពស់ ហើយឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ នៅឆ្នាំ២០២២ ដោយសាររងផលប៉ះពាល់ពីកត្តាដែលលើសពីការប៉ាន់ប្រមាណជាច្រើនទាំងក្នុងនិងក្រៅប្រទេស ការដែលសេដ្ឋកិច្ចប្រទេសចិនសម្រេចបាននូវគោលដៅកំណើនចំនួន៣ភាគរយ គឺពិបាកខ្លាំងណាស់ ដែលបានបង្ហាញឱ្យឃើញនូវភាពធន់ដ៏រឹងមាំនិងសក្តានុពលយ៉ាងខ្លាំង។
ឆ្នាំនេះ ប្រទេសចិនបានកំណត់គោលដៅនៃកំណើនGDPតាមការប៉ាន់ប្រមាណ គឺប្រហែល៥ភាគរយ គឺបានគិតពិចារណាយ៉ាងពេញលេញនូវស្ថានការណ៍ទាំងក្នុងនិងក្រៅប្រទេសដែលការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសចិនបាននិងកំពុងប្រឈមមុខ វាសមស្របនឹងតម្រូវការរបស់ប្រទេសចិនក្នុងការជំរុញយ៉ាងប្រាកដប្រជានូវដំណើរធ្វើទំនើបកម្មតាមបែបផែនចិន ដែលមានអំណោយផលដល់ការជួយរក្សាស្ថិរភាពនៃការរំពឹងទុកនិងពង្រឹងជំនឿចិត្ត។
ពេលថ្មីៗនេះ ស្ថាប័នអន្តរជាតិជាច្រើនបាននាំគ្នាដំឡើងការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចប្រទេសចិនក្នុងឆ្នាំ២០២៣។ ឧត្តមមន្ត្រីនៃក្រុមហ៊ុនពហុជាតិជាច្រើន ដូចជាក្រុមហ៊ុនVolkswagen Apple Mercedes-Benz និងPfizer ជាដើម បានឬមានផែនការមកប្រទេសចិនដើម្បីពិភាក្សាលើការវិនិយោគ។
ក្រៅពីការប៉ាន់ប្រមាណអំពីកំណើនសេដ្ឋកិច្ច គោលដៅនៃការអភិវឌ្ឍសំខាន់ៗតាមការប៉ាន់ប្រមាណដែលបានលើកឡើងក្នុងរបាយការណ៍ ក៏រួមមានទាំង៖ ឱកាសការងារថ្មីនៅតាមទីក្រុងនិងជនបទមានប្រហែល១២លាននាក់ អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជីស្ថិតិប្រហែល៥.៥ភាគរយ កម្រិតឡើងថ្លៃនៃទំនិញប្រើប្រាស់របស់ប្រជាជនប្រហែល៣ភាគរយ បរិមាណចំណាយថាមពលនៃផលិតផលក្នុងស្រុកសរុបគិជាឯកតា និងបរិមាណបញ្ចេញសារធាតុបំពុលសខំាន់ៗបន្តធ្លាក់ចុះជាដើម។ វាអាចមើលឃើញថា ការកំណត់គោលដៅទាំងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិនក្នុងការ"លំនឹងកំណើន លំនឹងការងារនិងលំនឹងតម្លៃទំនិញ" ព្រមនិងការយកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាពនៃការអភិវឌ្ឍ។
ព្រមពេលជាមួយគ្នានេះ របាយការណ៍ការងាររដ្ឋាភិបាលបានបញ្ចេញនូវព័ត៌មានស្តីពីការពង្រីកការបើកចំហថែមមួយកម្រិតទៀត ដែលនឹងជំរុញជំនឿចិត្តរបស់អ្នកវិនិយោគបរទេសក្នុងការធ្វើអាជីវកម្មយ៉ាងយូរនៅចិនដើម្បីពូនជ្រំទីផ្សារប្រទេសចិន។ "បង្កើនកម្លាំងបើកចំហខាងវិស័យសេវាកម្មទំនើប" "អនុវត្តឱ្យបានល្អនូវការផ្តល់ភាពអនុគ្រោះដូចគ្នានឹងជនជាតិចិនដល់សហគ្រាសទុនបរទេស" "ពង្រីកការបើកចំហប្រព័ន្ធរបបប្រកបដោយភាពនឹងនរ"។ល។ វិធានការមួយចំនួនដែលបានលើកឡើងក្នុងរបាយការណ៍ នឹងផ្តល់ចន្លោះអភិវឌ្ឍន៍កាន់តែទូលំទូលាយនិងកាន់តែគួរឱ្យទុកចិត្តសម្រាប់ការវិនិយោគនៅប្រទេសចិនរបស់ទុនបរទេស។
បច្ចុប្បន្ននេះ ភាពមិនប្រាកដប្រជាក្នុងបរិយាកាសខាងក្រៅកំពុងកើនឡើង ហើយមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចក្នុងស្រុកដែលប្រកបដោយស្ថិរភាពនិងស្វែករកការរីកចម្រើននៅត្រូវពង្រឹងថែមទៀត ការដែលប្រទេសចិនជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក៏ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើនផងដែរ។ និន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរ មិនកែប្រែទេ ប្រជាជនចិនមានជំនឿចិត្ត ដើម្បីទទួលបានសមិទ្ធផលល្អនៅពេលអនាគតតាមរយៈការងារជាក់ស្តែង ក៏ដូចជាសម្រេចបាននូវការឈ្នះ-ឈ្នះជាមួយពិភពលោក៕