ចិននិងស៊ែប៊ីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

2023-10-18 17:09:25
ប្រភព:CRI

អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី ១៧ ខែតុលាថា 《កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែប៊ី》ត្រូវបានចុះហត្ថលេខានៅក្រុងប៉េកាំងក្នុងថ្ងៃដដែលនោះ ។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងគេដែលបានចុះហត្ថលេខារវាងចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើត និងជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី ២២ ដែលចិនបានចុះហត្ថលេខា ប្រទេសស៊ែប៊ីបានក្លាយជាដៃគូពាណិជ្ជកម្មសេរីទី ២៩ របស់ប្រទេសចិន។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស៊ែប៊ី គឺជាវិធានការសំខាន់សម្រាប់អនុវត្តគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយក៏ជាសមិទ្ធផលដ៏សំខាន់នៃវេទិកាកំពូល«ខ្សែក្រវាត់និងផ្លូវ»សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ៣ ផងដែរ ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចិននិងស៊ែប៊ីនឹងសម្រេចបាននូវការបើកចំហកម្រិតខ្ពស់ទៅវិញទៅមក រៀបចំប្រព័ន្ធថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី បង្កបរិយាកាសធុរកិច្ចដែលកាន់តែមានភាពអនុគ្រោះ ងាយស្រួល តម្លាភាព និងស្ថិរភាពសម្រាប់សហគ្រាសនៃប្រទេសទាំងពីរសំដៅបំពេញបន្ថែមកម្លាំងចលករសម្រាប់ជំរុញការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ "ប្រកបដោយគុណភាពនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងស៊ែប៊ី៕

ចិននិងស៊ែប៊ីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី