វេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ”លើកទី៣នឹងប្រារព្ធធ្វើនៅប៉េកាំងនៅខែតុលាខាងមុខនេះ
រសៀលថ្ងៃទី៣១ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទកាសែតជាប្រចាំថា ភាគីចិននឹងប្រារព្ធធ្វើវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ”លើកទី៣នៅទីក្រុងប៉េកាំងនៅខែតុលាខាងមុខនេះ ។ នេះមិនគ្រាន់តែជាសកម្មភាពដ៏មហាឡារិកបំផុតដើម្បីអបអរសាទរខួប១០ឆ្នាំនៃការលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ប៉ុណ្ណោះទេ ក៏ជាវេទិកាសំខាន់មួយសម្រាប់បណ្តាភាគីពិភាក្សាគ្នាអំពីការរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ផងដែរ។ ភាគីចិនកំពុងប្រាស្រ័យទាក់ទងជាមួយគ្រប់ភាគីនៃកិច្ចការចាត់ចែងរៀបចំ។
លោក Wang Wenbin បានប្រាប់ថា កាលពី១០ឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ។ រយៈពេល ១០ ឆ្នាំកន្លងទៅ គំនិតផ្តួចផ្តើមនេះបានក្លាយជាទំនិញសាធារណៈអន្តរជាតិដែលត្រូវស្វាគមន៍ជាទូទៅនិងជាវេទិកាសហប្រតិបត្តិការអន្តរជាតិ ដែលមានទ្រង់ទ្រាយធំបំផុត ដែលគិតត្រឹមពេលនេះទំហំបណ្តាក់ទុនពាក់ព័ន្ធបានជិត ១ រាប់ទ្រីលានដុល្លារអាមេរិក។ គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានដំណើរការ ដែលបានបញ្ចូលកម្លាំងចលករខ្លាំងដល់ការអភិវឌ្ឍដែលបានកសាងរួមគ្នា។ គម្រោងថាមពលបៃតងមួយចំនួនដែលប្រកបដោយប្រសិទ្ធិភាពខ្ពស់និងគុណភាពខ្ពស់បានបំភ្លឺមាគ៌ាអភិវឌ្ឍន៍ជាតិរបស់បណ្តាប្រទេសដែលរួមកសាងគ្នា។ គម្រោងសង្គមស៊ីវិលខាងកាត់បន្ថយភាពក្រីក្រ បច្ចេកទេសកសិកម្មនិងការអប់រំវិជ្ជាជីវៈជាដើម បានជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅក្នុងប្រទេសដែលបានរួមគ្នាកសាងយ៉ាងច្បាស់លាស់។ តាមការប៉ាន់ប្រមាណនៃធនាគារពិភពលោក ការបើកធ្វើគម្រោងផ្នែកគមនាគមន៍ក្រោមក្របខ័ណ្ឌ “ខ្សែក្រវាត់និងផ្លូវ” ត្រូវអនុវត្តទាំងអស់ ហើយរហូតដល់ឆ្នាំ ២០៣០ នឹងជួយមនុស្សចំនួន ៧៦ សែននាក់លើពិភពលោកចេញផុតពីភាពក្រីក្រខ្លាំង និងមនុស្សចំនួន ៣២ លាននាក់លើពិភពលោកឱ្យចេញផុតពីភាពក្រីក្រកម្រិតមធ្យម៕