"ផ្លូវល្បឿនលឿននេះងាយស្រួលណាស់"

2023-12-15 19:15:29
ប្រភព:ស៊ីនហួ

នៅពេលនិយាយអំពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបានបើកឱ្យធ្វើដំណើរការមួយឆ្នាំ លោក សុខ ចេង អ្នករស់នៅទីក្រុងភ្នំពេញអាយុ ៦៥ ឆ្នាំ បានកោតសរសើរមិនដាច់ពីមាត់ចំពោះផ្លូវល្បឿនលឿននេះថា "ផ្លូវល្បឿនលឿននេះងាយស្រួលណាស់ ហើយអាចសន្សំសំចៃពេលវេលាបានច្រើន"។ នាពេលដែលឆ្លងកាត់ស្ថានីយគិតលុយភ្នំពេញ អ្នកបើកបរឈ្មោះ ទូច សេរីវុទ្ធ  បានប្រាប់អ្នកកាសែតថា មិនមានការកកស្ទះនៅលើផ្លូវល្បឿនលឿនទេ ហើយបើកតាមផ្លូវល្បឿនលឿនអាចសន្សំសំចៃប្រេង និងថ្លៃថែទាំរថយន្ត។ គាត់ពេញចិត្តយ៉ាងខ្លាំងចំពោះផ្លូវល្បឿនលឿននេះ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាផ្លូវល្បឿនលឿនដំបូងគេក្នុងប្រទេសកម្ពុជា ដែលតភ្ជាប់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងកំពង់ផែក្រុងព្រះសីហនុដែលជាកំពង់ផែទឹកជ្រៅដ៏ធំបំផុតនៃប្រទេសកម្ពុជា។ វាគឺជាគម្រោងវិនិយោគដោយក្រុមហ៊ុន China Road & Bridge Corporation តាមគំរូ “សាងសង់-ប្រតិបត្តិ-ផ្ទេរ” ផ្លូវនេះឆ្លងកាត់ខេត្តចំនួន ៥ មានប្រវែងសរុប ១៨៧.០៥ គីឡូម៉ែត្រ ចែកជាផ្លូវទ្វេទិស និងបួនគន្លង។ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានបើកដំណើរការ ការធ្វើដំណើរពីភ្នំពេញទៅកំពង់ផែព្រះសីហនុត្រូវកាត់បន្ថយពីជាង ៥ ម៉ោងមកត្រឹម ២ ម៉ោងប៉ុណ្ណោះ។

យោងតាមទិន្នន័យចេញផ្សាយពីក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានឱ្យដឹងថា ចាប់តាំងពីការបើកដំណើរការមួយឆ្នាំមកនេះ បរិមាណចរាចរណ៍នៃផ្លូវល្បឿនលឿនបានកើនឡើងលើសពី ៥,១៩ លានគ្រឿង ស្មើនឹងមានរថយន្តជាមធ្យម ១,៣ ម៉ឺនគ្រឿងក្នុងមួយថ្ងៃ ហើយមានរថយន្តជាមធ្យមប្រមាណ ១,៧ ម៉ឺនគ្រឿងក្នុងមួយថ្ងៃក្នុងអំឡុងពេលចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។  គួរបញ្ជាក់ថា គម្រោងនេះបានផ្តល់ឱកាសការងារចំនួនរាប់ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ក្នុងរយៈពេលសាងសង់ និងដំណើរការ។

មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿននេះជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ និងការដឹកជញ្ជូនទំនិញ ផ្តល់ជូនអ្នកដំណើរនូវមធ្យោបាយធ្វើដំណើរចំណេញពេលវេលា ងាយស្រួល និងមានសុវត្ថិភាព។ ជាងនេះទៅទៀត ផ្លូវល្បឿនលឿននេះគឺជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលតភ្ជាប់ទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទេសចរណ៍របស់កម្ពុជា៕

អ្នកសារព័ត៌មាន ៖ Wu Changwei   Liao Hongqing

អ្នកបកប្រែ ៖ Shen Yan

"ផ្លូវល្បឿនលឿននេះងាយស្រួលណាស់"