គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ផ្តល់គំរូសម្រាប់កិច្ចសហប្រតិបត្តិការ "ត្បូងពេជ្រ"

2023-10-12 16:57:42
ប្រភព:កាសែតយូណានដេលី

នៅពេលនិយាយអំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិខ្មែរឈ្មោះ វិន ឈុំ បាននិយាយដោយមានភាពសប្បាយរីករាយថា "ការសាងសង់អាកាសយានដ្ឋានថ្មី និងបើកផ្លូវអាកាសចរណ៍ហោះហើរត្រង់ទៅប្រទេសជាច្រើន នឹងអាចទាក់ទាញទេសចរបរទេសកាន់តែច្រើន និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ក្រុមហ៊ុនទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅប្រទេសកម្ពុជា"។ លោកយល់ឃើញថា អាកាសយានដ្ឋានថ្មីមិនគ្រាន់តែបានកែលម្អលក្ខខណ្ឌនៃហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបានចាក់បញ្ចូលនូវកម្លាំងរស់រវើកថ្មីសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៃខេត្តសៀមរាប ប្រទេសកម្ពុជាទៀតផង។

ក្នុងនាមជាគម្រោងសហប្រតិបត្តិការសមត្ថភាពផលិតដ៏សំខាន់រវាងប្រទេសចិន និងកម្ពុជា និងជាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់កម្ពុជា ក្តីសុបិន និងឈ្នះ-ឈ្នះ គឺជាពាក្យដែលត្រូវបានភាគីចិន និងកម្ពុជាលើកឡើងជាញឹកញាប់សម្រាប់ជាការវាយតម្លៃលើគម្រោងនេះ។

 

ជំរុញឱ្យខេត្តសៀមរាបក្លាយជាផ្កាយរះនៃភាគពាយ័ព្យ

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរមានទីតាំងស្ថិតនៅក្នុងស្រុកសូទ្រនិគមភាគខាងកើតនៃខេត្តសៀមរាប ប្រទេសកម្ពុជា ដែលមានទំហំ ៧០០ ហិកតា និងអាចទទួលអ្នកដំណើរបាន ៧ លាននាក់ក្នុងមួយឆ្នាំ។ គម្រោងនេះរួមគ្នាធ្វើការវិនិយោគដោយក្រុមហ៊ុនវិនិយោគសំណង់ខេត្តយូណាន គ្រុប និងក្រុមហ៊ុនព្រលានយន្តហោះខេត្តយូណាន គ្រុប (បច្ចុប្បន្នហៅថា ក្រុមហ៊ុនវិនិយោគអាកាសចរណ៍ខេត្តយូណាន គ្រុប) ដែលមានក្រុមហ៊ុនវិនិយោគខេត្តយូណាន គ្រុប ជាអ្នករៀបចំទូទៅ។ ក្រុមហ៊ុនទាំងនោះរួមគ្នាបង្កើតក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ(កម្ពុជា) (ខាងក្រោមហៅកាត់ថា ក្រុមហ៊ុនអង្គរ) ដើម្បីអនុវត្តការសាងសង់អាកាសយានដ្ឋានថ្មី។ គម្រោងនេះបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែមីនា ឆ្នាំ២០២០ ​នឹង​ត្រូវ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​នេះ។

  

ក្រោយ​ពី​ធ្វើ​ដំណើពី​ភ្នំពេញ​មក​សៀមរាប​វិញ លោក លូ វៃ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអង្គរទៅ​ការដ្ឋានសាងសង់ លោកបានប្រាប់អ្នកកាសែតថា "ការ​រីក​ចម្រើន​ដោយ​រលូន​នៃ​គម្រោង​នេះ គឺ​មិន​អាច​កាត់​ផ្ដាច់​ពី​ការ​គាំទ្រ​ពីរាជ​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​ក្នុង​តំបន់"។ លោកយល់ឃើញថា នេះគឺជាគម្រោងមួយដែលធ្វើដំណើរទៅមក "ទ្វេទិស"។

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការត្រួតពិនិត្យអំពីដំណើរការអនុវត្តគម្រោងនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា "ប្រទេសចិនជួយសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរចំពេលល្អ ហើយនឹងអាចជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៃខេត្តសៀមរាប និងទីក្រុងនានានៅក្នុងតំបន់ ផ្តល់ឱកាសការងារដល់ប្រជាជន និងជំរុញឱ្យខេត្តសៀមរាបក្លាយជាផ្កាយរះនៃភាគពាយ័ព្យ"។

 

បុគ្គលិកក្នុងតំបន់ទទួលបានអត្ថប្រយោជន៍ជាក់ស្តែងពីគម្រោង

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ បានបង្កប់នូវញើសឈាម និងកិច្ចខិតខំប្រឹងប្រែងរបស់យុវជនចិន និងកម្ពុជាច្រើនរាប់មិនអស់។

លោក វ៉ាង ហុងសៀន អគ្គនាយករង និងជាលេខាធិការក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអង្គរ ដែលកើតនៅឆ្នាំ១៩៨៧ បានបញ្ជាក់ថា "ដើម្បីធានាឱ្យគម្រោងសាងសង់ត្រូវបានបញ្ចប់តាមពេលកំណត់ មានសហការីចិនជាច្រើនមិនបានទៅប្រទេសចិនវិញក្នុងរយៈពេល ៣ ឆ្នាំ អ្នកខ្លះទើបបានកូននៅពេលចាកចេញពីប្រទេសចិន តែនៅពេលត្រឡប់ទៅប្រទេសចិនវិញ កូនរបស់ពួកគេចេះហៅប៉ាម៉ាក់ហើយ។ ពិតមែនតែមានភាពនឿយហត់ខ្លាំង ប៉ុន្តែយើងក៏មានមោទនភាពក្នុងការទទួលបន្ទុកអនុវត្តគម្រោងដ៏អស្ចារ្យនេះ"។ ក្រោមសីតុណ្ហភាព ៤០ អង្សាសេនៅប្រទេសកម្ពុជា យុវជនចិន និងខ្មែរមួយក្រុមដែលមានភាពស្វាហាប់ក្នុងការងារ និងមានឧត្តមគតិដ៏ខ្ពង់ខ្ពស់ កំពុងលូតលាស់ជាមួយគម្រោងសាងសង់នេះ។

    

លោក វ៉ាង ហុងសៀន បានណែនាំថា គម្រោងនេះធ្លាប់បានបង្កើតឱកាសការងារចំនួនជាង ៣០០០ ដល់ប្រជាជនក្នុងតំបន់។ ក្រោយពីបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រុមហ៊ុននឹងបន្តផ្តល់ឱកាសការងារដល់អ្នកស្រុកក្នុងតំបន់ដើម្បីឱ្យពួកគេអាចមកចូលធ្វើការនៅព្រលានយន្តហោះថ្មី។ក្រុមហ៊ុនអនុវត្តកម្មសិក្សា និងរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពន្លឿនការបណ្តុះបណ្តាលអ្នកជំនាញកម្ពុជាសម្រាប់ប្រតិបត្តិការអាកាសយានដ្ឋាន និងកាត់បន្ថយភាគរយអ្នកគ្រប់គ្រងជនជាតិចិនជាបន្តបន្ទាប់ ព្រមទាំងធ្វើការងារបានល្អក្នុងប្រតិបត្តិការក្នុងតំបន់ នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងពីគម្រោងសម្រាប់បុគ្គលិកក្នុងតំបន់។

 

បន្ត​រួម​ចំណែក​ជាកម្លាំងចលករ​របស់​ខេត្ត​យូណាន​ក្នុង​ការ​បន្តវេន​នៃ​មិត្តភាពចិន-​កម្ពុជា​

កញ្ញា ងិន មករា មានអាយុ ២៤ ឆ្នាំ។ នាងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ គុនមីង ដោយបានទទួលនូវអាហារូបករណ៍ដែលផ្តល់ដោយក្រុមហ៊ុនអង្គរ។ នៅដើមខែកក្កដា ឆ្នាំនេះ នាងត្រឡប់ទៅប្រទេសកម្ពុជាវិញ។ នាងបានប្រាប់អ្នកកាសែតថា "ក្រុមហ៊ុនអង្គរបានកែប្រែជោគវាសនារបស់ខ្ញុំ ហើយជួយឱ្យខ្ញុំទៅសម្រេចសុបិនរបស់ខ្លួនដោយភាពក្លាហាន និងកម្លាំងសមត្ថភាពគ្រប់គ្រាន់"។

ចាប់តាំងពីឆ្នាំ២០១៩មក ក្រុមហ៊ុនអង្គរបានចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ គុនមីង ដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ពិសេសគឺនិស្សិតដែលមកពីគ្រួសារក្រីក្រ ដើម្បីឱ្យពួកគេមានឱកាសទៅបន្តការសិក្សានៅប្រទេសចិន។ គិតមកដល់ពេលនេះ និស្សិតខ្មែរ ២១ រូបបានទទួលអាហារូបករណ៍ពីក្រុមហ៊ុន ហើយបញ្ចប់ការសិក្សានៅប្រទេសចិន។ លោក វ៉ាង ហុងសៀន បានបញ្ជាក់ថា យើងមិនបានដាក់លក្ខខណ្ឌអ្វីដល់ពួកគេទេ និស្សិតដែលទទួលបានអាហារូបករណ៍អាចជ្រើសរើសមុខជំនាញ និងការងារតាមចំណូលចិត្តរបស់ខ្លួន។

      

ក្រៅពីផ្តល់មូលនិធិដល់និស្សិតបន្តការសិក្សា ក្រុមហ៊ុនអង្គរក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដែលរៀបចំដោយស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីផ្តល់ការគាំទ្រផ្នែកដឹកជញ្ជូន និងអាយុជីវិតដល់ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដចិន។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ សេវាព្យាបាលឥតគិតថ្លៃត្រូវបានទទួលស្គាល់ និងកោតសរសើរពីប្រជាជនក្នុងតំបន់។ អ្នក​ជំងឺ​ដែល​បាន​ព្យាបាល និង​ក្រុម​គ្រួសារ​បាន​សរសើរ​គម្រោង​នេះថា "នេះគឺជាសកម្មភាពសប្បុរសធម៌ដែលផ្តល់សុភមង្គល និងនាំមកនូវភាពកក់ក្តៅ និងសុខភាពដល់ប្រជាជនក្នុងតំបន់"៕

អ្នកសារព័ត៌មាន ៖ Shen Yan   Han Chengyuan

អ្នក​បក​ប្រែ ៖ Shen Yan

គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ផ្តល់គំរូសម្រាប់កិច្ចសហប្រតិបត្តិការ "ត្បូងពេជ្រ"