អ្នកដឹកនាំអេហ្ស៊ីបនិងប៉ាឡេស្ទីនជួបពិភាក្សាតាមទូរស័ព្ទដើម្បីពិគ្រោះពិភាក្សាអំពីបញ្ហាប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល
ថ្ងៃទី៨ ខែតុលា ទីសី្តការប្រធានាធិបតីអេហ្ស៊ីបបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា នៅថ្ងៃដដែល លោក Abdelfattah al Sisi ប្រធានាធិបតីអេហ្ស៊ីបនិងលោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីនបានជួបពិភាក្សាតាមទូរស័ព្ទ ដើម្បីធ្វើការពិគ្រោះពិភាក្សាអំពីការឡើងកម្តៅនៃស្ថានការណ៍ប៉ះទង្គិចយោធារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលនៅតំបន់កាហ្សា ។
សេចក្តីថ្លែងការណ៍បានចែងថា ប្រធានាធិបតីនៃប្រទេសទាំងពីរយល់ឃើញថា បញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលខ្វះទិដ្ឋភាពដោះស្រាយតាមមធ្យោបាយនយោបាយ ហើយភាពអាប់អួនៃស្ថានការណ៍នាពេលបច្ចុប្បន្ននេះគឺមានគ្រោះថ្នាក់ ដែលបានគំរាមកំហែលដល់សុវត្ថិភាពអាយុជីវិតរបស់ជនស៊ីវិល ក៏ដូចជាសន្តិសុខនិងស្ថិរភាពក្នុងតំបន់ផងដែរ ។ ភាគីទាំងពីរបានសម្តែងការយកចិត្តទុកដាក់ចំពោះការឡើងកម្តៅថែមទៀតនៃស្ថានការណ៍ប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល និងភាពអាប់អួនៃស្ថានការណ៍សន្តិសុខនិងមនុស្សធម៌ ។
សេចក្តីថ្លែងការណ៍បានចែងទៀតថា ភាគីទាំងពីរយល់ឃើញថា ការសម្រេចបាននូវស្ថិរភាពជានិរន្តរភាពក្នុងតំបន់ ត្រូវឈរលើមូលដ្ឋាន “ផែនការប្រទេសពីរ” ហើយត្រូវសម្រេចបាននូវការដោះស្រាយបញ្ហាប៉ាឡេស្ទីនដោយយុត្តិធម៌និងគ្រប់ជ្រុងជ្រោយ ដោយអនុលោមតាមសេចក្តីសម្រេចចិត្តដ៏ស្របច្បាប់ជាលក្ខណៈអន្តរជាតិ ៕