លោក វ៉ាង នីង លេខាគណៈកម្មាធិការបក្សខេត្តយូណាន៖ សូមស្វាគមន៍អ្នកទាំងអស់គ្នាមកសាកល្បង "ជីវិតបែបយូណាន"

2023-03-08 17:51:10
ប្រភព:

ខណៈពេលប្រទេសចិនកំពុងតែរៀបចំមហាសន្និបាតសភាទាំងពីរ លោក វ៉ាង នីង លេខាគណៈកម្មាធិការបក្សខេត្តយូណាន បានផ្សព្វផ្សាយសំបុត្រមួយតាមអ៊ីនធើណែតក្នុងការឆ្លើយតបទៅនឹងកង្វល់ផ្សេងៗរបស់អ្នកលេងអ៊ីនធើណែត។

លោក វ៉ាង នីង និយាយថា ខ្ញុំបានរកឃើញថា វិស័យទេសចរណ៍នៃខេត្តយូណាន គឺជាចំណុចមួយដ៏គួរឱ្យអ្នកទំាងអស់គ្នាយកចិត្តទុកដាក់បំផុត នេះក៏ជាការងារដែលយើងកំពុងខិតខំប្រឹងប្រែងជំរុញដោយអស់ពីសមត្ថភាពផងដែរ។ ខេត្តយូណានមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងទំនៀមទម្លាប់ជនជាតិដ៏សម្បូរបែប ដែលត្រូវបានគេដាក់ប្រសិទ្ធនាមជា "នគររុក្ខជាតិ" " "នគរសត្វ" និង "សួនផ្កានៃពិភពលោក"។នៅពេលលោកអ្នកដើរចូលមកខេត្តយូណាន ប្រៀបដូចជាដើរចូលក្នុងនិទាឃរដូវ។

ខេត្តយូណានមានទេសភាពគ្រប់បែបយ៉ាង នៅទីនេះ សត្វដំរីអាស៊ីធ្វើដំណើរពីជើងទៅត្បូង រាល់ឆ្នាំសត្វរំពេរជំពុះក្រហមមកកាន់ខេត្តយូណានឆ្លងរដូវរងា ព្រមទាំងមានព្រៃត្រូពិច ភ្នំខៀវស្រងាត់ បឹងដ៏ធំទូលំទូលាយ ឥឡូវនេះ ខ្សែរថភ្លើងលឿនឡានឆាង-មេគង្គ ពោលគឺរថភ្លើងដឹកទំនិញពីចិនទៅឡាវ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ទំាងអស់នេះ សុទ្ធតែជាទេសភាពពិសេសនៃខេត្តយូណាន។

ក្នុងប៉ុន្មានឆ្នាំនេះ ដើម្បីការពារ “ផ្លាកសញ្ញាមាស” នៃទេសចរណ៍ខេត្តយូណាន ខេត្តយូណានបានជំរុញនូវបដិវត្តន៍ទេសចរណ៍ ហើយបង្កើនការគ្រប់គ្រងទីផ្សារទេសចរណ៍។ រូបមន្ត"ការធ្វើដំណើរយូណានដោយប្រើទូរស័ព្ទ" ដែលចេញផ្សាយដោយខេត្តយូណាន បានក្លាយជាស្តង់ដារថ្មីសម្រាប់ទេសចរណ៍ឆ្លាតវៃ។ លោក វ៉ាង នីង បានណែនាំថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ខេត្តយូណានបានបង្កើតផលិតផលទេសចរណ៍ថ្មី អាជីវកម្មទេសចរណ៍ថ្មី និងរូបមន្តទេសចរណ៍ថ្មី ជំរុញឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍ជាមួយវិស័យផ្សេងៗដោយច្របាច់បញ្ចូលគ្នា ព្រមទាំងជំរុញឱ្យវិស័យទេសចរណ៍ពីការធ្វើទស្សនានៅតំបន់ទេសចរណ៍ក្លាយទៅជាការលេងសកម្សាន្តដោយសាកល្បងកម្មវិធីយ៉ាងស៊ីជម្រៅ។ វិស័យទេសចរណ៍នៃខេត្ត​យូណាន​បាន​ក្លាយ​ជាទេសចរណ៍​បែបទាន់សម័យ ដែលត្រូវបានអ្នកលេងអ៊ីនធើណែតហៅថា  "ជីវិតបែបយូណាន"។

ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រឿងទូរទស្សន៍ "ទៅកាន់ទីកន្លែងមានជំនោរវាយោ" ដែលថតនៅខេត្តយូណាន បានទទួលពេញនិយមពីទស្សនិកជន ហើយបណ្តាលឱ្យទីផ្សារទេសចរណ៍នៃខេត្តយូណានក្តៅខ្លាំង អ្នកលេងអ៊ីនធើណែតនិយាយថា  "ជនជាតិចិនពាក់កណ្តាលសុទ្ធតែនៅខេត្តយូណាន"។ ដោយសារទទួលការពេញនិយមពីទស្សនិកជន ទីផ្សារទេសចរណ៍នៃខេត្តយូណានទទួលបានសន្ទុះ និងងើបឡើងវិញយ៉ាងខ្លាំង។

លោក វ៉ាង នីង បានសម្តែងថា លោកស្វាគមន៍យ៉ាងស្មោះស្ម័គ្រចំពោះអ្នកទាំងអស់គ្នាមកខេត្តយូណានស្វែងរក "ជីវិតបែបយូណាន" ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាបន្តគាំទ្រ និងយកចិត្តទុកដាក់ទៅលើខេត្តយូណាន៕

អ្នកបកប្រែ៖ Li Zha

លោក វ៉ាង នីង លេខាគណៈកម្មាធិការបក្សខេត្តយូណាន៖ សូមស្វាគមន៍អ្នកទាំងអស់គ្នាមកសាកល្បង "ជីវិតបែបយូណាន"