អង្គការសហប្រជាជាតិបង្ហាញថា៖ នឹងថែរក្សាការពារនូវលក្ខណៈពេញលេញ និងនិរន្តរភាពនៃគំនិតផ្តួចផ្តើមស្តីពីស្បៀងនៅសមុទ្រខ្មៅ

2023-03-14 17:03:06
ប្រភព:CRI

អង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១៣ ខែមីនា ថា អង្គការសហប្រជាជាតិបានយកចិត្តទុកដាក់ទៅលើសេចក្តីថ្លែងការណ៍របស់រុស្ស៊ីស្តីពីការពន្យារបន្ថែមពេលវេលាអនុវត្តគំនិតផ្តួចផ្តើមស្បៀងនៅសមុទ្រខ្មៅរយៈពេល ៦០ ថ្ងៃទៀត។ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា អង្គការសហប្រជាជាតិនឹងធ្វើការខិតខំតាមដែលអាចធ្វើទៅបាន ដើម្បីថែរក្សាការពារនូវលក្ខណៈពេញលេញ និងនិរន្តរភាពនៃគំនិតផ្តួចផ្តើមស្តីពីស្បៀងនៅសមុទ្រខ្មៅ។

លោក Guterres បានបន្តថា អង្គការសហប្រជាជាតិនឹងផ្តោតលើការអនុវត្តគំនិតផ្តួចផ្តើមស្បៀងនៅសមុទ្រខ្មៅបន្តទៀត ក៏ដូចជាជំរុញការនាំចេញស្បៀងនិងជីគីមីរបស់រុស្ស៊ី។

សេចក្តីថ្លែងការណ៍បានបង្ហាញថា ការគាំទ្ររបស់អង្គការសហប្រជាជាតិចំពោះគំនិតផ្តួចផ្តើមស្បៀងនៅសមុទ្រខ្មៅ ដែលបានឯកភាពគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីខែកក្កដាឆ្នាំមុន គឺជាផ្នែកមួយនៃការឆ្លើយតបជាសកលចំពោះវិបត្តិឡើងថ្លៃតម្លៃនៃការរស់នៅដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះ។

សន្ទស្សន៍តម្លៃស្បៀងអាហាររបស់អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិបានធ្លាក់ចុះរយៈពេល ១០ខែជាប់ៗគ្នាចាប់តាំងពីបានឈានដល់កម្រិតខ្ពស់បំផុតកាលពីខែមីនា ឆ្នាំ ២០២២មក ដែលបានបង្ហាញយ៉ាងច្បាស់ពីឥទ្ធិពលជាវិជ្ជមាននៃកិច្ចព្រមព្រៀងនេះលើតម្លៃស្បៀងអាហារពិភពលោក។

អង្គការសហប្រជាជាតិបង្ហាញថា៖ នឹងថែរក្សាការពារនូវលក្ខណៈពេញលេញ និងនិរន្តរភាពនៃគំនិតផ្តួចផ្តើមស្តីពីស្បៀងនៅសមុទ្រខ្មៅ