វេទិកាអឺហៃ៖ ទទួលយកអនាគតដ៏ល្អប្រសើរជាមួយពិភពលោក
ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែឧសភា វេទិកាស្តីពីការលើកកម្ពស់ការកសាងអេកូ-អរិយធម៌ពិភពលោក(អឺហៃ)ឆ្នាំ២០២៣ ត្រូវបានប្រារព្ធឡើងនៅមណ្ឌលស្វយ័តជនជាតិបៃ តាលី ខេត្តយូណាននៃប្រទេសចិន។

ចាប់តាំងពីវេទិកាអឺហៃលើកដំបូងបានប្រារព្ធឡើងនៅឆ្នាំ២០២១ មក វេទិកានេះបានក្លាយជាវេទិកាមួយក្នុងការលើកកម្ពស់ការកសាងអេកូ-អរិយធម៌ពិភពលោក និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពជាសកល។ នៅឆ្នាំនេះ វេទិកាអឺហៃបានចេញផ្សាយគំនិតផ្តួចផ្តើមអឺហៃ "ការស្វែងរកទម្រង់ថ្មីនៃអរិយធម៌របស់មនុស្សជាតិ និងការជំរុញការរួមរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ"។

លោក លី ជួនហួ អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសចិនបានប្រកាន់យកការអភិវឌ្ឍប្រកបដោយចីរភាពជាយុទ្ធសាស្ត្រជាតិ ហើយបានដាក់ចេញនូវគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកល។ល។ គំនិតផ្តួចផ្តើមទាំងនោះដែលបានជំរុញឱ្យមានការរីកចម្រើនក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសកល និងក្នុងតំបន់។

លោក Sugath Rathnavakeសាស្ត្រាចារ្យជនជាតិស្រីលង្កានៅសាកលវិទ្យាល័យយូណានមានការរំជួលចិត្តយ៉ាងខ្លាំងចំពោះវេទិកានេះ។ លោកបានមានប្រសាសន៍ថា ប្រទេសចិនបាន និងកំពុងជួយយ៉ាងសកម្មដល់ប្រទេសកំពុងអភិវឌ្ឍន៍អនុវត្តគោលគំនិតនៃការការពារជីវចម្រុះ ហើយបង្កើនការយល់ដឹងអំពីការការពារជីវៈចម្រុះក្នុងបណ្តាប្រទេសតាមបណ្តោយ "ខ្សែក្រវាត់ និងផ្លូវ" និងពង្រឹងកិច្ចសហប្រតិបត្តិការជីវចម្រុះពិភពលោកឱ្យកាន់តែស៊ីជម្រៅ។
ឆ្នាំនេះគឺជាខួបលើកទី ១០ នៃការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និងផ្លូវ"។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយគ្រប់ភាគី ដោយធ្វើឱ្យពណ៌បៃតងក្លាយជាធាតុសំខាន់បំផុតនៃ"ខ្សែក្រវាត់ និងផ្លូវ" ។

លោក U Win Tin និពន្ធនាយកនៃទស្សនាវដ្តីប្រចាំសប្តាហ៍«The Northern Light»របស់ប្រទេសមីយ៉ាន់ម៉ា បានថ្លែងថា ដើមឈើត្រូវបានដាំនៅសងខាងផ្លូវក្នុងទីក្រុងនានាក្នុងប្រទេសចិន ហើយការសាងសង់ផ្លូវថ្នល់ និងផ្លូវដែកមិនធ្វើឱ្យខូចបរិស្ថានអេកូឡូស៊ីនោះទេ។ នេះធ្វើឱ្យលោកជឿជាក់ថា ប្រទេសចិនមានសមត្ថភាពជំរុញការកសាងសហគមន៍វាសនារួមរវាងមនុស្ស និងធម្មជាតិ។
លោក លី យុងហុង នាយករងនៃមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរបរទេសនៃក្រសួងអេកូ-បរិស្ថានចិន បានមានប្រសាសន៍ថា មជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរបរទេសនៃក្រសួងអេកូ-បរិស្ថានចិនបានអនុវត្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយដែលជុំវិញប្រធានបទការអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដូចជាចិន-អាស៊ាន ឡានឆាង-មេគង្គ និងចិន-អាហ្រ្វិកជាដើម បានទទួលការរីកចម្រើនថ្មីជាបន្តបន្ទាប់៕
អ្នកបកប្រែ ៖ Shen Yan