ការប៉ះទង្គិចដោយប្រដាប់អាវុធនៅស៊ូដង់បានបណ្តាលឱ្យមនុស្ស ៨៣ នាក់ស្លាប់និង ១១២៦ នាក់ទៀតរងរបួស

2023-04-17 18:19:12
ប្រភព:CRI

តាមដំណឹងនៃអង្គការសុខភាពពិភពលោកដែលប្រកាសនៅថ្ងៃទី ១៦ ខែមេសាតាមម៉ោងក្នុងតំបន់ឱ្យដឹងថា  ការប៉ះទង្គិចដោយប្រដាប់អាវុធនៅស៊ូដង់បានបណ្តាលឱ្យមនុស្ស83នាក់ស្លាប់បាត់បង់ជីវិតនិង1126នាក់ទៀតរងរបួស។ក្នុងនោះរដ្ឋKhartoum ដែលជារដ្ឋធានីបានផ្ទុះការប៉ះទង្គិចយ៉ាងខ្លាំងក្លាបំផុត។

នៅរសៀលថ្ងៃទី១៦ខែមេសាតាមម៉ោងក្នុងតំបន់  សម្ព័ន្ធអារ៉ាប់បានធ្វើកិច្ចប្រជុំបន្ទាន់នៅទីចាត់ការទូទៅដែលស្ថិតនៅក្រុងគែររដ្ឋធានីអេហ្ស៊ីប  ដើម្បីពិគ្រោះពិភាក្សាពីស្ថានការណ៍ស៊ូដង់នាពេលបច្ចុប្បន្ន។ កិច្ចប្រជុំបន្ទាន់នាថ្ងៃដដែលគឺបើកធ្វើក្រោមការសំណូមពររបស់អេហ្ស៊ីបនិងអារ៉ាប៊ីសាអូឌីត ក្រោមវត្តមានតំណាងរដ្ឋសមាជិកប្រចាំជាអចិន្ត្រៃយ៍នៅសម្ព័ន្ធអារ៉ាប់។ តំណាងអេហ្ស៊ីបប្រចាំនៅសម្ព័ន្ធអារ៉ាប់បានធ្វើជាអធិបតីនៃកិច្ចប្រជុំដោយបានអំពាវនាវឱ្យគ្រប់ភាគីរបស់ស៊ូដង់ដោះស្រាយការខ្វែងគំនិតដោយសន្តិវិធី ហើយបានគូសបញ្ជាក់ពីលក្ខណៈសំខាន់នៃការដែលកម្លាំងខាងក្រៅមិនជ្រៀតជ្រែកស្ថានការណ៍ស៊ូដង់។

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយក្រោយកិច្ចប្រជុំ សម្ព័ន្ធអារ៉ាប់បានអំពាវនាវឱ្យភាគីទាំងពីររបស់ស៊ូដង់ដែលកំពុងប៉ះទង្គិចគ្នាឈប់បាញ់គ្នាភ្លាម ហើយដោះស្រាយការខ្វែងគំនិតតាមសន្តិវិធី ។ ក្រៅពីនេះសម្ព័ន្ធអារ៉ាប់ក៏បានបញ្ជាក់ថានឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ស៊ូដង់នោះទេ៕

ការប៉ះទង្គិចដោយប្រដាប់អាវុធនៅស៊ូដង់បានបណ្តាលឱ្យមនុស្ស ៨៣ នាក់ស្លាប់និង ១១២៦ នាក់ទៀតរងរបួស