មិត្តឡាវ៖ នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​សម្រាប់​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសឡាវ និងខេត្ត​យូណាន

2023-04-17 18:26:46
ប្រភព:កាសែតយូណានដេលី

ចាប់ពីថ្ងៃទី២៩ខែមីនា ដល់ថ្ងៃទី១ខែមេសា គណៈប្រតិភូមិត្តភាពខេត្តយូណានបានធ្វើការបំពេញទស្សនកិច្ចនៅប្រទេសឡាវ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសឡាវ ភាគីទាំងពីរខេត្តយូណាន​​ និងប្រទេសឡាវបានផ្លាស់ប្តូរទស្សនៈអំពីការអនុវត្តតាមកុងសង់សុីសរវាងអ្នកដឹកនាំបក្ស និងប្រទេសទាំងពីរ ការអនុវត្តឱ្យបានជោគជ័យនូវ«សេចក្តីថ្លែងការណ៍អំពីការជំរុញការកសាងសហគមន៍វាសនារួមចិន-ឡាវ» និងការដើរឆ្ពោះទៅកាន់វិបុលភាពរួម និងជីវភាពធូរធារតាមតំបន់ព្រំដែន។ មិនតែប៉ុណ្ណោះទេ ភាគីទាំងពីរបានឯកភាពគ្នាលើការជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ កសិកម្ម កិច្ចកាត់បន្ថយភាពក្រីក្រ និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។ ប្រជាជនគ្រប់វិស័យនៃប្រទេសឡាវមានការទន្ទឹងរង់ចាំចំពោះកិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសឡាវនាពេលអនាគត។

 

​លោក Phonethavy Boutdara ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសប្រទេសឡាវ

លោក Phonethavy Boutdara ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសប្រទេសឡាវ បានមានប្រសាសន៍ថា " នេះជាលើកទី ១ ដែលគណៈប្រតិភូមិត្តភាពខេត្តយូណានអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសឡាវបន្ទាប់ពីការផ្ទុះជំងឺកូវីដ ១៩ ហើយនេះជាព្រឹត្តិការណ៍សំខាន់ក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសឡាវ និងខេត្តយូណាន។" ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១២ លោក Phonethavy Boutdara បានធ្វើការនៅខេត្តយូណាននៃប្រទេសចិនក្នុងឋានៈជាអគ្គកុងស៊ុលឡាវប្រចាំនៅទីក្រុងគុនមីងអស់រយៈពេល ៤ឆ្នាំ ហើយនៅក្នុងក្រសែភ្នែករបស់លោក វិស័យកិច្ចសហប្រតិបត្តិការរវាងប្រទេសឡាវ និងខេត្តយូណានកំពុងតែពង្រីកឥតឈប់ឈរ ហើយទទួលបានលទ្ធផលជាផ្លែផ្កាជាបន្តបន្ទាប់។

លោកបានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីទាំងពីរបានអនុវត្តយ៉ាងសកម្មនូវ «សេចក្តីថ្លែងការណ៍អំពីការជំរុញការកសាងសហគមន៍វាសនារួមចិន-ឡាវ» ហើយបានខិតខំលើកកម្ពស់ផ្លូវរថភ្លើងឡាវ-ចិន ដែលជាគម្រោងគំរូដែលមានគុណភាពខ្ពស់របស់ "ខ្សែក្រវាត់ និងផ្លូវ" និងជាគម្រោងសំខាន់នៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងឡាវ និងចិន ផ្លូវល្បឿនលឿនវ៉ានវ៉ាន បើកឱ្យដំណើរការ និងតំបន់អភិវឌ្ឍន៍ចម្រុះ Saysettha ក្រុងវៀងចន្ទន៍បានបង្កើតឡើង ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសឡាវ និងខេត្តយូណានកាន់តែស៊ីជម្រៅ ទូលំទូលាយ ក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍និងវប្បធម៌ជាដើម ឯប្រជាជននៃភាគីទាំងពីរក៏ទទួលបានផលប្រយោជន៍កាន់តែច្រើនឡើង។

លោកបានបន្ថែមទៀតថា "នៅពេលអនាគត ដោយផ្អែកលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ភាគីទាំងពីរអាចទាញយកប្រយោជន៍រៀងៗខ្លួនយ៉ាងស៊ីជម្រៅ ដើម្បីទទួលបានលទ្ធផលកិច្ចសហប្រតិបត្តិការបន្ថែមទៀត។" លោកជឿងជាក់ថា ភាគីទាំងពីរប្រទេសឡាវ និងខេត្តយូណាននឹងបង្កើតកុងសង់សុីស និងបន្តអនុវត្តយ៉ាងស៊ីជម្រៅ«សេចក្តីថ្លែងការណ៍អំពីការជំរុញការកសាងសហគមន៍វាសនារួមចិន-ឡាវ» ហើយផ្តល់គុណសម្បត្តិរបស់ខ្លួន ដើម្បីជំរុញផលិតកម្មទំនិញ និងការនាំចេញ ជំរុញការអភិវឌ្ឍខ្សែសង្វាក់ឧស្សាហកម្មនៃកសិផលដែលមានភាពឧត្តមភាព ជំរុញការអភិវឌ្ឍទេសចរណ៍ និងជំរុញការងើបឡើងវិញនៃឧស្សាហកម្មផ្សេងៗ។

 

លោក Katal Mrknoxa អ្នក​រាយការណ៍​ព័ត៌មាន និង​ជា​អ្នក​សារ​ព័ត៌មាននៃ​វិទ្យុ​ជាតិ​ឡាវ

    

លោក Katal Mrknoxa អ្នក​រាយការណ៍​ព័ត៌មាន និង​ជា​អ្នក​សារ​ព័ត៌មាននៃ​វិទ្យុ​ជាតិ​ឡាវបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមិត្តភាពខេត្តយូណានទៅកាន់ប្រទេសឡាវនេះ លោកបានប្រាប់អ្នកកាសែតថា "ទូរទស្សន៍ជាតិឡាវ វិទ្យុជាតិឡាវ «កាសែតប្រជាជនដេលី» «Vientiane Times» «Vientiane Mai» និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ឡាវបានផ្សព្វផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមិត្តភាពខេត្តយូណាននេះ"។

លោកបានបន្តទៀតថា "ខ្ញុំបានកត់សម្គាល់ឃើញថា ឯកឧត្តម វ៉ាង នីងលេខាធិការគណបក្សនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណានបានចូលរួមក្នុងពិធីប្រគល់គម្រោងវិទ្យាល័យ  Piavad ដែលផ្តល់ជំនួយដោយប្រទេសចិននៅប្រទេសឡាវ។" លោក Katal Mrknoxa បានសិក្សានៅសាលានេះពីឆ្នាំ២០០២ដល់ឆ្នាំ២០០៥ ហើយលោកបានបន្ថែមទៀតថា "ក្រោមការជួយជ្រោមជ្រែងពីខេត្តយូណាន សាលាមានអគារសិក្សាថ្មី និងឧបករណ៍បង្រៀនទំនើប ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលចិន ជាពិសេសរដ្ឋបាលខេត្តយូណាន នឹងបន្តផ្តល់ជំនួយក្នុងហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍បង្រៀនដល់ប្រទេសឡាវ"។

ជាការពិត លោក Katal Mrknoxa ក៏យកចិត្តទុកដាក់ផ្លូវរថភ្លើងឡាវ-ចិនយ៉ាងខ្លាំង លោកបានចែករំលែកថា "ផ្លូវរថភ្លើងឡាវ-ចិន គឺជាគម្រោងដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការឡាវ-ចិន។ យើងសង្ឃឹមថា តាមរយៈកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយខេត្តយូណាន នឹងពួតដៃគ្នាផ្សព្វផ្សាយព័ត៌មានអំពីលទ្ធផលប្រតិបត្តិការនៃផ្លូវដែកឡាវ-ចិនកាន់តែទូលំទូលាយ ព្រមទាំងចែករំលែករឿងរ៉ាវ និងបទពិសោធន៍របស់ប្រជាជនទទួលបានអត្ថប្រយោជន៍ពីផ្លូវរថភ្លើងឡាវ-ចិន។ ជាងនេះទៅទៀត លោកក៏ទន្ទឹងរង់ចាំការពង្រឹងការផ្លាស់ប្តូរ និងអន្តរកម្មរវាងប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសឡាវ និងខេត្តយូណាន ស្វែងរកគំរូថ្មី ក៏ដូចជាទិសដៅថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនឡាវ និងចិន។

 

លោក Meng Dawei Kunwensa បេក្ខជន​បណ្ឌិត​នៅមហាវិទ្យាល័យម៉ាក្សនិយមនៃសាកលវិទ្យាល័យយូណាន

        

នៅខែកញ្ញា ឆ្នាំ២០២២ យុវជនឡាវឈ្មោះ Meng Dawei Kunwensa បានក្លាយជានិស្សិតថ្នាក់បណ្ឌិតនៅមហាវិទ្យាល័យម៉ាក្សនិយមនៃសាកលវិទ្យាល័យយូណាន។ នៅក្នុងខែកុម្ភៈ ឆ្នាំនេះ លោក Meng Dawei Kunwensa បានទៅក្រុងលីជាំងជាមួយយុវជនមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដើម្បីចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរយុវជនឡានឆាង-មេគង្គ។ ​លោកបានប្រាប់អ្នកកាសែតថា "ខ្ញុំទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការរវាងប្រទេសឡាវ និងខេត្តយូណានឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ហើយយុវជននៃភាគីទាំងពីរនឹងឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់រួមគ្នា"៕

អ្នកសារព័ត៌មាន ៖​ យ៉ាវ ឈឹងឈឹង  យ៉ាង ឈួនមី  លាវ ជឺយ៉ូ

អ្នកបកប្រែ ៖ Shen Yan

មិត្តឡាវ៖ នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​សម្រាប់​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសឡាវ និងខេត្ត​យូណាន