ភាគីចិនអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកែសម្រួលដោយទាន់ពេលវេលានូវវិធានការដាក់ទណ្ឌកម្មទៅលើអង្គការតាលីបង់របស់អាហ្វហ្កានីស្ថាន

2023-12-15 19:04:47
ប្រភព:CRI

កាលពីថ្ងៃទី១៤ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តលេខ២៧១៦ ដោយសម្រេចចិត្តពន្យារពេល១២ខែនៃការផ្តល់សិទ្ធិចំពោះក្រុមពិនិត្យអង្កេតនៃគណៈកម្មាធិការដាក់ទណ្ឌកម្មទៅលើអង្គការតាលីបង់របស់អាហ្វហ្កានីស្ថាន ។ លោក Geng Shuang តំណាងរងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខគួរតែកែសម្រួលវិធានការដាក់ទណ្ឌកម្មដោយទាន់ពេលវេលា ដើម្បីជួយសហគមន៍អន្តរជាតិធ្វើការប្រាស្រ័យទាក់ទងយ៉ាងប្រាកដប្រជាជាមួយអាហ្វហ្កានីស្ថាន ក៏ដូចជាចៀសវាងកុំឱ្យបង្កផលប៉ះពាល់អវិជ្ជមានចំពោះការអភិវឌ្ឍនៃជីវភាពរស់នៅរបស់ប្រជាជនអាហ្វហ្កានីស្ថាន ។

លោក Geng Shuang បានថ្លែងថា អាហ្វហ្កានីស្ថានកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះនៃការស្ដារសន្តិភាពឡើងវិញ ។ សហគមន៍អន្តរជាតិត្រូវរក្សាការយកចិត្តទុកដាក់និងវិនិយោគ ដើម្បីជួយអាហ្វហ្កានីស្ថានបម្រះខ្លួនចេញពីសភាពទាល់ច្រក កែលម្អសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជន ស្តារកម្លាំងរស់រវើកនៃការអភិវឌ្ឍ លើកកម្ពស់និងធានាសិទ្ធិមនុស្សនិងរួមបញ្ចូលទៅក្នុងមហាគ្រួសារអន្តរជាតិ ។

លោក Geng Shuang បានថ្លែងទៀតថា ក្រុមប្រឹក្សាសន្តិសុខត្រូវធានាឱ្យយន្តការដាក់ទណ្ឌកម្មជំរុញសន្តិភាពនិងស្ថិរភាពនៃអាហ្វហ្កានីស្ថានប្រកបដោយប្រសិទ្ធភាព ហើយធ្វើការកែសម្រួលដ៏ចាំបាច់តាមស្ថានការណ៍ជាក់ស្តែងផងដែរ ។ ភាគីចិនរំពឹងថា រដ្ឋសមាជិកនៃក្រុមប្រឹក្សាសន្តិសុខនឹងរក្សាការប្រាស្រ័យទាក់ទងគ្នា ខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយដែលអាចបំពេញតាមការយកចិត្តទុកដាក់របស់ភាគីនានាក្នុងពេលឆាប់ៗ ដើម្បីផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ទំនាក់ទំនងនិងកិច្ចសន្ទនាជាមួយអាជ្ញាធរអាហ្វហ្កានីស្ថានក្នុងដំណាក់កាលបន្ទាប់៕

ភាគីចិនអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកែសម្រួលដោយទាន់ពេលវេលានូវវិធានការដាក់ទណ្ឌកម្មទៅលើអង្គការតាលីបង់របស់អាហ្វហ្កានីស្ថាន