កំណែថ្មីនៃអត្តសញ្ញាណប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេស "ប័ណ្ណផ្កាយប្រាំ" ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
កំណែថ្មីនៃអត្តសញ្ញាណប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានចេញ និងដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែធ្នូ។ ដោយសារតែការបន្ថែមរូបផ្កាយប្រាំដែលឆ្លុះបញ្ចាំងពីនិមិត្តសញ្ញាជាតិ កំណែថ្មីនៃប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ត្រូវបានគេហៅថា "ប័ណ្ណផ្កាយប្រាំ" ។
នៅថ្ងៃដំបូង មានជនបរទេសសរុបចំនួន ៥០ នាក់ដែលទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅក្នុងប្រទេសចិន និងបានទទួល "ប័ណ្ណផ្កាយប្រាំ" លើកដំបូង។ ពួកគេមកពីជាង ២០ ប្រទេស រួមទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង រុស្ស៊ី ស៊ុយអែត សិង្ហបុរី និងកូរ៉េខាងត្បូងជាដើម។ ពួកគេទាំងអស់សុទ្ធតែជាបុគ្គលិកដែលបានរួមចំណែកយ៉ាងលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិនក្នុងវិស័យជាច្រើនដូចជា សេដ្ឋកិច្ច ការអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វប្បធម៌ និងសុខភាពជាដើម ហើយរួមទាំងអ្នកឈ្នះពានរង្វាន់មិត្តភាពរដ្ឋាភិបាលចិន អ្នកគ្រប់គ្រងកម្រិតខ្ពស់បរទេស និងអ្នកបច្ចេកទេសវិជ្ជាជីវៈដែលបានធ្វើការនៅក្នុងប្រទេសចិនអស់រយៈពេលយូរ សាស្រ្តាចារ្យ និងអ្នកជំនាញបរទេសចូលធ្វើការក្នុងការបង្រៀន និងស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យសំខាន់ៗ និងស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រអស់រយៈពេលយូរ។ល។
យោងតាមការណែនាំពីអ្នកទទួលខុសត្រូវពាក់ព័ន្ធរដ្ឋបាលអន្តោប្រវេសន៍ជាតិរបស់ប្រទេសចិន បានឱ្យដឹងថា "ប័ណ្ណផ្កាយប្រាំ" អាចប្រើបានតែម្ចាស់ខ្លួនជាឯកសារអត្តសញ្ញាណផ្ទាល់ខ្លួននៅពេលដែលពួកគេត្រូវការបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ ហើយមិនចាំបាច់បង្ហាញលិខិតឆ្លងដែនបរទេសរបស់ពួកគេឡើយ៕
អ្នកសារព័ត៌មាន ៖ Ren Qinqin
អ្នកបកប្រែ ៖ Shen Yan