ចំនួនអ្នកស្លាប់ក្នុងការប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលឡើងដល់ប្រហែល ១៦០០ នាក់

2023-10-10 18:12:49
ប្រភព:CRI

យប់ថ្ងៃទី៩ខែតុលា ស្ថាប័នសុខាភិបាលនៃតំបន់កាហ្សារបស់ប៉ាឡេស្ទីនបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា កងទ័ពអ៊ីស្រាអែលបានវាយប្រហារតំបន់កាហ្សាដែលបណ្តាលឱ្យមនុស្ស៦៨៧នាក់ស្លាប់និង៣៧២៦នាក់ទៀតរងរបួស ។ ប្រព័ន្ធសារព័ត៌មានអ៊ីស្រាអែលបានផ្សាយដំណឹងនៅយប់ថ្ងៃដដែលថា ការប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានបណ្តាលឱ្យប្រជាជនអ៊ីស្រាអែលជាង៩០០នាក់ស្លាប់បាត់បង់ជីវិត ។

ឥស្សរជនប៉ាឡេស្ទីនមួយរូបបានបង្ហើបប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី៩ខែតុលាថា រសៀលថ្ងៃដដែល កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាញឹកញាប់ទៅលើក្រុងកាហ្សា បានបណ្តាលឱ្យសំណង់យ៉ាងហោចណាស់ចំនួន៨៦ត្រូវបំផ្លាញ ។

អ្នកនាំពាក្យនៃកងកម្លាំង Qassam ដែលជាកងកម្លាំងប្រដាប់អាវុធក្រោមឱវាទអង្គការហាម៉ាសបានចេញផ្សាយសេចក្តីថ្លែងការណ៍នៅយប់ថ្ងៃទី៩ខែតុលាថា អង្គការហាម៉ាសបានត្រៀមលក្ខណៈធ្វើសង្គ្រាមរយៈពេលយូររួចហើយ ហើយបានត្រៀមរួចរាល់សម្រាប់ឆ្លើយតបនឹងលទ្ធភាពទាំងអស់ដែលអាចនឹងកើតឡើង ។

តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីនកាលពីថ្ងៃទី៩ខែតុលាឱ្យដឹងថា ថ្ងៃដដែល លោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ។ លោក Mahmoud Abbas បានអំពាវនាវឱ្យអង្គការសហប្រជាជាតិជួយធ្វើអន្តរាគមន៍ភ្លាម ដើម្បីទប់ស្កាត់ការឈ្លានពានរបស់អ៊ីស្រាលអែលចំពោះប្រជាជនប៉ាឡេស្ទីន ហើយបានគូសបញ្ជាក់ពីសារសំខាន់នៃការផ្តល់ជំនួយខាងវេជ្ជសាស្ត្រទៅឱ្យតំបន់កាហ្សាផងដែរ៕

ចំនួនអ្នកស្លាប់ក្នុងការប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលឡើងដល់ប្រហែល ១៦០០ នាក់