តំណាងចិនអំពាវនាវឱ្យបណ្តាភាគីនានានៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលរក្សាការអត់ធ្មត់ ចៀសវាងកុំឱ្យស្ថានការណ៍ឡើងកម្តៅថែមមួយកម្រិតទៀត

2023-10-09 16:35:56
ប្រភព:CRI

ថ្ងៃទី៨ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើការពិគ្រោះពិភាក្សាជាបន្ទាន់អំពីស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែល ។ ក្នុងកិច្ចពិគ្រោះពិភាក្សា លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានអធិប្បាយពីគោលជំហររបស់ចិនអំពីស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែលនាពេលបច្ចុប្បន្ន ព្រមទាំងអំពាវនាវឱ្យបណ្តាភាគីនានារក្សាការអត់ធ្មត់ ចៀសវាងកុំឱ្យស្ថានការណ៍ប៉ះទង្គិចឡើងកម្តៅថែមមួយកម្រិតទៀត ។

លោក Zhang Jun បានថ្លែងថា ប្រទេសចិនយកចិត្តទុកដាក់ខ្លាំងចំពោះការប៉ះទង្គិចយ៉ាងខ្លាំងក្លារវាងអ៊ីស្រាអែលនិងកងកម្លាំងប្រដាប់អាវុធនៅតំបន់កាហ្សា ហើយមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍អាប់អួថែមមួយកម្រិតទៀតនៅពេលខាងមុខ ។ ប្រទេសចិនថ្កោលទោសរាល់អំពើរហិង្សានិងការវាយប្រហារណាដែលសំដៅចំពោះជនស៊ីវិលទាំងអស់ ហើយអំពាវនាវឱ្យបណ្តាភាគីនានារក្សាការអត់ធ្មត់ក្នុងអតិបរមា ដើម្បីចៀសវាងកុំឱ្យស្ថានការណ៍ប៉ះទង្គិចឡើងកម្តៅថែមមួយកម្រិតទៀត និងសម្រេចបាននូវការឈប់បាញ់ក្នុងក្នុងពេលឆាប់ៗ ។

លោក Zhang Jun បានថ្លែងទៀតថា មូលហេតុពីឫសគល់ដែលបណ្តាលឱ្យស្ថានការណ៍រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលតែងតែកើតមានវិបតិ្ត គឺដោយមកពីដំណើរសន្តិភាពនៅមជ្ឈិមបូព៌ាបានងាកចេញពីផ្លូវត្រឹមត្រូវ មូលដ្ឋាននៃ “ផែនការប្រទេសពីរ”បានរងការបំពានឥតឈប់ឈរ ថែមទាំងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិក៏មិនបានត្រូវអនុវត្តយ៉ាងប្រាកដប្រជាផងដែរ ។ ដូច្នេះ សហគមន៍អន្តរជាតិនិងសាមីភាគី ចាំបាច់ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងប្រាកដប្រជាឱ្យបានបន្ទាន់បំផុត ដើម្បីជំរុញការអនុវត្ត “ផែនការប្រទេសពីរ” ៕

តំណាងចិនអំពាវនាវឱ្យបណ្តាភាគីនានានៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលរក្សាការអត់ធ្មត់ ចៀសវាងកុំឱ្យស្ថានការណ៍ឡើងកម្តៅថែមមួយកម្រិតទៀត