ប្រទេសចិនអាចដាំទុរេនបានហើយ!
ទុរេនមានប្រជាប្រិយភាពយ៉ាងខ្លាំងចំពោះអតិថិជន ដោយសារតែរសជាតិដ៏មានលក្ខណៈពិសេស។ នៅប្រទេសចិន ទុរេនដែលមានគុណភាពល្អត្រូវពឹងផ្អែកលើការនាំចូល ទើបតម្លៃរបស់វានៅតែខ្ពស់ ប៉ុន្តែស្ថានភាពអាចនឹងខុសគ្នានៅឆ្នាំនេះ ដោយសារទុរេនដាំនៅប្រទេសចិននឹងមកដល់!
ថ្មីៗនេះ ដើមទុរេនចំនួនជិត ១០០ ហិកតា ដែលដាំនៅក្នុងចំការទុរេននៃតំបន់អេកូឡូស៊ី យូឆាយ ក្រុងសានយ៉ា ខេត្តហៃណានប្រទេសចិន បានរីកលូតលាស់ផ្លែបៃតងខ្ចី និងចេញលក់នៅលើទីផ្សារក្នុងខែមិថុនាឆ្នាំនេះ ទិន្នផលផលិតមានប្រមាណ ២៦២៥០ គីឡូក្រាមក្នុងមួយហិកតា ស្នើនឹងទឹកប្រាក់ប្រមាណមួយហិកតា ១៥ លានយាន់ក្នុងមួយឆ្នាំ។
យោងតាមការណែនាំពីអ្នកទទួលខុសត្រូវនៃការិយាល័យកសិកម្ម និងជនបទក្រុងសានយ៉ា ក្រុងសានយ៉ាបាននាំមកពូជទុរេនកាលពី ៤ ឆ្នាំមុន ពូជទុរេនថ្មីដែលត្រូវបានដាំដុះ និងកែសម្រួលជាច្រើនឆ្នាំនេះ បានចាប់ផ្តើមចេញផ្លែនៅឆ្នាំនេះ។ បច្ចុប្បន្ននេះ ក្រុងសានយ៉ាបានដាំទុរេនក្នុងខណ្ឌនានាជាង ៦៦៧ ហិកតា ហើយបានចាប់ផ្តើមចេញផ្លែជាបន្តបន្ទាប់ នាពេលអនាគត មានទុរេនសានយ៉ាកាន់តែច្រើននឹងចូលក្នុងទីផ្សារ។
អ្នកទទួលខុសត្រូវនេះបានបញ្ជាក់ថា ទុរេនដែលដាំនៅក្រុងសានយ៉ា មិនត្រឹមតែមានជាតិស្ករខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានឧត្តមភាពពេលវេលាផងដែរ ហើយអាចចូលទីផ្សារបានស្រស់។ "ពីមួយពីរឆ្នាំទៀត ទុរេនសានយ៉ានឹងឈានចូលដល់ដំណាក់កាលចេញផ្លែពេញលេញ។ យើងមានគម្រោងសាងសង់ឧទ្យានកសិកម្មទុរេនចំនួន ៣៣៣៣ ហិកតាក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ ដែលរំពឹងថានឹងបង្កើនតម្លៃទិន្នផលចំនួន ៥ ពាន់លានយាន់"។
កានពីមុន ប្រទេសចិនស្ទើរតែមិនផលិតទុរេន ប៉ុន្តែជាប្រទេសទិញទុរេនដ៏ធំ។ បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់ភាគច្រើនដែលលក់នៅទីផ្សារប្រទេសចិន ត្រូវបាននាំចូលពីប្រទេសថៃ។ បន្ទាប់ពីឆ្នាំ២០១៩ចំនួនទុរេនស្រស់ដែលនាំចូលដោយប្រទេសចិនបានកើនលើសចំនួនផ្លែ Cherriesក្លាយជា "ស្តេចផ្លែឈើនាំចូល"។ បច្ចុប្បន្ននេះ ប្រជាជនចិនកំពុងទន្ទឹងរង់ចាំទុរេនផលិតក្នុងស្រុកនឹងមានលក់លើទីផ្សារក្នុងពេលឆាប់ៗនេះ៕
អ្នកបកប្រែ៖ Li Zha