"យើងនឹងផ្សព្វផ្សាយពីសំឡេងមិត្តភាពរវាងប្រទេសទាំងពីរ និងបន្តវេនចំណងមិត្តភាពកម្ពុជា-ចិនឱ្យរីកចម្រើនលូតលាស់ពីមួយជំនាន់ទៅមួយជំនាន់"

2023-06-08 10:19:16
ប្រភព:កាសែតយូណានដេលី

កម្មវិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ "ទន្លេមួយ គ្រួសារមួយ"ក្នុងយុគសម័យថ្មី ត្រូវបានប្រារព្ធនៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន នាថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែឧសភា។ ក្នុងអំឡុងពេលរៀបចំកម្មវិធី ភ្ញៀវកិត្តិយសលេងសីដក់ អមដោយសម្រែកហ៊ោកញ្ជ្រៀវ ថតរូប និងឱបគ្នាដោយស្នាមញញឹម គ្រប់ទីកន្លែងសុទ្ធតែពោរពេញដោយអារម្មណ៍សប្បាយរីករាយ។

ប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គចំនួន ៦ ត្រូវបានតភ្ជាប់ដោយភ្នំ និងទន្លេ ហើយមានទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងវប្បធម៌។ យន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺជាយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់ថ្មីដំបូងគេ ដែលចរចា កសាង និងចែករំលែកជាមួយគ្នាដោយបណ្តាប្រទេសតាមបណ្តោយទន្លេ ហើយបានក្លាយទៅជា"គំរូមាស"នៃការកិច្ចសហប្រតិបត្តិការអនុតំបន់ ដោយសាររក្សាបានការអភិវឌ្ឍក្នុងកម្រិតខ្ពស់ចាប់តាំងពីការបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០១៦ មក។ ក្នុងឱកាសគម្រប់ខួប ១០ ឆ្នាំនៃការបង្កើតរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ភ្ញៀវកិត្តិយសមកពីក្នុង និងក្រៅប្រទេសចិនបានជួបជុំនៅក្រុងគុនមីង ខេត្តយូណាន ដើម្បីចែករំលែកនូវមនោសញ្ចេតនាអំពី "ទន្លេមួយ គ្រួសារមួយ"។

ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការនៃក្រសួងព័ត៌មានកម្ពុជាធ្លាប់ទៅដល់ខេត្តយូណានជាច្រើនលើក ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ីខាងត្បូង និងវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ និងអ្នកកាសែតនៃប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គ។ ឯកឧត្តមបានមានប្រសាសន៍ថា កម្មវីធី"ទន្លេមួយ គ្រួសារមួយ"លើកនេះ បានកសាងស្ពានមិត្តភាពមួយ អ្នកទាំងអស់គ្នាជួបជុំគ្នា ដើម្បីពិគ្រោះពិភាក្សា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នា ដែលបានបង្កើន និងពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងជួយការសិក្សាបទពិសោធន៍គ្នាកាន់តែស៊ីជម្រៅរវាងបណ្តាប្រទេសទាំង ៦ តាមបណ្តោយទន្លេឡានឆាង-មេគង្គ។

ប្រទេសឡានឆាង-មេគង្គបានចាក់ឬសមូលដ្ឋានដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការ និងប្រកបដោយសក្តានុពលអភិវឌ្ឍន៍ដ៏ធំសម្បើមផងដែរ ដោយសារឧត្តមានុភាពលក្ខណៈធម្មជាតិក្នុងការ "ផឹកទឹកទន្លេតែមួយរួមគ្នា"។ ភ្ញៀវដែលបានចូលរួមក្នុងកម្មវិធីនេះជឿជាក់ថា នាពេលបច្ចុប្បន្ននេះ កម្រិតនៃការតភ្ជាប់ក្នុងតំបន់កំពុងលើកកម្ពស់ដោយល្បឿនលឿន ហើយការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងជួយកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗកាន់តែមានភាពងាយស្រួល។

ឯកឧត្តម សុខ ចាន់ភក្តី  រដ្ឋលេខាធិការនៃក្រសួងព័ត៌មានកម្ពុជាបានសម្តែងថា ទស្សនាវដ្តី«ខ្មែរ»ដែលបោះពុម្ភ ផ្សាយដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ខេត្តយូណាន បានបង្កើនការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងចិន។ ឯកឧត្តមបន្តទៀតថា ប្រទេសកម្ពុជា និងចិន ជាមិត្តដែកថែប ដែលមានភាពស្មោះត្រង់នឹងគ្នា និងស្រឡាញ់រាប់អានគ្នាដូចបងប្អូនបង្កើត។ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ខេត្តយូណានមិនគ្រាន់តែជាសក្សីនៃសមិទ្ធផលដ៏អស្ចារ្យនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងនោះផងដែរ។ ឯកឧត្តមនិយាយថា នៅពេលអនាគត ក្រសួងព័ត៌មានកម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ខេត្តយូណាន ដើម្បីផ្សព្វផ្សាយពីសំឡេងមិត្តភាពរវាងប្រទេសទាំងពីរ និងបន្តវេនចំណងមិត្តភាពកម្ពុជា-ចិនឱ្យរីកចម្រើនលូតលាស់ពីមួយជំនាន់ទៅមួយជំនាន់។

    

លោកស្រី ថុង សវណ្ណរង្សី អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា និងជាអគ្គនាយិការសារព័ត៌មាន «កោះសន្តិភាព» កម្ពុជា បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនកាសែត យូណាន ដេលី គ្រុប ហើយសង្ឃឹមថាភាគីទាំងពីរនឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការចែករំលែកព័ត៌មាន ផ្លាស់ប្តូរព័ត៌មាន ធ្វើទស្សនកិច្ច និងបណ្តុះបណ្តាលអ្នកកាសែត និងអ្នកនិពន្ធជាដើម៕

អ្នកបកប្រែ ៖ Li Zha

"យើងនឹងផ្សព្វផ្សាយពីសំឡេងមិត្តភាពរវាងប្រទេសទាំងពីរ និងបន្តវេនចំណងមិត្តភាពកម្ពុជា-ចិនឱ្យរីកចម្រើនលូតលាស់ពីមួយជំនាន់ទៅមួយជំនាន់"