ចាប់ពីថ្ងៃនេះតទៅ ផ្លូវរថភ្លើងចិន-ឡាវផ្នែកប្រទេសឡាវ អាចទិញសំបុត្រតាមរយៈAPPបានហើយ!
យោងតាមដំណឹងដែលចេញផ្សាយពីក្រុមហ៊ុនផ្លូវរថភ្លើងឡាវ-ចិន បានឱ្យដឹងថា វេលាម៉ោង ៦:៣០ នៅក្រុងវៀងច័ន្ទ ប្រទេសឡាវ (ម៉ោង៧:៣០ ក្រុងប៉េកាំង) ផ្លូវរថភ្លើងចិន-ឡាវផ្នែកប្រទេសឡាវ បានដាក់ដំណើរការប្រព័ន្ធលក់សំបុត្រ APPក្នុងទូរស័ព្ទដៃ (ហៅកាត់ថា " LCRTicket APP ")ជាផ្លូវការ ដែលស្រាវជ្រាវ និងបង្កើតឡើងដោយក្រុមហ៊ុនស្រាវជ្រាវវិទ្យាសាស្ត្រផ្លូវរថភ្លើងចិនគ្រុប ដែលស្ថិតក្រោមក្រុមហ៊ុនផ្លូវរថភ្លើងជាតិចិនគ្រុប អ្នកដំណើរអាចទាញយក APP នេះបានពី Apple App Store ឬ Android App Store ។
យោងតាមការណែនាំពីអ្នកទទួលខុសត្រូវនៃក្រុមហ៊ុនផ្លូវរថភ្លើងឡាវ-ចិន ចាប់តាំងពីផ្លូវរថភ្លើងចិន-ឡាវបើកដំណើរការជាផ្លូវការនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២១ រថភ្លើងដឹកអ្នកដំណើរល្បឿនលឿនសញ្ញា"ឡានឆាង" និងរថភ្លើងអ្នកដំណើរល្បឿនធម្មតានៅលើផ្នែកប្រទេសឡាវ បានដំណើរការដោយសុវត្ថិភាព និងរលូន ព្រមទាំងគុណភាពសេវាកម្មមានលក្ខណៈប្រសើរឡើងជាបន្តបន្ទាប់ ហើយចំនួនអ្នកធ្វើដំណើរតាមរថភ្លើងច្រើនបំផុតក្នុងមួយថ្ងៃមានជាង ១ ម៉ឺននាក់ដែលបង្ហាញតម្រូវការក្នុងការធ្វើដំណើរមានសន្ទុះខ្លាំង។
សូមបញ្ជាក់ថា ប្រព័ន្ធលក់សំបុត្រ APPក្នុងទូរស័ព្ទដៃនៃផ្លូវរថភ្លើងចិន-ឡាវ ត្រូវបានបង្កើតដោយយោងតាមបច្ចេកវិទ្យាទំនើបនៃប្រព័ន្ធអ៊ីនធើណែត ១២៣០៦ នៃផ្លូវរថភ្លើងចិន រួមបញ្ចូលច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសឡាវ លក្ខណៈពិសេសវប្បធម៌ និងតម្រូវការអ្នកប្រើប្រាស់ ដោយគាំទ្រជាបីភាសាគឺភាសាឡាវ ចិន និងអង់គ្លេស ហើយផ្តល់មុខងារជាច្រើន មានដូចជា អ្នកប្រើប្រាស់ចុះឈ្មោះពិត ការឆែកមើលសំបុត្រនៅសល់ ការឆែកមើលលេខរថភ្លើង ការកក់សំបុត្រនិងទូទាត់តាមអ៊ីនធើណែត ការកែលេខរថភ្លើងដែលបានកក់សំបុត្រ និងការទស្សនាព័ត៌មាន។ល។
បន្ទាប់ពីអ្នកដំណើរចុះឈ្មោះពិតក្នុងប្រព័ន្ធ ដោយពឹងផ្អែកលើអត្តសញ្ញាណប័ណ្ណនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឬលិខិតឆ្លងដែនដែលមានសុពលភាពពីប្រទេស និងតំបន់ផ្សេងទៀត អ្នកដំណើរអាចពិនិត្យមើលព័ត៌មានអំពីសំបុត្រនៅសល់នៃផ្លូវរថភ្លើងចិន-ឡាវផ្នែកប្រទេសឡាវ និងទិញសំបុត្រតាមអ៊ីនធើណែតបានគ្រប់ពេល។ ប្រព័ន្ធនេះគាំទ្រគ្រប់ប្រភេទទូទាត់ក្នុង និងក្រៅប្រទេសឡាវ ដូចជា VISA, UnionPay, WeChat, Alipay ជាដើម។ នៅពេលដែលជិះរថភ្លើង អ្នកដំណើរត្រូវកាន់អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលប្រើពេលទិញសំបុត្រ ហើយចូលស្ថានីយដោយស្កែន QR កូដដែលបង្កើតដោយប្រព័ន្ធលក់សំបុត្រ ឬចូលស្ថានីយដោយសំបុត្រក្រដាសដែលផ្លាស់ប្តូរនៅបង្អួចលក់សំបុត្ររបស់ស្ថានីយ៍។
ពីមុន អ្នកដំណើរក្នុងផ្នែកប្រទេសឡាវនៃផ្លូវរថភ្លើងចិន-ឡាវ ទិញសំបុត្រនៅបង្អួចលក់សំបុត្ររបស់ស្ថានីយ៍ ឬកន្លែងលក់សំបុត្រកំណត់។ ការដាក់ដំណើរការនៃប្រព័ន្ធលក់សំបុត្រ APPក្នុងទូរស័ព្ទដៃតាមអ៊ីនធើណែត បានបង្ហាញថា កម្រិតព័ត៌មានវិទ្យានៃការដឹកអ្នកដំណើរនៃផ្លូវរថភ្លើងចិន-ឡាវ ត្រូវបានលើកកម្ពស់បន្ថែមទៀត ហើយការធ្វើដំណើររបស់អ្នកដំណើរ ដែលកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួល ផ្លូវរថភ្លើងចិន-ឡាវបានឈានចូលយុគសម័យលក់សំបុត្រតាមអ៊ីនធើណែត៕
អ្នកបកប្រែ៖Li Zha