កិច្ចសន្ទនាយុទ្ធសាស្រ្តថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-អ៊ូសបេគីស្ថានលើកដំបូងបានបើកធ្វើនៅទីក្រុងប៉េកាំង

2023-11-22 14:53:37
ប្រភព:CRI

កាលពីថ្ងៃទី ២១ ខែវិច្ឆិកា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិននិងលោក Saidov រដ្ឋមន្ត្រីការបរទេសអ៊ូសបេគីស្ថានបានបើកកិច្ចសន្ទនាយុទ្ធសាស្រ្តថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-អ៊ូសបេគីស្ថានលើកដំបូងនៅទីក្រុងប៉េកាំង ។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ដោយគ្រប់ជ្រុងជ្រោយនិងប្រកបដោយភាពស៊ីជម្រៅអំពីការអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរនិងបង្កើនការតភ្ជាប់ខាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលបានឈានដល់គំនិតឯកភាពរួមយ៉ាងទូលំទូលាយ ហើយបានរួមគ្នាប្រកាសអំពីការបង្កើតយន្តការសន្ទនាខាងយុទ្ធសាស្ត្ររវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ។

លោក Wang Yi បានលើកឡើងថា ប្រទេសចិនរីករាយរួមសហការជាមួយអ៊ូសបេគីស្ថានដើម្បីប្រើប្រាស់ឱ្យបានល្អនូវវេទិកាថ្មីនៃកិច្ចសន្ទនាយុទ្ធសាស្រ្តថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-អ៊ូសបេគីស្ថាន ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដោយគ្រប់ជ្រុងជ្រោយ ក៏ដូចជាពន្លឿនការកសាងសហគមន៍រួមវាសនារវាងចិននិងអ៊ូសបេគីស្ថាន ។ លោក Wang Yi បានលើកឡើងនូវសំណើ ៤ ចំណុចចំពោះរឿងនេះ៖ ទីមួយគឺ ប្រមូលផ្តុំនូវឆន្ទៈដែលពង្រឹងសាមគ្គីភាពនិងទំនុកចិត្តចំពោះគ្នាទៅវិញទៅមក ទីពីរគឺ បង្កើតក្បាលម៉ាស៊ីនសម្រាប់ជំរុញការអភិវឌ្ឍរួម ទីបីគឺ ពូនជ្រំមូលដ្ឋាននៃឆន្ទៈប្រជាជនឱ្យបានរឹងមាំដើម្បីរឹតចំណងមេត្រីភាពឱ្យបន្តទៅគ្រប់ជំនាន់ ទីបួនគឺ កសាងប៉មនៃការគាំពារសន្តិភាពនិងស្ថិរភាព ។

លោក Saidov បានថ្លែងថា ភាគីអ៊ូសបេគីស្ថានគាំទ្រគំនិតផ្តួចផ្តើមសកលមួយចំនួនដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ហើយនឹងបន្តគោរពតាមគោលការណ៍ចិនតែមួយ ក៏ដូចជាផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកយ៉ាងមុតមាំនិងធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តចំពោះគ្នាជាយុទ្ធសាស្រ្ត ។ ភាគីអ៊ូសបេគីស្ថានឯកភាពទាំងស្រុងនូវសំណើរបស់ចិន ហើយរំពឹងទុកការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការដោយគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក្នុងន័យ ជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអ៊ូសបេគីស្ថាននិងចិនឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ ៕

កិច្ចសន្ទនាយុទ្ធសាស្រ្តថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-អ៊ូសបេគីស្ថានលើកដំបូងបានបើកធ្វើនៅទីក្រុងប៉េកាំង