លោក សោម ភារៈ ៖ ខ្ញុំបានទទួលសំបុត្រឆ្លើយតបដ៏មានន័យបំផុតសម្រាប់ខ្ញុំ
លោក សោម ភារៈ ជាសវនករម្នាក់ ដែលបម្រើការនៅអាជ្ញាធរសវនកម្មជាតិនៃប្រទេសកម្ពុជា។ កាលពីមុនលោកមិនដែលគិតថាលោកនឹងមកប្រទេសចិនដើម្បីបន្តការសិក្សានៅអាយុ ៤៥ ឆ្នាំ (ឆ្នាំ២០២២) ហើយក្លាយជានិស្សិតអន្តរជាតិក្នុងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អន្តរជាតិ ជំនាញសវនកម្ម ក្នុងសាកលវិទ្យាល័យសវនកម្មណានជីង ប្រទេសចិន។
អ្វីដែលលោកនឹកស្មានមិនដល់នោះ គឺនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំនេះ លោកបានទទួលសំបុត្រឆ្លើយតបពិសេសពីឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនភីង។ ក្នុងសំបុត្រ ឯកឧត្តម ស៊ី ជីនភីង បានសម្តែងភាពរីករាយចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ពួកគេ។ លោកបានប្រាប់អ្នកកាសែតថា "មិត្តរួមថ្នាក់ទាំងមូលរំភើបណាស់។ នេះគឺជាសំបុត្រឆ្លើយតបដ៏មានន័យបំផុតដែលខ្ញុំធ្លាប់ទទួលបានក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំនៅតែចងចាំគ្រប់ពាក្យនៅក្នុងសំបុត្រនេះ"។
លោក សោម ភារៈ មកពីខេត្តព្រះសីហនុ ប្រទេសកម្ពុជា មានទំនាក់ទំនងជាមួយប្រទេសចិនមានតាំងពីឆ្នាំ២០០៧។ នៅឆ្នាំនោះ អាជ្ញាធរសវនកម្មជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន និងអាជ្ញាធរសវនកម្មជាតិកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ។ ក្រោយមក ដោយសារការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" បានពន្លឿនការតភ្ជាប់ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យត្រូវបានពង្រីក និងស៊ីជម្រៅបន្ថែមទៀតរវាងប្រទេសកម្ពុជា និងចិន។ ដើម្បីចែករំលែកបទពិសោធន៍ជោគជ័យរបស់ប្រទេសចិនក្នុងការធ្វើសវនកម្ម និងសម្រេចបាននូវវឌ្ឍនភាពរួម ប្រទេសចិនបានផ្តល់ឱកាសបន្តការសិក្សា និងបណ្តុះបណ្តាលបន្ថែមដល់បុគ្គលិកចំពោះអាជ្ញាធរសវនកម្មជាតិកម្ពុជា ដូច្នេះ ហើយលោក សោម ភារៈក៏ទទួលបានឱកាសទៅបន្តការសិក្សានៅប្រទេសចិនផងដែរ។
ក្នុងថ្នាក់សិក្សាអន្តរជាតិ លោក សោម ភារៈ ជា"បងច្បូង" និងជានិស្សិតខ្មែរតែម្នាក់គត់ក្នុងថ្នាក់។ លោកបាននិយាយថា លោកកម្រមានអារម្មណ៍ឯកោ ឬមិនទម្លាប់ទេ។ នៅប្រទេសចិន លោកមិនត្រឹមតែបានជួបគ្រូ និងមិត្តល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយសវនករ ៣៦ នាក់មកពីប្រទេសផ្សេងទៀតក្នុងថ្នាក់របស់គាត់ ដែលធ្វើឱ្យការសិក្សា និងជីវិតរបស់លោកនៅប្រទេសចិនប្រកបដោយភាពរស់រវើក និងមានពណ៌ចម្រុះ។
តាមទស្សនៈរបស់លោក សវនកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងជាតិ។ លោកបានបង្ហាញថា "បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំនិងត្រឡប់ទៅប្រទេសកម្ពុជាវិញ ហើយយកចំណេះដឹង និងបទពិសោធន៍ដែលខ្ញុំបានសិក្សានៅប្រទេសចិន មកប្រើប្រាស់ក្នុងការកសាង និងកែលម្អប្រព័ន្ធសវនកម្មរបស់ប្រទេសកម្ពុជា។ ខ្ញុំជឿជាក់ថា វានឹងនាំមកនូវអត្ថប្រយោជន៍សម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា"។
លោក សោម ភារៈ បានបន្តទៀតថា "ទោះបីជាខ្ញុំមិនដែលបានជួបឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ក៏ដោយ ប៉ុន្តែការលើកទឹកចិត្ត និងការរំពឹងទុកនៅក្នុងសំបុត្ររបស់ឯកឧត្តមនឹងតែងតែអមដំណើរខ្ញុំ និងផ្តល់កម្លាំងចិត្តដល់ខ្ញុំ។ នៅក្នុងបេះដូងរបស់ខ្ញុំ ឯកឧត្តមគឺជាមិត្តចិនដ៏គួរឱ្យកោតសរសើរ និងគួរឱ្យគោរពដ៏ខ្ពង់ខ្ពស់បំផុត។" ថ្មីៗនេះ លោកកំពុងមមាញឹករៀបចំការប្រឡងភាសាចិន HSK កម្រិតទី ៣ ។ លោកមានសង្ឃឹមថា អាចបង្ហាញពីអារម្មណ៍ពិតរបស់ខ្ញុំជាមួយ "មិត្តចិនដែលគួរឲ្យកោតសរសើរ និងគោរពដ៏ខ្ពង់ខ្ពស់បំផុត" ជាភាសាចិននៅពេលអនាគត។
ទន្ទឹមនឹងការអភិវឌ្ឍ និងការលើកកម្ពស់ក្នុងការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និងផ្លូវ" មានយុវជនខ្មែរកាន់តែច្រើនឡើងមកប្រទេសចិនដើម្បីបន្តការសិក្សា។ លោក សោម ភារៈ រំពឹងថា មានយុវជនខ្មែរកាន់តែច្រើននឹងជ្រើសរើសរៀនជំនាញសវនកម្ម ស្គាល់មិត្តភក្តិចិនកាន់តែច្រើន និងបញ្ចូលកម្លាំងចលករជំរុញថ្មីក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន៕
អ្នកសារព័ត៌មាន ៖ Shen Yan Han Chengyuan
អ្នកបកប្រែ ៖ Shen Yan