បទវិភាគ៖ទំនាក់ទំនងរវាងចិននិងរុស្ស៊ីដែលប្រកបដោយភាពចាស់ទុំនិងរឹងមាំនឹងមានអំណោយផលដល់ការគាំពារសន្តិសុខនិងស្ថិរភាពពិភពលោក

2023-03-21 16:00:12
ប្រភព:CRI

រសៀលថ្ងៃទី ២០ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរទៅដល់ក្រុងម៉ូស្គូ រដ្ឋធានីប្រទេសរុស្ស៊ីតាមយន្តហោះពិសេសដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី ។ ខណៈពេលថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរនៅឯអាកាសយានដ្ឋានអន្តរជាតិ Vnukovo Andrei Tupolev ក្រុងម៉ូស្គូ លោកប្រធានរដ្ឋចិន Xi Jinping រំពឹងទុកថា នឹងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជាមួយលោកប្រធានាធិបតី ភូទីន អំពីទំនាក់ទំនងទ្វេភាគីព្រមទាំងបញ្ហាអន្តរជាតិនិងក្នុងតំបន់សំខាន់ៗដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នាដើម្បីគ្រោងផែនទីបង្ហាញផ្លូវក្នុងការជំរុញកិច្ចសម្របសម្រួលនិងកិច្ចសហការជាយុទ្ធសាស្ត្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងរុស្ស៊ីក្នុងយុគសម័យថ្មី ។ នៅថ្ងៃដដែល លោកប្រធានរដ្ឋចិន Xi Jinping បានចុះផ្សាយអត្ថបទនៅប្រព័ន្ធសារព័ត៌មានរុស្ស៊ីដោយលើកឡើងថា ហេតុអ្វីបានជាទំនាក់ទំនងរវាងប្រទេសទាំងពីរអាចឆ្លងកាត់ការសាកល្បងពីភាពបម្រែបម្រួលនៃស្ថានការណ៍អន្តរជាតិ បញ្ហាគន្លឹះគឺដោយសារស្វែងរកបាន"វិធីរួមរស់នៅដ៏ត្រឹមត្រូវរវាងប្រទេសនិងប្រទេស ហើយលោកបានសម្តែងការរំពឹងទុកជាវិជ្ជមានចំពោះការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងរវាងចិននិងរុស្ស៊ីនៅដំណាក់កាលបន្ទាប់ ។ នេះជាដំណើរទស្សនកិច្ចដំបូងបង្អស់របស់លោក Xi Jinping បន្ទាប់ពីលោកត្រូវជ្រើសតាំងជាប្រធានរដ្ឋចិនម្តងទៀត ។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញថា ប្រការនេះបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសចិនចំពោះទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ី ។ ដោយឡែកទំនាក់ទំនងរវាងចិននិងរុស្ស៊ីមានភាពកាន់តែចាស់ទុំនិងរឹងមាំ វាមានអំណោយផលដល់ការគាំពារសន្តិសុខនិងស្ថិរភាពពិភពលោក ដែលបានក្លាយជាថាមពលវិជ្ជមានរបស់ពិភពលោក ។

សូមបញ្ជាក់ថា គិតតាំងពីឆ្នាំ ២០១៣ មក ប្រមុខរដ្ឋនៃប្រទេសចិននិងរុស្ស៊ីបានជួបសន្ទនាចំនួន ៤០ លើកជាបន្តបន្ទាប់ក្នុងវេទិកាទ្វេភាគីនិងអន្តរជាតិដោយបានកំណត់ទិសដៅនៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយភាពរឹងមាំនិងស្ថិរភាពជាបន្តបន្ទាប់ ។ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ការកសាងទំនុកចិត្តខាងនយោបាយរវាងគ្នានិងគ្នាមានភាពកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការជាក់ស្តែងមានភាពកាន់តែទូលំទូលាយ ក៏ដូចជាកិច្ចសម្របសម្រួលនិងសហការលើឆាកអន្តរជាតិមានភាពជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធភាព ហើយទំនាក់ទំនងស្តីពីការរឹតចំណងមេត្រីភាពឱ្យបន្តទៅគ្រប់ជំនាន់ដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជន ។

នាពេលបច្ចុប្បន្ននេះ ពិភពលោកមិនសូវមានសន្តិភាពទេ ។ ដើម្បីគាំពារឋានៈអនុត្តរភាពរបស់ខ្លួន ប្រទេសធំមួយចំនួនតូចបាននិងកំពុងឃោសនាបំប៉ោងពីអ្វីដែលហៅថា "ការប្រកួតប្រជែងរវាងប្រទេសធំ"ដែលបង្កើនភាពបែកបាក់និងការប្រឈមមុខដាក់គ្នា ។ ប្រទេសទាំងពីរ ចិននិងរុស្ស៊ីសុទ្ធតែបាននិងកំពុងប្រកាន់ខ្ជាប់នូវគោលនយោបាយការទូតដ៏ឯករាជ្យម្ចាស់ការ ទំនាក់ទំនងរវាងចិននិងរុស្ស៊ីមានភាពកាន់តែចាស់ទុំនិងរឹងមាំក្នុងដំណើរការអភិវឌ្ឍន៍ វាបានបង្កើតជាគំរូនៃទំនាក់ទំងនរវាងប្រទេសធំបែបថ្មីដែលគោរពគ្នាទៅវិញទៅមក រួមរស់នៅជាមួយគ្នាដោយសន្តិភាពនិងធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ។ ប្រការនេះបានបកស្រាយយ៉ាងរស់រវើកនូវវិធីរួមរស់នៅដ៏ត្រឹមត្រូវរវាងប្រទេសធំ បើនិយាយចំពោះពិភពលោកនាពេលបច្ចុប្បន្នដែលមានភាពរង្គោះរង្គើនិងបម្រែបម្រួល វាមានអត្ថន័យបំផុសគំនិតយ៉ាងជ្រាលជ្រៅ ។

បើមើលពីក្របខ័ណ្ឌទូទាំងពិភពលោកអាចឃើញថា ចិននិងរុស្ស៊ីសុទ្ធតែជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ការដែលភាគីទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វាមានសារៈសំខាន់ណាស់ចំពោះសន្តិភាពនិងស្ថិរភាពពិភពលោក ។ ការពិតជាក់ស្តែងបានបញ្ជាក់យ៉ាងច្បាស់ថា ពិភពលោកកាន់តែមានភាពរង្គោះរង្គើនិងបម្រែបម្រួល នោះ ទំនាក់ទំនងរវាងចិននិងរុស្សីក៏ត្រូវបោះជំហានទៅមុខកាន់តែនឹងនរ ។

រដូវកាលដ៏ល្អបំផុតក្នុងមួយឆ្នាំ គឺរដូវផ្ការីក ។ អ្នកផងទាំងពួងជឿជាក់ថា នៅនិទាឃរដូវឆ្នាំ ២០២៣ "ដំណើរមិត្តភាព ដំណើរសហប្រតិបត្តិការនិងដំណើរសន្តិភាព"របស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសរុស្ស៊ីមុខជានឹងទទួលបានផលជាផ្លែផ្កាយ៉ាងច្រើនជាក់ជាមិនខាន ក្នុងន័យបំពេញបន្ថែមនូវកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី បង្កើតសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកកាន់តែធំក្នុងការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ពិភពលោកផងដែរ៕

បទវិភាគ៖ទំនាក់ទំនងរវាងចិននិងរុស្ស៊ីដែលប្រកបដោយភាពចាស់ទុំនិងរឹងមាំនឹងមានអំណោយផលដល់ការគាំពារសន្តិសុខនិងស្ថិរភាពពិភពលោក