លោក Wang Yi ជួបសន្ទនាជាមួយលោកស្រី ខែក កែមាលី ស៊ីសូដា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសចិន

2023-12-19 12:40:56
ប្រភព:CRI

ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៣ នៅក្រុងប៉េកាំង លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយលោកស្រីខែក កែមាលី ស៊ីសូដា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសចិន ដែលជិតនឹងចប់អាណត្តិ។

លោក Wang Yi បានកោតសរសើរចំពោះការរួមចំណែកយ៉ាងសកម្មរបស់លោកស្រីខែក កែមាលី ស៊ីសូដាក្នុងការអភិវឌ្ឍចំណងមេត្រីភាពរវាងចិននិងកម្ពុជា និងជំរុញចំណងមិត្តភាពរវាងព្រះរាជវង្សានុវង្សនិងអ្នកដឹកនាំចិន ក៏ដូចជាបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការរវាងប្រតិភូប្រេសិតកម្ពុជាប្រចាំនៅចិននិងភាគិចិនក្នុងអំឡុងពេលលោកស្រីរ៉ាប់រងមុខតំណែងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅចិនអស់រយៈពេល១៧ឆ្នាំកន្លងមក ។ លោក Wang Yi បានថ្លែងថា ចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជាគឺមានភាពរឹងមាំមិនអាចបំបែកបំបាក់បានទេ ទំនាក់ទំនងរវាងភាគីទាំងពីរបានឡើងដល់កម្រិតថ្មី និងបង្ហាញឱ្យឃើញនូវកម្រិតខ្ពស់ថ្មីជាបន្តបន្ទាប់ ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ។ ប្រទេសចិនរីករាយរួមសហការជាមួយភាគីកម្ពុជា បន្តវេននិងផ្សព្វផ្សាយចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជា ដើម្បីត្រួសត្រាយស្ថានការណ៍ថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរឥតឈប់ឈរ ។

ជាការឆ្លើយតប លោកស្រីខែក កែមាលី ស៊ីសូដាបានថ្លែងថា រាជរដ្ឋាភិបាលថ្មីរបស់ប្រទេសកម្ពុជានឹងធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំ ដើម្បីធ្វើឱ្យចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិនមានភាពកាន់តែស៊ីជម្រៅ លោកស្រីនឹងបន្តរួមចំណែករបស់ខ្លួនដើម្បីជំរុញកិច្ចសហប្រតិបតិ្តការដ៏មេត្រីភាពរវាងកម្ពុជានិងចិនជាបន្តទៀត៕

លោក Wang Yi ជួបសន្ទនាជាមួយលោកស្រី ខែក កែមាលី ស៊ីសូដា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសចិន