ផ្លូវរថភ្លើងចិន-ឡាវនឹងបើកដំណើរការរថភ្លើងដឹកអ្នកដំណើរអន្តរជាតិ ពីទីក្រុងគុនមីងទៅទីក្រុងវៀងចន្ទន៍អាចទៅដល់ក្នុងថ្ងៃតែមួយ

2023-04-14 17:09:45
ប្រភព:ស៊ីនហួចិន និងកាសែតយូណានដេលី

នៅថ្ងៃទី១៣ ខែមេសា ផ្លូវរថភ្លើងចិន-ឡាវនឹងបើកដំណើរការរថភ្លើងដឹកអ្នកដំណើរអន្តរជាតិរវាងស្ថានីយ៍រថភ្លើងភាគខាងត្បូងគុនមីងប្រទេសចិន និងស្ថានីយ៍រថភ្លើងវៀងចន្ទន៍ប្រទេសឡាវ ហើយការធ្វើដំណើររវាងទីក្រុងគុនមីង និងទីក្រុងវៀងច័ន្ទ អាចទៅដល់បានក្នុងថ្ងៃតែមួួយ។

រថភ្លើងដឹកអ្នកដំណើរអន្តរជាតិនៅលើផ្លូវរថភ្លើងចិន-ឡាវ មានប្រតិបត្តិការចេញដំណើរពេលព្រឹកដល់ពេលល្ងាច ហើយមានរថភ្លើង២ ធ្វើដំណើរទល់មុខគ្នាពីទិសដៅទាំងពីរជារៀងរាល់ថ្ងៃ។ រថភ្លើងនេះ ឈប់នៅស្ថានីយ៍ចំនួន ៨ គឺស្ថានីយ៍ភាគខាត្បូងគុនមីង ភូអឺ ស៊ីសាំងប៉ានណា ម៉ូហាន ម៉ូទីង ហ្លួងព្រះបាង វ៉ានរ៉ុង និងវៀងចន្ទន៍ ពេលវេលាធ្វើដំណើរសរុបគឺ ១០ ម៉ោង ៣០ នាទី គិតទាំងពេលវេលាឆ្លងព្រំដែន។ រថភ្លើងដឹកអ្នកដំណើរអន្តរជាតិតាមផ្លូវរថភ្លើងចិន-ឡាវប្រើប្រាស់ក្រុមរថភ្លើង"សញ្ញាហ្វូស៊ីង"និង"សញ្ញាឡានឆាង"ហើយមានល្បឿនប្រតិបត្តិការអតិបរមា១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះទេ មានរន្ធដោតអគ្គិសនីស្តង់ដារចិន និងឡាវ នៅក្រោមកៅអីនីមួយៗ  ហើយផ្លាកសញ្ញាផ្សព្វផ្សាយ និងការប្រកាសជាភាសាចិន ឡាវ និងអង់គ្លេស។ ជាងនេះទៅទៀត រថភ្លើងដឹកអ្នកដំណើរអន្តរជាតិនៃផ្លូវរថភ្លើងចិន-ឡាវ បានអនុវត្តរបៀបនៃការឆ្លងគយ "កន្លែងពីរ ការត្រួតពិនិត្យពីរដង" ដែលត្រូវចំណាយពេលប្រហែល ១,៥ ម៉ោងសម្រាប់អ្នកដំណើរចេញ និងចូលព្រំដែន។

នៅម៉ោង៩ ព្រឹក ថ្ងៃទី១១ ខែមេសា ម៉ោងក្រុងប៉េកាំង នាយកដ្ឋានផ្លូវរថភ្លើងប្រទេសចិន និងឡាវ បានបើកច្រកលក់សំបុត្ររថភ្លើងដឹកអ្នកដំណើរអន្តរជាតិតាមអ៊ីនធើណែត និងកន្លែងលក់សំបុត្រ។ តម្លៃសំបុត្រពីទីក្រុងគុនមីងទៅទីក្រុងវៀងចន្ទន៍មានតម្លៃ ៨៦៤ យាន់សម្រាប់កៅអីកម្រិតទីមួយ និង ​​៥៤២ យាន់សម្រាប់កៅអីកម្រិតទីពីរ។ ចំណែកអ្នកដំណើរដែលទិញសំបុត្រឆ្លងដែនសម្រាប់រថភ្លើងដឹកអ្នកដំណើរអន្តរជាតិដែលចេញដំណើរពីទីក្រុងវៀងចន្ទន៍ទៅកាន់ទីក្រុងគុនមីង អាចទិញសំបុត្រតាមរយៈប្រព័ន្ធលក់សំបុត្រអ៊ីនធើណែតនៃផ្លូវរថភ្លើងប្រទេសឡាវ និងទីតាំងលក់សំបុត្រនៅស្ថានីយដែលបានកំណត់ចំនួនបួននៅវៀងច័ន្ទវ៉ានរ៉ុង ហ្លួងព្រះបាង និងម៉ូទីង៕

អ្នកបកប្រែ ៖ Shen Yan

ផ្លូវរថភ្លើងចិន-ឡាវនឹងបើកដំណើរការរថភ្លើងដឹកអ្នកដំណើរអន្តរជាតិ ពីទីក្រុងគុនមីងទៅទីក្រុងវៀងចន្ទន៍អាចទៅដល់ក្នុងថ្ងៃតែមួយ