អ្នកជំនាញការ និងនិស្សិតវៀតណាមបន្តការសិក្សានៅខេត្តយូណាន៖ យូណានមានកម្លាំងនៃសកម្មភាពខ្លាំងក្នុងការពង្រីកការបើកចំហ
កាលពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម វ៉ាង នីង លេខាធិការគណបក្សនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនប្រចាំខេត្តយូណាននៃប្រទេសចិន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ឡាវ និងមីយ៉ាន់ម៉ា។ ចំពោះការបំពេញទស្សនកិច្ចលើកនេះ អ្នកជំនាញការ និងនិស្សិតវៀតណាមបន្តការសិក្សានៅខេត្តយូណាននៃប្រទេសចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើប្រធានបទដូចជា ការឆ្លងព្រំដែន កិច្ចសហប្រតិបត្តិការទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូរយុវជនរវាងភាគីទាំងពីរ។
លោកស្រី Bui Xuan Mai គ្រូបង្រៀនពេញម៉ោងបរទេសនៅសកលវិទ្យាល័យគរុកោសល្យណាននីង និងជាអ្នកជំនាញប្រឹក្សាជនជាតិវៀតណាមនៅក្រុមហ៊ុន Capvision Partners (Shanghai) Ltd. បាននិយាយថា "យូណានគឺជាកន្លែងដ៏ស្រស់ស្អាត ហើយវាមានកម្លាំងនៃសកម្មភាពខ្លាំងក្នុងការពង្រីកការបើកចំហ។ ចាប់តាំងពីថ្ងៃទី៨ ខែមករាមក ប្រទេសចិនបានកែសម្រួលគោលនយោបាយចេញចូលព្រំដែន ខេត្តយូណានបានអនុវត្តការបើកច្រកព្រំដែនជាមួយប្រទេសវៀតណាមយ៉ាងឆាប់រហ័ស។ មិនតែប៉ុណ្ណោះ ភាគីទាំងពីរប្រទេសវៀតណាម និងខេត្តយូណានពឹងផ្អែកលើការសាងសង់ "កំពង់ផែឆ្លាតវៃ" ដើម្បីបន្តពង្រីកភាពរលូននៃដំណើរការរបស់កំពង់ផែ។
លោកស្រី Bui Xuan Mai បានបន្តទៀតថា នាពេលបច្ចុប្បន្ន ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសចិនភាគច្រើនជាផលិតផលកសិកម្ម ហើយការជួញដូរនៅកំពង់ផែព្រំដែនរវាងភាគគីទាំងពីរភាគច្រើនជាពាណិជ្ជកម្មខ្នាតតូច ដែលមានតម្រូវការខ្ពស់សម្រាប់ប្រសិទ្ធភាពនៃការឆ្លងគយនៅកំពង់ផែ។ ទន្ទឹមនឹងការស្តារឡើងវិញលើការចេញចូលច្រកព្រំដែនដូចជា ហឺខូវ-LaoCaiរវាងប្រទេសចិន និងវៀតណាម សេដ្ឋកិច្ចកំពង់ផែបានក្លាយជាចំណុចកំណើនសេដ្ឋកិច្ចដ៏សំខាន់។ លោកស្រីបានបញ្ជាក់ថា "បន្ទាប់ពីការអនុវត្តកិច្ចព្រមព្រៀង RCEP នាពេលខាងមុខ ប្រទេសវៀតណាម និងចិន ជាពិសេសប្រទេសវៀតណាម និងខេត្តយូណាន នឹងពង្រឹងទំនាក់ទំនងគោលនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការគយឌីជីថល ហើយពួតដៃគ្នាដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មតាមកំពង់ផែក្នុងការផ្តល់ផលប្រយោជន៍ដល់សហគ្រាស និងប្រជាជនក្នុងតំបន់ព្រំដែន។
ថ្មីៗនេះ ទន្ទឹមនឹងការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនៃផ្លូវទេសចរណ៍មាស"ទិសដៅទេសចរណ៍ប្រាំមួយក្នុងប្រទេសពីរ" ប្រទេសចិន-វៀតណាម ក៏ដូចជាផ្លូវទេសចរណ៍មាស"ទីក្រុងគុនមីង-មណ្ឌលហុងហឺ ប្រទេសចិន-សាបា LaoCai-ហាណូយ-ហៃផុង-Ha Long Bay ខេត្ត Quang Ninh ប្រទេសវៀតណាម ទិសដៅទេសចរណ៍ប្រាំមួយក្នុងប្រទេសពីរ"ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។
លោកស្រី Bui Xuan Mai យល់ឃើញថា ក្រោមបរិការណ៍នៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពចំពោះជំងឺកូវីដ១៩ និងការងើបឡើងវិញនៃទេសចរណ៍ឆ្លងដែន ទេសចរណ៍ឆ្លងដែនរវាងវៀតណាម និងចិននឹងមានការរីកចម្រើន។ លោកស្រីបន្ថែមទៀតថា "ភាគីទាំងពីរប្រទេសវៀតណាមនិងខេត្តយូណានបង្កើតស្ពានទំនាក់ទំនងតាមរយៈការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងសកម្មភាពផ្សេងទៀត ដើម្បីជួយអ្នកបម្រើការក្នុងវិស័យទេសចរណ៍រក្សាបាននូវព័ត៌មានចុងក្រោយពាក់ព័ន្ធគោលនយោបាយចេញចូលព្រំដែន កន្លែងទេសចរណ៍ កន្លែងស្នាក់នៅ និងសណ្ឋាគារជាដើម ព្រមទាំងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ហើយរួមគ្នាជំរុញការស្តារវិស័យទេសចរណ៍ឡើងវិញ។
លោកស្រីបណ្ឌិត Tran Thi Thuy ប្រធានការិយាល័យស្រាវជ្រាវប្រវត្តិសាស្ត្រ និងវប្បធម៌វិទ្យាស្ថានចិននៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម ក៏ជាបណ្ឌិតសិក្សា និងអ្នកស្រាវជ្រាវប្រទេសចិនបានកត់សម្គាល់ថា ក្នុងដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូមិត្តភាពខេត្តយូណានទៅកាន់ប្រទេសវៀតណាម ភាគីទាំងពីរបានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើម។ លោកស្រីបណ្ឌិតយល់ឃើញថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តយូណាននិងប្រទេសវៀតណាមគឺសំដៅលើការអនុវត្តកុងសង់សុីសដ៏សំខាន់ដែលសម្រេចបានដោយឯកឧត្តម ស៊ី ជីនភីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីចិន និងឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នាពេលចុងឆ្នាំ២០២២ ក្នុងអំឡុងពេល ឯកឧត្តម Nguyen Phu Trong បានបំពេញទស្សនកិច្ចនៅប្រទេសចិន។ លោកស្រីបណ្ឌិតបន្តទៀតថា ក្នុង«សេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹង និងពង្រីកឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងវៀតណាម» បានបញ្ជាក់យ៉ាងច្បាស់ថា "ត្រូវលើកទឹកចិត្តដល់គ្រប់តំបន់នៃប្រទេសទាំងពីរ ជាពិសេសខេត្ត(តំបន់)ជាប់ព្រំដែនលើការអនុវត្តការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលទទួលបានផលប្រយោជន៍ទៅវិញទៅមក"។
លោកស្រីបណ្ឌិតបន្ថែមទៀតថា «សេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹង និងពង្រីកឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងវៀតណាម»បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវលើកទឹកចិត្តដល់គ្រប់តំបន់នៃប្រទេសទាំងពីរ ជាពិសេសខេត្ត(តំបន់)ជាប់ព្រំដែនលើការអនុវត្តការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលទទួលបានផលប្រយោជន៍ទៅវិញទៅមក។ ដំណើរទស្សនកិច្ចដឹកនាំដោយឯកឧត្តម វ៉ាង នីង លេខាធិការគណបក្សនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណានលើកនេះ មានសារសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិន។ ខេត្តយូណាននៃប្រទេសចិនមានព្រំប្រទល់ជាប់ខេត្តចំនួនបួនរបស់វៀតណាម និងមានលក្ខខណ្ឌអំណោយផលជាច្រើន ដូច្នេះ ខេត្តយូណានបានក្លាយជាច្រកទ្វារភាគនិរតីសម្រាប់ប្រទេសចិនដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត"។
និស្សិតបន្តការសិក្សានៅខេត្តយូណានឈ្មោះ Chu Thi Thuy តែងតែចែករំលែកជីវិតសិក្សារបស់នាងនៅយូណាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នាងយល់ឃើញថា អ្វីដែលនាងបានចែករំលែកនោះគឺ មិនត្រឹមតែជារឿងសិក្សានៅក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងជាចំណងមិត្តភាពរវាងនាងនិងយូណានផងដែរ។ នាងបានប្រាប់អ្នកកាសែតថា "លោកពូហូ (Ho Chi Minh) "ជាទីគោរពបំផុតក្នុងប្រទេសយើង មានដានជើងច្រើនណាស់នៅខេត្តយូណាន ក៏ជាកន្លែងដែលខ្ញុំរៀននៅបរទេស ដូច្នេះខ្ញុំមានអារម្មណ៍រីករាយណាស់។
អគារពីរជាន់ដែលមានទីតាំងនៅផ្លូវណានស៊ី ឃុំជឺឈួន ក្រុងមឺងជី មណ្ឌលស្វយ័តជនជាតិហានី និងជនជាតិយី ហុងហឺ ខេត្តយូណាន គឺជាអតីតលំនៅដ្ឋានដែលឯកឧត្តម Ho Chi Minh បានអនុវត្តសកម្មភាពបដិវត្តនៅឃុំជឺឈួនក្នុងឆ្នាំ១៩៤០។ Chu Thi Thuy បាននិយាយថា"នេះគឺជាកំណប់ទ្រព្យរួមរបស់ខេត្តយូណាន និងប្រទេសវៀតណាម។ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសវៀតណាម និងខេត្តយូណានកាន់តែស៊ីជម្រៅ នាងខ្ញុំជឿជាក់ថា ភ្ញៀវទេសចរវៀតណាមក៏សង្ឃឹមថានឹងមានឱកាសទៅទស្សនាទីតាំងចាស់ទាំងនេះដែរ"៕
អ្នកបកប្រែ ៖Shen Yan