លោក Qin Gang ថ្លែងពីទំនាក់ទំនងចិន-ជប៉ុន៖ ការបំភ្លេចប្រវត្តិសាស្ត្រមានន័យថាក្បត់នឹងប្រវត្តិសាស្ត្រ ការបដិសេធពីទោសកំហុសនិងទំនួលខុសត្រូវស្មើនឹងការប្រព្រឹត្តិបទឧក្រិដឡើងវិញ

2023-03-08 14:50:08
ប្រភព:CRI

ថ្ងៃទី ៧ ខែមីនា មហាសន្និបាតលើកទី ១ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើសន្និសីទសារព័ត៌មាន លោក Qin Gang រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិអំពីទំនាក់ទំនងចិន-ជប៉ុន។

លោក Qin Gang បានថ្លែងថា  ការបង្កើតទំនាក់ទំនងចិន-ជប៉ុនក្នុងយុគសម័យថ្មី ត្រូវធ្វើតាមចំណុចខាងក្រោម៖ មួយ ត្រូវនិយាយយកជាការបាន។  កាលពី៤៥ឆ្នាំមុន  ប្រទេសទាំងពីរបានចុះហត្ថលេខាលើ «សន្ធិសញ្ញាសន្តិភាពនិងមេត្រីភាពរវាងចិននិងជប៉ុន» ដែលត្រូវគោរពយ៉ាងម៉ឺងម៉ាត់ ។  ពីរ ត្រូវចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន។ យោធានិយមរបស់ជប៉ុនធ្លាប់ធ្វើឱ្យប្រជាជាតិចិនឈឺចាប់យ៉ាងខ្លាំង ។ ការបំភ្លេចប្រវត្តិសាស្ត្រមានន័យថាក្បត់នឹងប្រវត្តិសាស្ត្រ ការបដិសេធពីទោសកំហុសនិងទំនួលខុសត្រូវស្មើនឹងការប្រព្រឹត្តិបទឧក្រិដឡើងវិញ។  ទីបី ត្រូវគាំពារសណ្តាប់ធ្នាប់។ ការកែប្រែប្រវត្តិសាស្ត្រណាមួយក្នុងគោលបំណងផ្ទុយពីសណ្តាប់ធ្នាប់អន្តរជាតិនិងយុត្តិធម៌អន្តរជាតិ ប្រជាជនចិនមិនទទួលយកជាដាច់ខាត ។  ទីបួន ត្រូវផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ។ ចិននិងជប៉ុនត្រូវប្រកាន់ខ្ជាប់គោលការណ៍ទីផ្សារនិងស្មារតីសេរីនិងបើកទូលាយ បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីបំពេញបន្ថែមកម្លាំងចលករក្នុងការស្តារសេដ្ឋកិច្ចពិភពលោក។

លោក Qin Gang បានបន្តបញ្ជាក់ថា  រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តបង្ហូទឹកកខ្វក់ជាសំណល់សារធាតុនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima  ចូលក្នុងសមុទ្រ។ ការនេះជារឿងធំដែលប៉ះពាល់ផ្ទាល់ដល់បរិស្ថានសមុទ្រនិងសុខភាពរបស់មនុស្សជាតិ។ ចិនសូមដាស់តឿនជប៉ុន ឱ្យដោះស្រាយបញ្ហានេះឱ្យល្អតាមមធ្យោបាយដែលមានទំនួលខុសត្រូវ៕

លោក Qin Gang ថ្លែងពីទំនាក់ទំនងចិន-ជប៉ុន៖ ការបំភ្លេចប្រវត្តិសាស្ត្រមានន័យថាក្បត់នឹងប្រវត្តិសាស្ត្រ ការបដិសេធពីទោសកំហុសនិងទំនួលខុសត្រូវស្មើនឹងការប្រព្រឹត្តិបទឧក្រិដឡើងវិញ