បទវិភាគ៖ចំណុចគន្លឹះក្នុងអភិបាលកិច្ចជាតិ គឺធ្វើឱ្យប្រជាជនមានជីវភាពរស់នៅធូរធារ

2023-03-07 15:13:31
ប្រភព:CRI

ខែមីនា ប្រជាជនចិនបានអបអរទទួលព្រឹតិ្តការណ៍ធំមួយក្នុងជីវភាពនយោបាយរបស់បក្សនិងរដ្ឋ ពោលគឺមហាសន្និបាតសភាទាំងពីរបានប្រារព្ធធ្វើ ។ ឆ្នាំនេះ ជាឆ្នាំទីមួយដែលប្រទេសចិនចាប់ផ្តើមអនុវត្តស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដោយគ្រប់ជ្រុងជ្រោយ ហើយក៏ជាឆ្នាំផ្លាស់ប្តូរអាណត្តិរបស់ស្ថាប័នរដ្ឋនិងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនផងដែរ ដូច្នេះគឺមានសារសំខាន់ណាស់ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយ  ។

សហគមន៍អន្តរជាតិយកចិត្តទុកដាក់ខ្ពស់ចំពោះមហាសន្និបាតសភាទាំងពីរនៃប្រទេសចិនក្នុងឆ្នាំនេះ ដោយសម្គាល់ឃើញជាទូទៅថា មហាសន្និបាតសភាទាំងពីររបស់ចិនក្នុងឆ្នាំនេះមានសារសំខាន់ណាស់ បច្ចុប្បន្ន ការងារសំខាន់របស់ចិន គឺអភិវឌ្ឍសេដ្ឋកិច្ចនិងជំរុញកំណើន ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ប្រទេសចិនជាកម្លាំងចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសកល  កំណើនសេដ្ឋកិច្ចចិនប្រកបដោយភាពនឹងនរក្នុងរយៈពេលយូរមានអំណោយផលដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនក៏នឹងជំរុញការអភិវឌ្ឍរួម និងវិបុលភាពរួមនៅលើពិភពលោកទាំងមូលផងដែរ ។

លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ ដែលមហាសន្និបាតសភាទាំងពីរនៃប្រទេសចិនបានកំណត់ បានក្រាលផ្លូវសម្រាប់ឱ្យប្រទេសចិនសម្រេចបាននូវគោលដៅកំណើនខាងសេដ្ឋកិច្ច បន្ទាប់ពីអនុវត្តគោលនយោបាយថ្មីសម្រាប់គ្រប់គ្រងនិងបង្ការជំងឺកូវីដ១៩ ប្រការនេះមិនត្រឹមតែមានអំណោយផលដល់ការអភិវឌ្ឍរបស់ចិនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ការអភិវឌ្ឍជាសកលទៀតផង ។

ឥស្សរជនអន្តរជាតិយល់ឃើញជាទូទៅថា  គោលណែនាំផ្នែកនយោបាយដែលតាក់តែងដោយមហាសន្និបាតសភាទាំងពីររបស់ចិនក្នុងឆ្នាំនេះ នឹងជំរុញឱ្យប្រទេសចិនឆ្ពោះទៅកាន់ “ផ្លូវល្បឿនលឿន” ក្នុងដំណាក់កាលអភិវឌ្ឍន៍បន្ទាប់។ តើប្រទេសចិននឹងដឹកនាំប្រជាជនចំនួន១ពាន់៤រយលាននាក់ឆ្ពោះទៅកាន់ផ្លូវប្រកបដោយភាពសម្បូរសម្បាយនិងវិបុលភាពយ៉ាងដូចម៉្តេច ?

ចំណុចគន្លឹះក្នុងអភិបាលកិច្ចជាតិ គឺធ្វើឱ្យប្រជាជនមានជីវភាពរស់នៅធូរធារ ។ បច្ចុប្បន្ននេះ ប្រទេសចិនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់បង្គួរនៅលើពិភពលោក បើប្រៀបធៀបនឹងប្រទេសអភិវឌ្ឍន៍  GDPនិងប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៅតែមានគម្លាតយ៉ាងខ្លាំងបង្គួរ ។ ការអភិវឌ្ឍដោយអតុល្យភាពនិងមិនពេញលេញ ជាបញ្ហាគន្លឹះដែលរារាំងដល់ប្រទេសចិនក្នុងការជំរុញកិច្ចកសាងប្រទេសទំនើបដ៏ខ្លាំងក្លា ។

 របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំនេះ បានលើកឡើងនូវគោលដៅសំខាន់ៗនៃការអភិវឌ្ឍរបស់ចិនក្នុងឆ្នាំនេះ ពោលគឺ៖ ផលិតផលក្នុងស្រុកសរុបក្នុងពេញមួយឆ្នាំបានកើនឡើងប្រហែល៥ភាគរយ កម្រិតឡើងថ្លៃនៃទំនិញប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនគឺប្រហែល៣ភាគរយ ឱកាសការងារថ្មីនៅតាមទីក្រុងនិងជនបទ មានចំនួន១២លាននាក់អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជី ប្រហែល៥,៥ភាគរយ   បរិមាណផលិតផលស្បៀងមានចំនួន៦សែន ៥ ម៉ឺនលានគីឡូក្រាម ។ល។ គោលដៅជាតួលេខមួយចំនួននេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថែមមួយកម្រិតទៀតនូវទិសដៅនិងកម្លាំងរបស់ការងាររដ្ឋាភិបាលចិនក្នុងឆ្នាំនេះ ។

ព្រមពេលជាមួយគ្នានេះ ក្នុងឆ្នាំនេះ ភារកិច្ចសំខាន់របស់ចិនក្នុងការធានាជីវភាពរស់នៅរបស់ប្រជាជនជាមូលដ្ឋាន និងអភិវឌ្ឍបុព្វហេតុសង្គមគឺ ដោះស្រាយឱ្យបានល្អនូវបញ្ហាផ្ទះស្នាក់នៅ ការលើកកម្ពស់គុណភាពអប់រំ ការបង្កើតរចនាសម័្ពន្ធនៃប្រភពធនធានព្យាបាលរោគ ការធានាជីវភាពមនុស្សចាស់ជរា ការផ្តល់ការគាំទ្រយ៉ាងពេលលេញចំពោះការបង្កកំណើត  ។ល។ ទាក់ទិននឹងវិស័យទាំងនេះ ដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយជីវភាពរស់នៅរបស់ប្រជាជន ប្រជាជនមានក្តីរំពឹងទុកយ៉ាងខ្លាំងថា នឹងដាក់ចេញនិងអនុវត្តគោលនយោបាយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកាន់តែច្រើនក្នុងពេលឆាប់ៗ ។

ពិនិត្យមើលរបាយការណ៍ការងាររដ្ឋាភិបាល ប្រជាជនបានឃើញដល់ជំនឿចិត្តអភិវឌ្ឍន៍របស់ចិន ។ ដូចប្រសាសន៍របស់លោក Shakeel Ramay ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីប្រទេសចិន នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវគោលនយោបាយអភិវឌ្ឍជានិរន្តរភាពរបស់ប្រទេសប៉ាគីស្ថាន ដែលបានលើកឡើងថា ការជំរុញភាពសម្បូរសប្បាយរួម នឹងបង្កើតឱកាសមានភាពធូរធារដល់មនុស្សកាន់តែច្រើន រាល់កិច្ចខិតខំប្រឹងប្រែងសុទ្ធតែនឹងទទួលបានផល ដូច្នេះនឹងបំផុសថែមមួយកម្រិតទៀតនូវសមត្ថភាពផលិតកម្មនិងការច្នៃប្រឌិតក្នុងសង្គមចិន ។

បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កបង្កើតជាគំនិត ប្រព័ន្ធរបប គោលនយោបាយនិងវិធានការមួយឈុតដែលអាចជំរុញឱ្យប្រជាជនគ្រប់រូបមានភាពសម្បូរសប្បាយរួម ហើយមានជំនឿចិត្តធ្វើឱ្យលទ្ធផលនៃកិច្ចកសាងទំនើបកម្ម អាចផ្តល់ផលប្រយោជន៍កាន់តែច្រើននិងកាន់តែស្មើភាពដល់ប្រជាជនគ្រប់រូប ។

ព្រមពេលជាមួយគ្នានេះ ក៏ត្រូវយល់ឃើញយ៉ាងច្បាស់ថា ការសម្រេចបាននូវភាពសម្បូរសប្បាយរួម ជាដំណើរលំដាប់លំដោយ  ចាំបាច់ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងប្រាកប្រជាក្នុងរយៈពេលយូរ ត្រូវគិតពិចារណាពីលក្ខណៈរយៈពេលយូរ ភាពលំបាកលំបិន និងភាពស្មុគស្មាញឱ្យបានពេញលេញ ។ ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ស្តីពីការចាត់ទុកប្រជាជនជាអាទិភាព ក្តាប់ជាប់កិច្ចកសាងសេដ្ឋកិច្ចដែលជាការងារស្នូល ដើម្បីធ្វើឱ្យប្រជាជនមានអារម្មណ៍ទទួលបានផលប្រយោជន៍កាន់តែច្រើនថែមទៀត ។

បើមានជំនឿចិត្តលើខ្លួនឯង នោះប្រាកដជាអាចធ្វើដំណើរបានឆ្ងាយ ។ ឱ្យតែប្រជាជនចិនចំនួន១ពាន់៤រយលាននាក់ប្រមូលផ្តុំស្មារតីនិងកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងឆ្ពោះទៅកាន់គោលដៅកំណត់ជាស្រេច  នោះពិតជាអាចយកឈ្នះលើឧបសគ្គទាំងអស់ ។ នៅតាមផ្លូវឆ្ពោះទៅមុខ ប្រជាជនចិននឹងត្រួសត្រាយអនាគតថ្មីដ៏ទូលំទូលាយក្នុងកិច្ចកសាងភាពខ្លាំងក្លារបស់ប្រទេសជាតិនិងស្តារភាពរុងរឿងនៃប្រទេសជាតិឡើងវិញ ៕

បទវិភាគ៖ចំណុចគន្លឹះក្នុងអភិបាលកិច្ចជាតិ គឺធ្វើឱ្យប្រជាជនមានជីវភាពរស់នៅធូរធារ