ប្រធានាធិបតីប៉ាឡេស្ទីនថ្កោលទោសចំពោះសហរដ្ឋអាមេរិកដែលបោះឆ្នោតវេតូប្រឆាំងនឹងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការឈប់បាញ់គ្នារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល

2023-12-11 18:19:07
ប្រភព:CRI

លោក Abbas ប្រធានាធិបតីប៉ាឡេស្ទីនបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៩ ខែធ្នូ ដោយថ្កោលទោសចំពោះសហរដ្ឋអាមេរិកដែលប្រើប្រាស់សិទ្ធិវេតូ ដើម្បីរារាំងការអនុម័តលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការឈប់បាញ់គ្នារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ។

លោក Abbas  បានថ្លែងថា គោលជំហររបស់អាមេរិកគឺ “មានលក្ខណៈឈ្លានពាន” និង “អសីលធម៌” ដែលបានបំពានដោយឥតក្រែងរអែងជាចំហនូវគុណតម្លៃនិងគោលការណ៍មនុស្សធម៌ទាំងអស់។

លោក Abbas សម្គាល់ថា សហរដ្ឋអាមេរិកគួរតែទទួលខុសត្រូវចំពោះការបាត់បង់ជីវិតរបស់កុមារ ស្ត្រី និងមនុស្សចាស់ដែលបង្កឡើងដោយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ លោកបានព្រមានថា គោលនយោបាយរបស់សហរដ្ឋអាមេរិកបានបង្កការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។

លោក Abbas សូមថ្លែងអំណរគុណចំពោះរដ្ឋសមាជិកដទៃទៀតនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានអំពាវនាវសហគមន៍អន្តរជាតិឱ្យស្វែងរកដំណោះស្រាយដើម្បីបញ្ឈប់ "ការឈ្លានពាន" របស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។

សូមបញ្ជាក់ថា នៅរសៀល ថ្ងៃទី ៨ ខែធ្នូ តាមម៉ោងក្នុងតំបន់ភាគខាងកើតរបស់សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោតលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តដែលដាក់ជូនដោយប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដែលទទួលបានការគាំទ្រពីសំណាក់ប្រទេសជិត ១០០ ដើម្បីទាមទារឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់នៅតំបន់ហ្កាហ្សា។ ប៉ុន្តែសេចក្តីព្រាងនេះមិនបានទទួលការអនុម័តទេ ដោយសារតែសហរដ្ឋអាមេរិកដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខបានប្រើសិទ្ធិវេតូក្នុងការបោះឆ្នោត។ ប្រទេសជាច្រើនបានសម្តែងការខកចិត្ត និងការសោកស្តាយចំពោះរឿងនេះ៕

ប្រធានាធិបតីប៉ាឡេស្ទីនថ្កោលទោសចំពោះសហរដ្ឋអាមេរិកដែលបោះឆ្នោតវេតូប្រឆាំងនឹងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការឈប់បាញ់គ្នារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល