បន្តពង្រឹងចំណងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការ | សមមិត្ត+បងប្អូន! កិច្ចសហប្រតិបត្តិការខេត្តយូណាន និងប្រទេសវៀតណាមឆ្ពោះទៅកាន់ភាពស៊ីជម្រៅ
កាលពីថ្ងៃទី ២៧ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្តម វ៉ាង នីង លេខាធិការគណបក្សនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បានដឹកនាំគណៈប្រតភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ឡាវ និងមីយ៉ាន់ម៉ា។ នេះជាលើកទី ១ ដែលអ្នកដឹកនាំសំខាន់នៃខេត្តយូណានអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសជិតខាងទាំង ៣ ក្រោយពីបានបើកសមាជបក្សកុម្មុយនិស្តចិនលើកទី ២០។
ខេត្តយូណានស្ថិតនៅជាប់នឹងប្រទេសវៀតណាម ឡាវ និងមីយ៉ាន់ម៉ា ហើយមានវប្បធម៌ស្រដៀងគ្នា និងបានបង្កើតចំណងមិត្តភ្តាពប្រពៃណីដែលមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ។ ជាពិសេស ខេត្តយូណាន និងប្រទេសទាំង ៣ បានទទួលសមិទ្ធផលច្រើនគួរឱ្យកត់សម្គាល់ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ពេលនេះ យើងខ្ញុំសូមធ្វើបទបង្ហាញជូនលោកអ្នកអំពីព្រឹត្តិការណ៍សំខាន់ៗនៃដំណើរទស្សនកិច្ចលើកនេះ ព្រមទាំងចែករំលែកជាមួយលោកអ្នកអំពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងខេត្តយូណាន និងប្រទេសជិតខាងដែល“រួមគ្នាធ្វើដំណើរតាមផ្លូវតែមួយ ផឹកទឹកពីអណ្តូងតែមួយ និងដើរទិញទំនិញនៅផ្សារតែមួយ”។
អំពីប្រទេសវៀតណាម
រួមគ្នាពិគ្រោះពិភាក្សាអំពីកិច្ចការនយោបាយ
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង នីង បានចូលសម្តែងការគួរសមជាមួយឯកឧត្តម Nguyen Phu Trongអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងឯកឧត្តម Pham Minh Chinhនាយករដ្ឋមន្ត្រីវៀតណាម។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការអនុវត្តតាមចំណុចឯកភាពរវាងថ្នាក់ដឹកនាំកំណូលនៃគណបក្ស និងប្រទេសទាំងពីរចិន និងវៀតណាម អនុវត្តឱ្យបានជោគជ័យនូវ“សេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹង និងពង្រីកឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងវៀតណាម” និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងខេត្តយូណាន និងប្រទេសវៀតណាម។
ឯកឧត្តម វ៉ាង នីង ក៏បានជួបជាមួយឯកឧត្តម Le Hoai Trungរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ឯកឧត្តម Bui Thanh Sonរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ឯកឧត្តម Nguyen Hong Dienរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ឯកឧត្តម Nguyen Van Thang រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងដឹកជញ្ជូនវៀតណាម និងលេខាធិការគណបក្សនៃខេត្ត Ha Giang, Lao Cai , Lai Chau និង Dien Bien។
ឯកឧត្តម វ៉ាង នីង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី ៣ នៃយន្តការជំនួបលេខាធិការគណបក្សប្រចាំឆ្នាំខេត្ត Ha Giang, Lao Cai , Lai Chau និង Dien Bienដែលរៀបចំនៅខេត្ត Ha Giangប្រទេសវៀតណាម។
រួមគ្នាចែករំលែកកាលានុវត្តភាព
នៅប្រទេសវៀតណាមដែលជាអ្នកជិតខាងល្អរបស់ប្រទេសចិន រថភ្លើងកំពុងធ្វើដំណើរយ៉ាងលឿនតាមផ្លូវរថភ្លើងធុនស្រាលលេខ ២ ក្នុងក្រុងហាណូយ ដែលទទួលបន្ទុកសាងសង់ដោយក្រុមហ៊ុនចិន។ ផ្លូវរថភ្លើងធុនស្រាលនេះគឺជាគម្រោងសំខាន់ជាយុទ្ធសាស្ត្រអំពីកិច្ចសហប្រតិបត្តិការ “របៀង ២ និងរង្វង់ ១”រវាងប្រទេសទាំងពីរចិន និងវៀតណាម ក្រោមក្របខ័ណ្ឌ“ខ្សែក្រវាត់ និងផ្លូវ”ដែលលើកឡើងដោយប្រទេសចិន ហើយបានឆ្លុះបញ្ចាំងឱ្យឃើញពីចំណងមិត្តភាព“សមមិត្ត+បងប្អូន”ដ៏រឹងមាំរវាងគណបក្ស និងប្រទេសទាំងពីរ។
ភាគីវៀតណាមបានថ្លែងជាច្រើនលើកថា វៀតណាមសង្ឃឹមថានឹងអាចមានគម្រោងកិច្ចសហប្រតិបត្តិការដែលតំណាងឱ្យបច្ចេកទេសដ៏ជឿនលឿនរបស់ប្រទេសចិន ត្រូវបានអនុវត្តនៅប្រទេសវៀតណាម សម្រាប់ការថែរក្សាឱ្យបានល្អប្រសើរនូវចំណងមិត្តភាព“សមមិត្ត+បងប្អូន”រវាងប្រទេសវៀតណាម និងចិន ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តយូណានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសវៀតណាម។ សាលារដ្ឋបាលខេត្តយូណាន និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានចុះហត្ថលេខាលើ“អនុស្សរណៈយោគយល់ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម”។ គម្រោងសាងសង់សួនឧស្សាហកម្មឡូជីស្ទីកក្លាសេអន្តរជាតិ ប៉េសាន នៃច្រកអន្តរជាតិហ៊ឺខូវ បានបើកការដ្ឋានសាងសង់ ចំណែកមជ្ឈមណ្ឌលឆ្លងគយក្នុងសួនឧស្សាហកម្មឡូជីស្ទីកនៃពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែនចិន-អាស៊ាន(ហ៊ឺខូវ)ដំណាក់កាលទី ២ បានចាប់ដំណើរការជាផ្លូវការ។
ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ
នៅខែធ្នូ ឆ្នាំ ២០១៧ ក្រោមកិច្ចសហប្រតិបត្តិការ និងការជំរុញពីស្ថាប័នផ្លូវរថភ្លើង គយ និងក្រុមហ៊ុននៃប្រទេសទាំងពីរចិន និងវៀតណាម ប្រទេសទាំងពីរបានសម្រេចជាលើកដំបូងនូវការបើករថភ្លើងដឹកទំនិញឆ្លងដែនតាមពេលកំណត់។ គិតមកដល់បច្ចុប្បន្ននេះ ប្រទេសចិន និងវៀតណាមបានបើករថភ្លើងដឹកទំនិញឆ្លងដែនតាមពេលកំណត់ ១៣៥១០ លើក ដែលបានដឹកជញ្ជូនទំនិញ ៤,១១៥៩ លានតោន។
នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ ទំនិញ“៩៨១០”ត្រូវបាននាំចេញពីច្រកអន្តរជាតិហ៊ឺខូវទៅកាន់បរទេសជាលើកដំបូងនៅមណ្ឌលស្វយ័តជនជាតិហានី និងយី ហុងហ៊ឺ ខេត្តយូណាន។ នេះជាសមិទ្ធផលជាក់ស្តែងដែលរដ្ឋបាលមណ្ឌលហុងហ៊ឺប្រទេសចិន និងខេត្ត Lào Caiប្រទេសវៀតណាម ខិតខំអនុវត្តតាមលទ្ធផលនៃកិច្ចពិភាក្សាគ្នារវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរចិន និងវៀតណាម។
នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ច្រកអន្តរជាតិហ៊ឺខូវបានបើកជាថ្មីឡើងវិញនូវ“ការឆ្លងដែនដោយផ្ទាល់”សម្រាប់អ្នកបើកបរ។
នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ ច្រកអន្តរជាតិហ៊ឺខូវដែលជាច្រកអន្តរជាតិធំជាងគេតាមព្រំដែនចិន-វៀតណាមក្នុងខេត្តយូណាននោះ បានបើកជាថ្មីឡើងវិញនូវកិច្ចការឆ្លងដែនទាំងស្រុង។
រួមគ្នាពិគ្រោះពិភាក្សាអំពីការអភិវឌ្ឍ
ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេ និងជាប្រភពវិនិយោគធំទី ៦ របស់វៀតណាម។ នៅឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងដល់ ១៧៥៥០០ លានដុល្លារអាមេរិក។ ទុរេន និងផ្លែឈើផ្សេងៗទៀតរបស់វៀតណាម សរុប ១១ មុខ បានទទួលការអនុញ្ញាតឱ្យនាំចូលមកកាន់ទីផ្សារចិន និងបានទទួលការពេញនិយមពីសំណាក់ប្រជាជនចិន ហើយផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាកសិករវៀតណាម។ ក្នុងអំឡុងជំងឺកូវីដ ១៩ ប្រទេសចិន និងវៀតណាមជួយយកអាសាគ្នា និងរួមសុខទុក្ខជាមួយគ្នា។
ក្នុងដំណើរទស្សនកិច្ចនេះ ខេត្តយូណាន និងប្រទេសវៀតណាមបានលើកឡើងជាឯកច្ឆ័ន្ទថា ភាគីទាំងពីរនឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរគណបក្ស ការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងវិស័យកសិកម្ម ទេសចរណ៍ និងគមនាគមន៍ជាដើម។
ខេត្តយូណានបានចុះហត្ថលេខាធិការជាមួយខេត្ត Ha Giang, Lao Cai , Lai Chau និង Dien Bienរបស់ប្រទេសវៀតណាមលើ“កំណត់ហេតុកិច្ចប្រជុំលើកទី ៣ នៃយន្តការជំនួបលេខាធិការគណបក្សប្រចាំឆ្នាំរវាងខេត្តយូណានប្រទេសចិន និងខេត្ត Ha Giang, Lao Cai , Lai Chau និង Dien Bien ប្រទេសវៀតណាម” និង“ផែនការសកម្មភាពអំពីកិច្ចសហប្រតិបត្តិការលើកិច្ចកាត់បន្ថយភាពក្រីក្រដោយចីរភាពនៃខេត្តចំនួន ៥ ចិន-វៀតណាម(២០២៣-២០២៥)”។
មន្ទីរពាណិជ្ជកម្មខេត្តយូណានប្រទេសចិន និងមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តBac Giangបានចុះហត្ថលេខាលើអនុស្សរណៈស្តីពីការជំរុញការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
រួមគ្នាពង្រឹងចំណងមិត្តភាព និងពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ។ ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះនឹងរួមចំណែកជាច្រើនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងវៀតណាម ហើយបន្តពង្រឹងចំណងមិត្តភាព“សមមិត្ត+បងប្អូន” ចិន-វៀតណាម៕