អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ការរឹតត្បិតនិងគាបសង្កត់មិនអាចរារាំងការអភិវឌ្ឍនៃប្រទេសចិនទេ
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិននាថ្ងៃទី ៦ ខែមីនា មានអ្នកសារព័ត៌មានសួរថា ពួកយើងសង្កេតឃើញថា នៅពេលទទួលបទសម្ភាសន៍ លោកBill Gates សហគ្រិនអាមេរិកបានថ្លែងថា ការព្យាយាមរបស់សហរដ្ឋអាមេរិកដែលប៉ុនប៉ងរារាំងការស្រាវជ្រាវផលិតបន្ទះឈីបរបស់ប្រទេសចិនគឺជារឿងអសារឥតប្រយោជន៍ វាបានត្រឹមតែកាត់បន្ថយឱកាសការងារនិងកាត់ផ្ដាច់ទីផ្សារផលិតផលរបស់អាមេរិកតែប៉ុណ្ណោះ ។ តើភាគីចិនមានការវាយតម្លៃយ៉ាងដូចម្តេចចំពោះការលើកឡើងបែបនេះ ?
លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ជានិច្ចកាល ការអភិវឌ្ឍនៃប្រទេសចិនតែងតែឈរលើមូលដ្ឋាននៃកម្លាំងផ្ទាល់ខ្លួន ការរឹតត្បិតនិងគាបសង្កត់មិនអាចរារាំងការអភិវឌ្ឍនៃប្រទេសចិនទេ វាបានត្រឹមតែបង្កើនការប្តេជ្ញាចិត្តនិងសមត្ថភាពរបស់ចិនដែលពឹងលើខ្លួនឯងដើម្បីច្នៃប្រៃឌិតថ្មីខាងបច្ចេកវិទ្យាតែប៉ុណ្ណោះ ។
លោកស្រីMao Ning ថ្លែងបន្តថា បើសហរដ្ឋអាមេរិកចង់រក្សាឋានៈឈានមុខលើសកលលោកក្នុងមុខរបរបច្ចេកវិទ្យាខ្ពស់ គន្លឹះសមខាន់គឺនៅត្រង់ការប្រកួតប្រជែងគ្នាដោយយុត្តិធម៌ មិនអាចប្រើឧបាយកលគ្រប់បែបយ៉ាងដើម្បីគាំពារអនុត្តរភាពខាងបច្ចេកវិទ្យា មិនអាចរឹបអូសសិទ្ធិអភិវឌ្ឍន៍របស់ប្រទេសដទៃ ហើយមិនអាចបំផ្លាញខ្សែសង្វាក់ផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ដែលវានឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែផុយស្រួយនោះឡើយ ៕