អ្នកនាំពាក្យនៃក្រសួងការបរទេសចិន៖ ភាគីចិននឹងបន្តផ្តល់ជំនួយវេជ្ជសាស្រ្តចំពោះបរទេសដើម្បីបង្កើនសុខភាពនិងសុខុមាលភាពរបស់ប្រជាជនពិភពលោក
នៅក្នុងសន្និសីទកាសែតជាប្រចាំនៅថ្ងៃទី ៨ ខែមីនា អ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងបានឱ្យដឹងថា ថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលហ្កំប៊ីបានផ្តល់គ្រឿងឥស្សរិយយសស មេត្រីអន្តរជាតិដល់សមាជិកក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធាលើកទី ២៥ របស់ប្រទេសចិនដើម្បីជាការថ្លែងអំណរគុណចំពោះភាគីចិនដែលបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រទៅកាន់ហ្កំប៊ីក្នុងរយៈពេលជាយូរកន្លងមក។ សូមសួរថា តើអ្នកនាំពាក្យមានការវាយតម្លៃយ៉ាងណាចំពោះករណីនេះ?
ទាក់ទិននឹងករណីនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិននឹងបន្តផ្តល់ជំនួយវេជ្ជសាស្រ្តចំពោះបរទេសនិងធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិផ្សេងទៀត ដើម្បីរួមចំណែកកាន់តែច្រើនសម្រាប់ការបង្កើនសុខភាពនិងសុខុមាលភាពរបស់ប្រជាជនពិភពលោក។ លោកស្រី Mao Ning ថ្លែងបន្តថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធាចិនបានសម្រេចបេសកកម្មផ្តល់ជំនួយខាងសុខាភិបាលនៅហ្កំប៊ី។ ឆ្នាំ ២០២៣ នេះចំជាខួប ៦០ ឆ្នាំនៃការដែលប្រទេសចិនចាត់បញ្ជូនក្រុមវេជ្ជសាស្រ្តទៅផ្តល់ជំនួយដល់បរទេស។ ៦០ ឆ្នាំកន្លងមក ប្រទេសចិនបានចាត់បញ្ជូនក្រុមវេជ្ជសាស្ត្រទៅកាន់ប្រទេសនិងតំបន់ចំនួន ៧៦ នៅទូទាំងពិភពលោកសរុបជាង ៣ ម៉ឺននាក់ ដោយបានព្យាបាលអ្នកជំងឺចំនួនជាង ២៩០ លាននាក់។ បច្ចុប្បន្ន ក្រុមវេជ្ជសាស្ត្រចិនបានធ្វើការនៅទីតាំងសុខាភិបាលចំនួន ១១៥ នៃប្រទេសចំនួន៥៦ នៅទូទាំងពិភពលោក ក្នុងនោះភាគច្រើនគឺស្ថិតនៅតំបន់ដាច់ស្រយាលដែលមានជីវភាពលំបាកលំបិន៕