កម្ពុជាក្លាយជាប្រទេសកិត្តិយសដំបូងគេនៃពិព័រណ៍រដូវរងារៀបចំនៅប្រទេសចិន

2023-12-19 12:53:29
ប្រភព:ស៊ីនហួ

ថ្ងៃទី១៤ ខែធ្នូ ពិព័រណ៍ពាណិជ្ជកម្មរដូវរងាកសិផលត្រូពិចអន្តរជាតិចិន (ហៃណាន) លើកទី ២៦ បានបើកនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិហៃណាននៃប្រទេសចិន។

ពិព័រណ៍រដូវរងានេះមានរយៈពេល ៤ ថ្ងៃ មានផ្ទៃដីតាំងពិព័រណ៍សរុបប្រហែល ៨ ម៉ឺនម៉ែត្រការ៉េ ដែលមានការតាំងបង្ហាញដូចជា បន្លែ ផ្លែឈើ ស្បៀងនិងប្រេង តែ កាហ្វេ បសុសត្វ ផលិតផលជលផល សម្ភារៈកសិកម្ម គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យា ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន កសិកម្មកម្សាន្តនានា និងទម្រង់អាជីវកម្ម។

គួរបញ្ជាក់ថា ពិព័រណ៍រដូវរងាឆ្នាំនេះចាប់ផ្តើមរៀបចំប្រទេសកិត្តិយស ហើយ​ប្រទេស​កម្ពុជាប្រទេសកិត្តិយស​នៃ​ពិព័រណ៍​រដូវរងា​ឆ្នាំ​នេះ។ ការរចនានៃតំបន់ពិព័រណ៌កម្ពុជាពោរពេញដោយរចនាបទស្ថាបត្យកម្មប្រពៃណីខ្មែរដែលមានពាក្យស្លោក "ស្វាគមន៍មកកាន់កម្ពុជា(Welcome to Cambodia) "។ មិនតែប៉ុណ្ណោះផលិតផលដែលមានលក្ខណៈកម្ពុជាត្រូវបានបង្ហាញក្នុង​ពិព័រណ៍​ មានដូចជា គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ អង្ករផ្កាម្លិះ និងផលិតផលផ្សេងទៀត។ អ្នកទស្សនាបានស្តាប់ការណែនាំផលិតផលដោយយកចិត្តទុកដាក់ ហើយទេសចរអាចភ្លក់ផលិតផលពិសេសក្នុងពិព័រណ៍ដោយមិនគិតថ្លៃ ទន្ទឹមនឹងនោះ កូនសៀវភៅទេសចរណ៍ដែលបង្ហាញពីប្រវត្តិសាស្ត្រ និងបេតិកភណ្ឌវប្បធម៌របស់កម្ពុជាក៏ត្រូវបានចែកជូនដល់ភ្ញៀវទេសចរណ៍ផងដែរ។

ឯកឧត្តម ហ៊ាន វណ្ណហនរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានមានប្រសាសន៍ថា "យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះខេត្តហៃណានដែលបានអញ្ជើញប្រទេសកម្ពុជាឱ្យចូលរួមក្នុងពិព័រណ៍រដូវរងានេះ។ យើងបាននាំមកនូវអង្ករ ស្វាយ កាហ្វេ និងផលិតផលផ្សេងៗទៀត។ យើងជឿជាក់ថា ពិព័រណ៍នេះនឹងជួយដល់ការអភិវឌ្ឍពាណិជ្ជកម្ម និងកសិកម្មរបស់ប្រទេសកម្ពុជាយើង។"

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសកិត្តិយស ក្រុមហ៊ុនរបស់កម្ពុជាយើងមានគោលបំណងយ៉ាងខ្លាំងក្នុងការបង្កើតទំនាក់ទំនងជាមួយពាណិជ្ជករខេត្តហៃណាន និងការពង្រឹងទីផ្សារនៃភាគីទាំងពីរតាមរយៈការសហការផលិត និងលក់ផលិតផលពីភាគីទាំងពីរ៕

អ្នកសារព័ត៌មាន ៖ Yuan Rui  Zhou Huimin

អ្នកបកប្រែ ៖​ Shen Yan

កម្ពុជាក្លាយជាប្រទេសកិត្តិយសដំបូងគេនៃពិព័រណ៍រដូវរងារៀបចំនៅប្រទេសចិន