បន្តពង្រឹងចំណងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការ | មនោសញ្ចេតនាជ្រាលជ្រៅ! “បងប្អូន”រួមដំណើរឆ្ពោះទៅកាន់អនាគត

2023-04-14 16:45:20
ប្រភព:កាសែតយូណានដេលី

កាលពីថ្ងៃទី១ ដល់ទី៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម វ៉ាង នីង លេខាធិការគណបក្សនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដែលបានបើកទំព័រថ្មីនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្រោយពីជំងឺកូវីដ ១៩ ហើយបានពិគ្រោះពិភាក្សាជាមួយមិត្តមីយ៉ាន់ម៉ាអំពីមនោសញ្ចេតនាជា“បងប្អូន” និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចិន និងមីយ៉ាន់ម៉ា។

 

រួមគ្នាពិគ្រោះពិភាក្សាអំពីមនោសញ្ចេតនា

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង នីង បានចូលសម្តែងការគួរសមជាមួយឯកឧត្តម Min Aung Hlaing ថ្នាក់ដឹកនាំនៃប្រទេសមីយ៉ាន់ម៉ា និងជួបពិភាក្សាការងារជាមួយឯកឧត្តម U Soe Theinអភិបាលខេត្តរ៉ុងហ្គូនប្រទេសមីយ៉ាន់ម៉ា ឯកឧត្តម Ko Ko Hlaing រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិមីយ៉ាន់ម៉ា ឯកឧត្តម U Aung Naing Ooរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា ឯកឧត្តម U Thaung Han រដ្ឋមន្ត្រីក្រសួងអគ្គិសនីមីយ៉ាន់ម៉ា ឯកឧត្តម U Myo Myint Oo រដ្ឋមន្ត្រីក្រសួងថាមពលមីយ៉ាន់ម៉ា និងឯកឧត្តម U Min Naung រដ្ឋមន្ត្រីក្រសួងកសិកម្ម ចិញ្ចឹមសត្វ និងស្រោចស្រពជាដើម។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការជាក់ស្តែង ទំនាក់ទំនងវប្បធម៌ និងការជំរុញការកសាងសហគមន៍វាសនារួមចិន-មីយ៉ាន់ម៉ា។

មុននឹងដំណើរទស្សនកិច្ចនេះ ខេត្តយូណាន និងប្រទេសមីយ៉ាន់ម៉ាបានបង្កើតកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើវិស័យជាច្រើន រួមមានការបង្ការជំងឺកូវីដ ១៩ សុខាភិបាល និងវប្បធម៌ជាដើម។

ចាប់ពីឆ្នាំ២០១៣មក ខេត្តយូណានបានរៀបចំកម្មវិធី“ដំណើរពន្លឺរស្មី” ចំនួន ១២ លើកនៅប្រទេសមីយ៉ាន់ម៉ា ដែលបានជួយព្យាបាលជំងឺភ្នែកឡើងបាយឱ្យអ្នកជំងឺជិត ៣០០០ នាក់នៅរ៉ុងហ្គូន ម៉ាន់ដាឡេ Taunggyi Myitkyina និង Sagaing ជាដើម។

ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០

កម្មវិធី“សប្តាហ៍ទូរទស្សន៍ ឡានឆាង-មេគង្គ ឆ្នាំ២០២០”ប្រធានបទមីយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃផែនការអំពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកម្មវិធីទូរទស្សន៍ និងភាពយន្តទ្វីបអាស៊ី បានប្រារឰនៅក្រុងគុនមីង ហើយបានបង្កើតម៉ាកថ្មីនៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយប្រទេសទន្លេឡានឆាង-មេគង្គ និងវេទិកាផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍រវាងខេត្តយូណាន និងប្រទេសទន្លេឡានឆាង-មេគង្គ។

នៅឆ្នាំ២០២០ ក្រោយពីផ្ទុះជំងឺកូវីដ១៩ ក្នុងប្រទេសមីយ៉ាន់ម៉ា

តាមការបញ្ជា និងសំណូមពរពីរដ្ឋាភិបាលចិន ខេត្តយូណានបានជ្រើសរើស និងចាត់បញ្ជូនឱ្យក្រុមគ្រូពេទ្យជំនាញទៅជួយធ្វើការបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ ១៩ នៅប្រទេសមីយ៉ាន់ម៉ាភ្លាមៗ។ ក្រុមគ្រូពេទ្យខេត្តយូណានបានធ្វើដំណើរទៅដល់មន្ទីរពេទ្យជាច្រើននៅរ៉ុងហ្គូន និងម៉ាន់ដាឡេ ដើម្បីចែករំលែកបទពិសោធន៍អំពីការបង្ការជំងឺរាតត្បាត និងជួយបណ្តុះបណ្តាលគ្រូពេទ្យមីយ៉ាន់ម៉ា។

ខែវិច្ឆិកា ឆ្នាំ២០២១ និងខែមេសា ឆ្នាំ២០២២

ការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាលារដ្ឋបាលខេត្តយូណានបានរៀបចំកិច្ចប្រជុំជាប្រចាំអំពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលមានការចូលរួមពីស្ថាប័នចំនួន ៤ នៃប្រទេសទាំងពីរគឺចិន និងមីយ៉ាន់ម៉ា ដើម្បីពិគ្រោះពិភាក្សាយ៉ាងល្អិតល្អន់អំពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ខែមិថុនា ឆ្នាំ២០២២

កម្មវិធីរាត្រីសមោសរតាមអនឡាញរបស់ប្រជាជនតាមតំបន់ព្រំដែនចិន-មីយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃកម្មវិធី“ប្រជាជនរាប់អានគ្នា តភ្ជាប់ក្រអៅបេះដូង” បានប្រារឰដោយជោគជ័យ។ អង្គការមិត្តភាព និងប្រជាជនរាប់ពាន់នាក់ក្នុងតំបន់ព្រំដែនចិន-មីយ៉ាន់ម៉ា បានចូលរួមក្នុងកម្មវិធីរាត្រីសមោសរនេះតាមទម្រង់ផ្ទាល់ និងអនឡាញ។

 

រួមគ្នាពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ

សព្វថ្ងៃនេះ ប្រទេសមីយ៉ាន់ម៉ាជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ខេត្តយូណាន។ ទំហំពាណិជ្ជកម្មរវាងខេត្តយូណាន និងប្រទេសមីយ៉ាន់ម៉ាមានចំនួន ២៩,៣% នៃទំហំពាណិជ្ជកម្មចិន-មីយ៉ាន់ម៉ា។

ខេត្តយូណានមានតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចតាមតំបន់ព្រំដែនថ្នាក់ជាតិចំនួន ២ គឺ យូយលី និងវ៉ានទីង។ នៅខែមករា និងកុម្ភៈនៃឆ្នាំនេះ ច្រកអន្តរជាតិយូយលីបានសម្រេចទំហំពាណិជ្ជកម្មជិត ២៨០ លានយាន់ចិន ហើយមានរថយន្តធ្វើដំណើរឆ្លងកាត់ព្រំដែនជិត ១៨០០០ លានគ្រឿង និងបានដឹកជញ្ជូនទំនិញទម្ងន់ជិត ១៤,៦ ម៉ឺនតោន ចំណែកឯនៅតាមច្រកអន្តរជាតិវ៉ានទីង មានរថយន្តឆ្លងព្រំដែនចំនួនជាង ២៧០០០ គ្រឿង ដឹកជញ្ជូនទំនិញទម្ងន់សរុបជាង ៣៥ ម៉ឺនតោន ដែលមានតម្លៃសរុបជាង ១៦៣៥ លានយាន់ប្រាក់ចិន។

ក្នុងនាមជាអ្នកចូលរួមដ៏សំខាន់ក្នុងការកសាងច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា ខេត្តយូណានបាន និងកំពុងខិតខំជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។

ខែវិច្ឆិកា ឆ្នាំ២០១៧

ប្រទេសចិនបានលើកឡើងពីផែនការនៃការកសាងច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ារាងអក្សរ“人” ដែលចាប់ផ្តើមពីខេត្តយូណានប្រទេសចិននៅភាគខាងជើង ឆ្លងកាត់ព្រំដែនចិន-មីយ៉ាន់ម៉ាដល់ម៉ាន់ដាឡេ រួចលាតសន្ធឹងដល់រ៉ុងហ្គូន និងតំបន់សេដ្ឋកិច្ចពិសេស Kyaukpyu។

ខែកញ្ញា ឆ្នាំ២០១៨

ភាគីចិន និងមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការរួមគ្នាស្ថាបនាច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា។

ខែមិថុនា ឆ្នាំ២០២០

គម្រោងសាងសង់ស្ពាន Kunlong ដែលប្រទេសចិនផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ានោះ បានបើកការដ្ឋានសាងសង់ជាផ្លូវការ។

ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២

ពិធីប្រគល់-ទទួលគម្រោងសាងសង់ផ្លូវភ្ជាប់ស្ពាន Kunlong ថ្មី បានប្រារឰតាមអនឡាញដោយជោគជ័យ។ ស្ពានធំនេះនឹងអាចចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងឡូជីស្ទីកនៃប្រទេសទាំងពីរ។

ខែសីហា ឆ្នាំ២០២១

ច្រកដឹកជញ្ជូនរួមតាមផ្លូវសមុទ្រ ផ្លូវគោក និងផ្លូវដែកចិន-មីយ៉ាន់ម៉ា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ កុងតឺណឺទី ១ ត្រូវបានដឹកជញ្ជូនពីប្រទេសសឹង្ហបុរី ឆ្លងកាត់កំពង់ផែរ៉ុងហ្គូនប្រទេសមីយ៉ាន់ម៉ា រួចចូលមកក្នុងប្រទេសចិនតាមច្រកអន្តរជាតិទន្លេឈីងសួយ ស្រុកម៉ឺងទីង ក្រុងលីនឆាន ខេត្តយូណាន។

ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣

រថភ្លើងតាមច្រកដឹកជញ្ជូនផ្លូវដែក និងផ្លូវថ្នល់លើដីគោក និងសមុទ្រថ្មី(ឆុងឈីង-យូយលី-មីយ៉ាន់ម៉ា)បានចេញដំណើរពីខណ្ឌជាំងជីនក្រុងឆុងឈីង ឆ្លងកាត់ច្រកអន្តរជាតិវ៉ានទីងនៃក្រុងយូយលីទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ នេះជារថភ្លើងទី ១ របស់ប្រទេសចិនដែលដឹកជញ្ជូនតាមផ្លូវដែក និងផ្លូវគោកពីប្រទេសចិនទៅកាន់ប្រទេសមីយ៉ាន់ម៉ាតាមច្រកដីគោក និងសមុទ្រថ្មី។

 

រួមគ្នាបើកទំព័រថ្មី

ទន្ទឹមនឹងការជំរុញការកសាងច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរបានទទួលសមិទ្ធផលកាន់តែច្រើន និងបានជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងផ្តល់ឱកាសការងារកាន់តែច្រើនដល់ប្រជាជនក្នុងតំបន់។

ខែឧសភា ឆ្នាំ២០១៧

ប្រទេសចិន និងមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចតាមតំបន់ព្រំដែនចិន-មីយ៉ាន់ម៉ា។

ដើមឆ្នាំ២០១៩

ភាគីទាំងពីរចិន និងមីយ៉ាន់ម៉ាបានឯកភាពគ្នាលើការជំរុញការកសាងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចតាមតំបន់ព្រំដែននៅក្នុងតំបន់យូយលីប្រទេសចិន និងតំបន់ Muse ប្រទេសមីយ៉ាន់ម៉ា។

ខែវិច្ឆិកា ឆ្នាំ២០២២

ក្រុមការងារមូលដ្ឋានរបស់ប្រទេសចិន និងមីយ៉ាន់ម៉ាបានរៀបចំកិច្ចប្រជុំលើកទី ៣ ដើម្បីពិគ្រោះពិភាក្សាអំពីការបង្កើតតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចតាមតំបន់ព្រំដែនយូយលីប្រទេសចិន-តំបន់ Muse ប្រទេសមីយ៉ាន់ម៉ា។ ភាគីទាំងពីរបានយល់ព្រមលើការចាប់ដំណើរការសាងសង់ក្នុងពេលឆាប់ៗ និងជំរុញឱ្យតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចនេះផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

ខេត្តយូណាន និងប្រទេសមីយ៉ាន់ម៉ាកំពុងខិតខំបង្កើតការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដែលនឹងអាចជំរុញឱ្យទំនាក់ទំនងមិត្តភាព“បងប្អូន”រវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕

បន្តពង្រឹងចំណងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការ | មនោសញ្ចេតនាជ្រាលជ្រៅ! “បងប្អូន”រួមដំណើរឆ្ពោះទៅកាន់អនាគត