លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន៖ដំណើរទស្សនកិច្ចរបស់លោកស៊ីជីនភីងប្រធានរដ្ឋចិននៅរុស្ស៊ីជាដំណើរមិត្តភាព សហប្រតិបត្តិការនិងសន្តិភាពមួយលើកដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ពិភពលោកទាំងមូល

2023-03-23 17:57:32
ប្រភព:CRI

តបតាមការអញ្ជើញរបស់លោកភូទីនប្រធានាធិបតីរុស្ស៊ី លោកស៊ីជីនភីងប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ីពី ថ្ងៃទី២០ដល់២២ខែមីនា។ នៅពេលបញ្ចប់ដំណើរទស្សនកិច្ចលើកនេះ លោកQinGangសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានថ្លែងទៅកាន់អ្នកសារព័ត៌មានដែលអមដំណើរថា ដំណើរទស្សនកិច្ចលើកនេះជាដំណើរមិត្តភាព សហប្រតិបត្តិការនិងសន្តិភាពមួយលើកដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ពិភពលោកទាំងមូល។

លោកQinGangបានថ្លែងថា មតិអន្តរជាតិសម្គាល់ឃើញជាទូទៅថា ដំណើរទស្សនកិច្ចរបស់លោកស៊ីជីនភីងលើកនេះជាព្រឹត្តិការណ៍ដ៏ធំដែលបានជះឥទ្ធិពលដ៏វែងឆ្ងាយដល់ភូមិសាស្រ្តនយោបាយសកល ដែលបានបង្ហាញឱ្យឃើញនូវរូបភាពអន្តរជាតិរបស់ចិនដែលជា"ស្ថាបនិកសន្តិភាព" បង្ហាញពីតួនាទីនិងទំនួលខុសត្រូវរបស់ចិនដែលជាប្រទេសធំ ក៏ដូចជាបំពេញបន្ថែមនូវភាពប្រាកដប្រជាកាន់តែច្រើនសម្រាប់ស្ថានការណ៍អន្តរជាតិដែលមានភាពប្រែប្រួលនិងស្មុគស្មាញ។

លោកQinGangបានថ្លែងទៀតថា បន្ទាប់ពីវិបត្តិអ៊ុយក្រែនបានផ្ទុះមក ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់គោលជំហរសត្យានុម័តនិងយុត្តិធម៌ ហើយជំរុញការផ្សះផ្សានិងការចរចាសន្តិភាពយ៉ាងសកម្ម។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ ប្រមុខរដ្ឋចិននិងរុស្ស៊ីបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅនិងស្មោះត្រង់។ រុស្ស៊ីរំលឹកឡើងវិញថា នឹងខិតខំប្រឹងប្រែងក្នុងការរៀបចំឡើងវិញនូវការចរចាសន្តិភាពក្នុងពេលឆាប់ៗ ហើយសាទរចំពោះភាគីចិនដែលបានដើរតួនាទីវិជ្ជមានក្នុងការជំរុញការដោះស្រាយវិបត្តិអ៊ុយក្រែនតាមរយៈមធ្យោបាយការទូតនិងនយោបាយ៕

លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន៖ដំណើរទស្សនកិច្ចរបស់លោកស៊ីជីនភីងប្រធានរដ្ឋចិននៅរុស្ស៊ីជាដំណើរមិត្តភាព សហប្រតិបត្តិការនិងសន្តិភាពមួយលើកដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ពិភពលោកទាំងមូល