លោក ភូទីន ប្រធានាធិបតីរុស្ស៊ីថ្លែងថា៖ការដែលសហរដ្ឋអាមេរិកដាក់ពង្រាយក្បួននាវាផ្ទុកយន្តហោះចម្បាំងនឹងបណ្តាលឱ្យស្ថានការណ៍ប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលកាន់តែឡើងកម្តៅ

2023-10-12 16:48:45
ប្រភព:CRI

បន្ទាប់ពីការប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានផ្ទុះឡើង សហរដ្ឋអាមេរិកបានបន្តចាក់សាំងទៅលើភ្លើងដែលសន្យាថា នឹងផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ីស្រាអែល ។ កាលពីថ្ងៃទី ១០ ខែតុលា គ្រឿងសព្វាវុធនិងគ្រាប់រំសេវជំហានទីមួយព្រមនិងក្បួននាវាផ្ទុកយន្តហោះចម្បាំងរបស់អាមរិកបានទៅដល់អ៊ីស្រាអែលនិងលំហសមុទ្រក្បែរដែនដីអ៊ីស្រាអែល ។ លើសពីនេះទៅទៀត លោក Antony J.Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានចេញដំណើរទៅកាន់អ៊ីស្រាអែលនៅថ្ងៃទី ១១ ខែតុលានេះដើម្បីធ្វើការប្រាស្រ័យទាក់ទងនិងពិគ្រោះពិភាក្សាអំពីស្ថានការណ៍បច្ចុប្បន្ននេះជាមួយអ៊ីស្រាអែល ។

សំដៅចំពោះករណីដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយក្បួននាវាផ្ទុកយន្តហោះចម្បាំងនៅភាគខាងកើតតាមបណ្តោយសមុទ្រមេឌីទែរ៉ាណេ លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានលើកឡើងនៅថ្ងៃ ១១ ខែតុលាថា ទង្វើរបស់អាមេរិកបែបនេះគឺ ធ្វើឱ្យស្ថានការណ៍ក្នុងតំបន់កាន់តែតានតឹងថែមទៀត ។

លោក ភូទីន បានលើកឡើងទៀតថា គោលជំហររបស់រុស្ស៊ីដែលតែងតែប្រកាន់ខ្ជាប់ជានិច្ចគឺ គាំទ្រការអនុវត្តសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការបង្កើតរដ្ឋអធិបតេយ្យប៉ាឡេស្ទីន ។ ដោយឡែកមានយន្តការជាច្រើនអាចជួយដោះស្រាយការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបាន ប៉ុន្តែសហរដ្ឋអាមេរិកបានបោះបង់ចោលយន្តការទាំងនេះ ។ លោក ភូទីន បន្តថ្លែងថា សហរដ្ឋអាមេរិកបានដាក់ពង្រាយក្បួននាវាផ្ទុកយន្តហោះចម្បាំងមួយនៅសមុទ្រមេឌីទែរ៉ាណេ ហើយគ្រោងនឹងដាក់ពង្រាយក្បួននាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿងទៀត ទង្វើបែបនេះមិនអាចជួយដោះស្រាយការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានទេ៕

លោក ភូទីន ប្រធានាធិបតីរុស្ស៊ីថ្លែងថា៖ការដែលសហរដ្ឋអាមេរិកដាក់ពង្រាយក្បួននាវាផ្ទុកយន្តហោះចម្បាំងនឹងបណ្តាលឱ្យស្ថានការណ៍ប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលកាន់តែឡើងកម្តៅ