អតីតយុទ្ធជននៃកងទ័ពខ្លាហោះ អាយុ ១០៣ ឆ្នាំមកទស្សនាចិន ហើយត្រូវបានជនជាតិចិនទទួលស្វាគមន៍យ៉ាងកក់ក្តៅ
នាថ្ងៃត្រង់ ថ្ងៃទី២៩ ខែតុលា អ្នកយកព័ត៌មានចិនជាច្រើននាក់បានជួបជុំគ្នានៅស្ថានីយ T៣នៃអាកាសយានដ្ឋានរដ្ឋធានីប៉េកាំង។ នៅពេលដែលអតីតយុទ្ធជនអាមេរិក Harry Moyer អាយុ ១០៣ ឆ្នាំនៃកងទ័ពខ្លាហោះ បានចុះពីលើរថយន្តដឹកអ្នកដំណើរក្នុងអាកាសយានដ្ឋាន ហើយបានបង្ហាញខ្លួននៅមុខអ្នកសារព័ត៌មាន លោក Shen Xin ប្រធានផ្នែកទ្វីបអាមេរិក និងទ្វីបអូសេអានីនៃសមាគមចិនមិត្តភាពសម្រាប់បរទេស បានផ្តល់ភួងផ្កាជូនដល់លោកតា Moyer “សូមស្វាគមន៍មកកាន់ទីក្រុងប៉េកាំង”! មនុស្សនៅក្នុងហ្វូងបានស្រែក ហើយ Moyer ញញឹមរួចគ្រវីដៃទៅកាន់ហ្វូងមនុស្ស។
នៅឆ្នាំ ១៩៤១ នៅពេលដែលសង្គ្រាមលោកលើកទី ២ ប្រែជាសង្រ្គាមទូទាំងពិភពលោកជាបន្តបន្ទាប់នោះ ប្រទេសចិនបានប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីប្រទេសជប៉ុន។ ដើម្បីគាំទ្រសង្គ្រាមប្រឆាំងជប៉ុនរបស់ចិន កងទ័ពអាកាសអាមេរិកបានសម្រេចបង្កើតកងកម្លាំងដែលមានសមាសភាពពីអ្នកស្ម័គ្រចិត្តអាមេរិកនៅភាគខាងត្បូងប្រទេសចិន កងកម្លាំងនេះត្រូវបានគេហៅថាកងទ័ព"ខ្លាហោះ"។
កាលពី ៧៩ ឆ្នាំមុន Moyer អាយុជាង ២០ ឆ្នាំ បានជិះយន្តហោះចម្បាំង P-40 ហើយរួមជាមួយសមមិត្តខ្លាហោះវាយឆ្មក់យន្តហោះជប៉ុននៅក្នុងដែនអាកាសនៅប្រទេសចិន។ នៅឆ្នាំ ១៩៩៥ Moyer បានមកទស្សនាប្រទេសចិនម្តងទៀត។ លើកនេះជាលើកទីបីដែល Moyer មកទស្សនាប្រទេសចិន ហើយលោកបានឡើងលើមហាកំផែង ផឹកស្រាបៀរចិន និងបានចំណាយពេលថ្ងៃខួបកំណើតគម្រប់ ១០៣ ឆ្នាំរបស់គាត់នៅទីក្រុងប៉េកាំង។
យោងតាមស្ថិតិ ក្នុងអំឡុងពេលសង្រ្គាមជំនួយចិន ទាហានខ្លាហោះអាមេរិកជាង ២០០០ នាក់បានពលីកម្មនៅក្នុងការប្រយុទ្ធ។ កងទ័ពខ្លាហោះបានប្រយុទ្ធរួមគ្នាជាមួយយោធា និងជនជាតិចិន ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ដោយប្រើប្រាស់ឈាម និងជីវិតរបស់ពួកគេ ដើម្បីកសាងមហាកំផែងមិត្តភាពនៅលើសមរភូមិប្រឆាំងហ្វាស៊ីស។
Moyer ដែលធ្លាប់ជាសមាជិកនៃកងទ័ពខ្លាហោះបាន និងកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍទំនាក់ទំនងរវាងអាមេរិក និងចិន។ គាត់ធ្លាប់បានសរសេរសំបុត្រទៅកាន់ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិនដើម្បីរៀបរាប់អំពីស្ថានភាពគាំទ្ររបស់មូលនិធិ និងអតីតយុទ្ធជនខ្លាហោះក្នុងការលើកកម្ពស់ការផ្លាស់ប្តូរមិត្តភាពរវាងអាមេរិក និងចិន ហើយបានសំដែងថា លោកនឹងទទួលមរតក និងបន្តផ្សព្វផ្សាយស្មារតីដ៏ថ្លៃថ្លានៃកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងចិន។ សំបុត្រនេះក៏ទទួលបានការឆ្លើយតបពីឯកឧត្តម ស៊ី ជីនភីង ផងដែរ។
ពេលMoyerឡើងលើមហាកំផែង អ្នកយកព័ត៌មានបានសួរលោក Moyer តើគាត់មានបំណងប្រាថ្នាអ្វីក្នុងអាយុ ១០៣ ឆ្នាំ?
Moyer បាននិយាយថា "ខ្ញុំសូមជូនពរឱ្យពិភពលោកមានសន្តិភាព និងប្រជាជនគ្រប់ប្រទេសទាំងអស់រស់នៅដោយភាពសុខដុមរមនា។ ពិភពលោកយើងត្រូវតែមានសន្តិភាព យើងរស់នៅក្នុងពិភពលោកនេះជាមួយគ្នា គួរតែរួបរួមគ្នា។ នេះជាបំណងប្រាថ្នារបស់ខ្ញុំ"៕
អ្នកបកប្រែ៖ Li Zha