សមាគមមិត្តភាពកម្ពុជា-ចិន ប្រារព្ធខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន

2023-04-14 17:17:06
ប្រភព:YUNNAN GATEWAY

នៅថ្ងៃទី៧ ខែមេសា ពិធីអបអរសាទរខួប ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងខួប ២៣ ឆ្នាំនៃការបង្កើតសមាគមមិត្តភាពកម្ពុជា-ចិន ដែលរៀបចំដោយសមាគមមិត្តភាពកម្ពុជា-ចិន បានធ្វើឡើងនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីនេះនិងថ្លែងសុន្ទរកថា តបតាមការអញ្ជើញរបស់ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន។

ឯកឧត្តម វ៉ាង វិនធានបានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្រពីថ្នាក់ដឹកនាំកម្រិតខ្ពស់នៃប្រទេសទាំងពីរ បានបើកទំព័រយុគសម័យថ្មីនៃការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ឆ្នាំនេះ គឺជាខួប ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជា"ឆ្នាំមិត្តភាពចិន-កម្ពុជា"។ ប្រទេសចិនមានឆន្ទៈពួតដៃជាមួយកម្ពុជា ដើម្បីលើកកម្ពស់បុព្វហេតុមិត្តភាពចិន-កម្ពុជា និងបើកទំព័រថ្មីនៃប្រទេសចិន-កម្ពុជា។ ចាប់តាំងពីបង្កើតឡើងកាលពី ២៣ ឆ្នាំកន្លងមក សមាគមមិត្តភាពកម្ពុជា-ចិនបានរួមចំណែកជាវិជ្ជមានក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជនទាំងពីរចិន-កម្ពុជា ហើយខ្ញុំជឿជាក់ថា សមាគមមិត្តភាពកម្ពុជា-ចិននឹងបន្តរួមចំណែកថ្មី និងកាន់តែធំក្នុងការកសាងសហគមន៍វាសនារួមរវាងចិន និងកម្ពុជាក្នុងយុគសម័យថ្មីនាពេលអនាគត។

ឯកឧត្តម ឯក សំអុល បានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនដល់កម្ពុជា ហើយសង្ឃឹមថាប្រទេសចិននឹងលើកទឹកចិត្តសហគ្រាសកាន់តែច្រើនមកវិនិយោគទុននៅកម្ពុជា គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។ សមាគមមិត្តភាពកម្ពុជា-ចិនប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ ហើយនឹងបន្តធ្វើការលើការលើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងចូលរួមយ៉ាងសកម្មក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។

មន្ត្រីរដ្ឋាភិបាលមកពីប្រទេសចិន និងកម្ពុជា អ្នកតំណាងនៃសហគ្រាស ស្ថាប័នពាក់ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានអញ្ជើញមលចូលរួមក្នុងពិធីនេះ៕

អ្នកសារព័ត៌មាន៖ កាំង ពិសិដ្ឋ

អ្នកបកប្រែ ៖ Shen Yan

សមាគមមិត្តភាពកម្ពុជា-ចិន ប្រារព្ធខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន