ក្រសួងពាណិជ្ជកម្មចិនថ្លែងថា ចិននិងអូស្ត្រាលីទទួលបានការវិវឌ្ឍដ៏វិជ្ជមានលើបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មមួយចំនួន

2023-11-24 18:37:14
ប្រភព:CRI

អូស្ត្រាលីបានបញ្ជាក់នៅពេលថ្មីៗកន្លងទៅនេះថា ទន្ទឹមនឹងទំនាក់ទំនងរវាងអូស្ត្រាលីនិងចិនប្រែជានឹងនរឡើងវិញ ប្រទេសចិនប្រហែលនឹងលុបចោលរបាំងពាណិជ្ជកម្មសេសសល់ទាំងអស់នៅខែក្រោយ ទាក់ទិននឹងរឿងនេះ លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបកាលពីថ្ងៃទី២៣ខែវិចិ្ឆកាថា ចិននិងអូស្ត្រាលីទទួលបានការវិវឌ្ឍដ៏វិជ្ជមានលើបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មមួយចំនួន ។

លោកស្រី Shu Jueting បានលើកឡើងថា ចាប់ពីចូលឆ្នាំនេះមក ស្ថាប័នទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនិងពាណិជ្ជកម្មគ្រប់ស្រទាប់ជាន់ថ្នាក់របស់ចិននិងអូស្ត្រាលីបានរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធ ពិភាក្សាអំពីគម្រោងដោះស្រាយដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះក្នុងការដោះស្រាយដោយសមរម្យនូវបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលយកចិត្តទុកដាក់រៀងខ្លួន ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ចិននិងអូស្ត្រាលីទទួលបានការវិវឌ្ឍដ៏វិជ្ជមានលើបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មមួយចំនួន ដែលបូករួមទាំងការឈានដល់គំនិតឯកភាពរួមអំពីការដោះស្រាយដោយសមរម្យនូវវិវាទខាងពាណិជ្ជកម្មពិភពលោកក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកជាដើម ។

លោកស្រី Shu Jueting បានថ្លែងទៀតថា ជំហានបន្ទាប់ យើងរីករាយខិតខំប្រឹងប្រែងជាមួយភាគីអូស្រាលី ផ្តោតលើការអភិវឌ្ឍយូរអង្វែងនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអូស្ត្រាលី ស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុកគំនិតមិនស្របគ្នា ពង្រីកផលប្រយោជន៍រួម ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ៕

ក្រសួងពាណិជ្ជកម្មចិនថ្លែងថា ចិននិងអូស្ត្រាលីទទួលបានការវិវឌ្ឍដ៏វិជ្ជមានលើបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មមួយចំនួន