ចិន និងអាហ្រ្វិក ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការតភ្ជាប់ទៅវិញទៅមក

2023-10-30 22:03:10
ប្រភព:កាសែតប្រជាជនដេលី

ប្រទេសចិនបាន និងកំពុងសហការជាមួយបណ្តាប្រទេសនៅទ្វីបអាហ្រ្វិកក្នុងសមត្ថភាពរបស់ខ្លួនតាមរយៈវិធីសាស្រ្តផ្សេងៗ ដើម្បីជួយប្រទេសអាហ្រ្វិកកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ ពង្រឹងសមត្ថភាពអភិវឌ្ឍន៍ឯករាជ្យរបស់ពួកគេ និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រោមយន្តការនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ក្រុមហ៊ុនចិនបានសាងសង់ផ្លូវដែកជាង ១ ម៉ឺនគីឡូម៉ែត្រ ផ្លូវថ្នល់ជិត ១០ ម៉ឺនគីឡូម៉ែត្រ ស្ពានជិត ១០០០ ខ្សែ កំពង់ផែចំនួនជិត ១០០ ហើយមន្ទីរពេទ្យ និងសាលារៀនមួយចំនួនធំនៅទ្វីបអាហ្វ្រិក។

នៅប្រទេសសេណេហ្គាល់ ស្ពាន Fangjuniបានសាងសង់ដោយក្រុមហ៊ុនចិន ដែលបានបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២២។ ស្ពាននេះមានប្រវែងសរុប ១៦០០ ម៉ែត្រ គឺជាស្ពានដែលវែងជាងគេនៅក្នុងប្រទេសសេណេហ្គាល់ ហើយបច្ចុប្បន្ននេះ វាបានក្លាយជាផ្លូវដ៏សំខាន់មួយតភ្ជាប់ភាគខាងជើង និងភាគខាងត្បូងនៃប្រទេសសេណេហ្គាល់។ ឯកឧត្តម Macky Sallប្រធានាធិបតីសេណេហ្គាល់បានបង្ហាញថា ស្ពាន Fangjuniកាត់បន្ថយពេលវេលា និងចំណាយក្នុងការធ្វើដំណើរពីប្រទេសសេណេហ្គាល់ទៅកាន់ប្រទេសជិតខាង ហើយជាការបង្ហាញជាក់ស្តែងនៃការអនុវត្តយ៉ាងសកម្មរបស់ប្រទេសចិននៃ "ផែនការកិច្ចសហប្រតិបត្តិការសំខាន់ៗទាំងដប់" របស់ចិន-អាហ្វ្រិក។

នៅសាធារណរដ្ឋCôte d'Ivoireគម្រោងស្ថានីយថាមពលជីវម៉ាស Bioya 46-MW ដែលសាងសង់ដោយក្រុមហ៊ុនចិនបានចាប់ផ្តើមសាងសង់នៅខែកក្កដា ឆ្នាំនេះ។ គម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០២៥ និងផលិតអគ្គិសនី ដែលនឹងដោះស្រាយបញ្ហាអគ្គិសនីរបស់ប្រជាពលរដ្ឋក្នុងតំបន់ចំនួន ១,៧ លាននាក់ និងផ្តល់អត្ថប្រយោជន៍ដល់កសិករដាំត្នោតចំនួន ១,២​ ម៉ឺននាក់ ជួយពួកគេបង្កើនប្រាក់ចំណូលប្រហែល ២០%។ ឥន្ធនៈនៃគម្រោងនេះគឺចំបើងស្លឹកត្នោតដែលដាំដុះជាទូទៅក្នុងតំបន់ វាអាចផលិតអគ្គិសនីស្អាតបាន ៣៤៨ ជីហ្គាវ៉ាត់ក្នុងមួយឆ្នាំ និងកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតបាន ១៨ ម៉ឺនតោន។

នៅប្រទេសហ្គាណា ប្រទេសចិនបានចូលរួមក្នុងការរចនា លទ្ធកម្ម ការសាងសង់ និងប្រតិបត្តិការប៉មទំនាក់ទំនងចំនួន ២០១៦ ដែលអាចបំពេញតម្រូវការទំនាក់ទំនងរបស់មនុស្សជាង ៣ លាននាក់នៅក្នុងតំបន់ជនបទ។

តាមស្ថិតិ រហូតមកដល់បច្ចុប្បន្ន សហគ្រាសរដ្ឋរបស់ចិនបានអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធជាង ១៦០០ ដែលគ្របដណ្តប់គ្រប់វិស័យនៅក្នុងទ្វីបអាហ្រ្វិក ដោយបានរួមចំណែកជាវិជ្ជមានក្នុងការកែលម្អកម្រិតហេដ្ឋារចនាសម្ព័ន្ធរបស់ទ្វីបអាហ្រ្វិក បង្កើនល្បឿននៃដំណើរការតភ្ជាប់គ្នាទៅវិញទៅមកនៃសមាហរណកម្ម ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងតំបន់ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនជាដើម៕

អ្នកសារព័ត៌មាន៖ Zou Song

អ្នកបកប្រែ ៖ Shen Yan

ចិន និងអាហ្រ្វិក ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការតភ្ជាប់ទៅវិញទៅមក