បទវិភាគ៖ទំនាក់ទំនងចិន-រុស្ស៊ីមានសារសំខាន់យ៉ាងខ្លាំងចំពោះនិម្មាបនកម្មពិភពលោក ក៏ដូចជាអនាគតនិងជោគវាសនារបស់មនុស្សជាតិ
ថ្ងៃទី២២ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ រុស្ស៊ី ។ លទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់នៃដំណើរទស្សនកិច្ចលើកនេះ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះគឺជាដំណើរមិត្តភាព សហប្រតិបតិ្តការនិងសន្តិភាពមួយលើកដែលប្រកបដោយអត្ថន័យប្រវត្តិសាស្ត្រ ។
ដំណើរទស្សនកិច្ចលើកនេះ ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Xi Jinping បន្ទាប់ពីលោកជាប់ឆ្នោតបន្តអាណត្តិជាប្រធានរដ្ឋចិន ហើយក៏ជាដំណើរទស្សនកិច្ចនៅរុស្ស៊ីលើកទី៩ តាំងពីលោកឡើងកាន់មុខតំណែងជាប្រធានរដ្ឋចិនមកផងដែរ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានធ្វើកិច្ចសន្ទនានិងការផ្លាស់ប្តូររយៈពេលយូរប្រកបដោយភាពស្មោះត្រង់និងមេត្រីភាព ហើយទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីមានភាពកាន់តែស៊ីជម្រៅ ។ ខណៈពេលប្រមុខរដ្ឋទាំងពីររូបជួបជាមួយអ្នកសារព័ត៌មាន ពាក្យសំដីរបស់លោកប្រធានរដ្ឋចិន Xi Jinping ធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ លោកបានថ្លែងថា “ទំនាក់ទំនងចិន-រុស្ស៊ីគឺលើសពីក្របខណ្ឌទ្វេភាគីយ៉ាងច្រើន ដែលមានសារសំខាន់យ៉ាងខ្លាំងចំពោះនិម្មាបនកម្មពិភពលោក ក៏ដូចជាអនាគតនិងជោគវាសនារបស់មនុស្សជាតិ ។”
ដំណើរទស្សនកិច្ចរបស់លោក Xi Jinping លើកនេះបានបង្ហាញយ៉ាងច្បាស់ថា ជានិច្ចកាល ប្រទេសចិនតែងតែអនុវត្តគោលនយោបាយការទូតដ៏ឯករាជ្យនិងម្ចាស់ការ ការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងចិននិងរុស្ស៊ីឱ្យបានល្អ ជាជម្រើសជាយុទ្ធសាស្ត្ររបស់ចិនដោយគិតពីផលប្រយោជន៍ជាស្នូលរបស់ខ្លួននិងនិន្នាការអភិវឌ្ឍន៍ទូទៅនៃពិភពលោក វាមិនកែប្រែដោយសាររឿងណាមួយឬស្ថានការណ៍ណាមួយនោះទេ ។
បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្ម១រយឆ្នាំបាននិងកំពុងពន្លឿនការវិវឌ្ឍទៅមុខ ការប្រកួតប្រជែងរវាងកម្លាំងអន្តរជាតិក៏មានភាពកាន់តែស៊ីជម្រៅផងដែរ ។ ប្រទេសលោកខាងលិចមួយចំនួនប្រកាន់ខ្ជាប់គំនិតសង្គ្រាមត្រជាក់ ធ្វើនយោបាយជាក្រុមនិងធ្វើការបដិបក្ខគ្នាជាក្រុម ដែលបានគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពសកល ។ ស្ថានការណ៍អន្តរជាតិមានភាពកាន់តែស្មុគស្មាញ ការបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសហការរវាងចិននិងរុស្ស៊ីក៏មានលក្ខណៈចាំបាច់កាន់តែលេចធ្លោផងដែរ ។
បើមើលពី《សេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ី》អាចឃើញថា ភាគីទាំងពីរមានគំនិតឯកភាពរួមអំពីស្ថានការណ៍សកលនិងបញ្ហាចំណុចក្តៅជាច្រើន ។ ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិននិងរុស្ស៊ីនឹងប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវការជំរុញការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោកនិងប្រជាធិបតេយ្យភាវូបនីយកម្មនៃទំនាក់ទំនងអន្តរជាតិ ដើម្បីក្លាយជា “សសរទ្រទ្រង់”សម្រាប់គាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិ ។
អំពីបញ្ហាអ៊ុយក្រែន ចិននិងរុស្ស៊ីបានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមថា កិច្ចសន្ទនាប្រកបដោយទំនួលខុសត្រូវ ជាមធ្យោបាយល្អបំផុតសម្រាប់ដោះស្រាយបញ្ហាជាលំដាប់។ រុស្ស៊ីបានរំលឹកឡើងវិញថា នឹងខិតខំប្រឹងប្រែងដើម្បីរៀបចំឡើងវិញនូវកិច្ចចរចាសន្តិភាពក្នុងពេលឆាប់ៗ សាទរចំពោះប្រទេសចិនដែលរីករាយដើរតួនាទីវិជ្ជមានក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយនិងការទូត សាទរចំពោះគំនិតផ្តួចផ្តើមប្រកបដោយលក្ខណៈស្ថាបនាក្នុងឯកសារ «គោលជំហររបស់ចិនស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ» ។ ប្រការនេះបានបង្ហាញថា គោលជំហររបស់ចិនដែលប្រកបដោយសត្យានុម័តនិងយុត្តិធម៌ និងជំរុញការផ្សះផ្សានិងការចរចាសន្តិភាព ទទួលបានការគាំទ្រនិងជឿទុកចិត្តជាទូទៅ ។
ក្នុងរដូវផ្ការីកឆ្នាំនេះ ក្រោមការណែនាំពីគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងកិច្ចសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ីក្នុងយុគសម័យថ្មី ពិតជានឹងមានភាពកាន់តែស៊ីជម្រៅ ។ នៅលើពិភពលោកដែលមានភាពច្របូកច្របល់ ចិននិងរុស្ស៊ីពួតដៃគ្នា អាចបំពេញបន្ថែមកម្លាំងចលករកាន់តែច្រើនដល់ដំណើរការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោកនិងប្រជាធិបតេយ្យភាវូបនីយកម្មនៃទំនាក់ទំនងអន្តរជាតិ ហើយនឹងផ្តល់ការធានាកាន់តែច្រើនដល់សន្តិសុខនិងការអភិវឌ្ឍជាសកល ៕