ក្រុមគ្រូបង្ហាត់សុខភាពគ្រួសាររបស់ប្រទេសចិនមានសមាជិកលើសពី ៧០ ម៉ឺននាក់
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សមាគមផែនការគ្រួសារចិនបានអនុវត្តយ៉ាងសកម្មនូវការណែនាំ និងសេវាកម្មសុខភាពគ្រួសារផ្សេងៗ។ យោងតាមទិន្នន័យពាក់ព័ន្ធចុងក្រោយបានឱ្យដឹងថា ប្រទេសចិនបានបង្កើតទីភ្នាក់ងាសេវាកម្មសុខភាពគ្រួសារចំនួនជាង ១ ម៉ឺនកន្លែង និងបង្កើតក្រុមគ្រូបង្ហាត់សុខភាពគ្រួសារដែលមានសមាជិកជាង ៧០ ម៉ឺននាក់ ដើម្បីផ្តល់សេវាកម្មថែរក្សាសុខភាពរបស់ប្រជាជន និងក្លាយជាអ្នកយកចិត្តទុកដាក់នៅជុំវិញមហាជន។
សុខភាពគ្រួសារគឺជាមូលដ្ឋានគ្រឹះនៃសុខភាពជាតិ និងជាគន្លឹះក្នុងការកសាងប្រទេសចិនឱ្យមានសុខភាពល្អ។ លោក ហឺ សៀង លេខាធិការរងនៃសមាគមផែនការគ្រួសារចិន បានណែនាំថា "ប្រទេសចិនគឺជាប្រទេសដ៏ធំមួយដែលមានប្រជាជនច្រើនជាង ១,៤ ពាន់លាននាក់ ហើយចំនួនគ្រួសារលើសពី ៤៩០ លាន។ គ្រួសារដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍអាកប្បកិរិយាដែលមានសុខភាពល្អផ្ទាល់ខ្លួន និងបន្តនូវវប្បធម៌ដ៏ល្អប្រសើរ"។ បច្ចុប្បន្ននេះ ប្រទេសចិនបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់សុខភាពគ្រួសារ ហើយបានបណ្តុះបណ្តាលគ្រូថ្នាក់ខេត្តចំនួនជាង ៥៥០ នាក់ និងណែនាំវគ្គបណ្តុះបណ្តាលគ្រូថ្នាក់ក្រុងជាង ៤ ពាន់នាក់ក្នុងបណ្តាខេត្ត តំបន់ស្វយ័ត និងក្រុង ហើយនិងលោកគ្រូអ្នកគ្រូទាំងនេះបានអនុវត្ត និងចេញវគ្គបណ្ដុះបណ្ដាលស្ដង់ដាររបស់គ្រូសុខភាពគ្រួសារនៅកម្រិតមូលដ្ឋាន។ តាមស្ថិតិ គិតមកដល់ចុងឆ្នាំ២០២៥ សេវាកម្មសុខភាពគ្រួសារផ្តល់ដោយគ្រូបង្ហាត់សុខភាពគ្រួសារនឹងគ្របដណ្តប់ជាង ៩០% នៃភូមិ (សហគមន៍) នៅទូទាំងប្រទេសចិន៕
អ្នកសារព័ត៌មាន ៖ Tian Xiaohang
អ្នកបកប្រែ ៖ Shen Yan