សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រសម្រាប់ការអប់រំវិជ្ជាជីវៈរបស់ប្រទេសចិននៅបរទេសដំបូងគេបានបើកនៅប្រទេសកម្ពុជា
ពិធីបើកសម្ពោធសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ដែលជាសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រសម្រាប់ការអប់រំវិជ្ជាជីវៈរបស់ប្រទេសចិននៅបរទេសដំបូងគេ បានប្រារព្ធឡើងនៅថ្ងៃទី២០ ខែធ្នូ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។
សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា គឺជាសមិទ្ធិផលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជាក្នុងវិស័យអប់រំ។ មុខជំនាញសញ្ញាបត្រថ្នាក់បរិញ្ញាបត្រដំបូងនៃសាកលវិទ្យាល័យបច្ចេកវិទ្យាមាន ៦ រួមមាន បច្ចេកវិទ្យាវិស្វកម្មផលិតថាមពលថ្មី បច្ចេកវិទ្យាវិស្វកម្មសេវាកម្មរថយន្ត បច្ចេកវិទ្យាវិស្វកម្មបណ្តាញអ៊ីនធើណែត ពាណិជ្ជកម្មអេឡិចត្រូនិក ការគ្រប់គ្រងឡូជីស្ទីកទំនើប និងការគ្រប់គ្រងទេសចរណ៍ ហើយនិស្សិតអាចទទួលបានសញ្ញាបត្របញ្ចប់ការសិក្សា និងវិញ្ញាបនបត្រពីប្រទេសចិន និងកម្ពុជាក្រោយពីបញ្ចប់ការសិក្សាដោយជោគជ័យ។
ថ្នាក់ដឹកនាំចិនដែលចូលរួមក្នុងពិធីបានមានប្រសាសន៍ថា ក្រសួងអប់រំចិននឹងបន្តជួយដល់កិច្ចសន្ទនា និងផ្លាស់ប្តូរក្នុងវិស័យអប់រំរវាងប្រទេសចិន និងកម្ពុជា បន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិន និងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំភាសាចិន ការអប់រំវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រនៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអប់រំឌីជីថល។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសចិន និងកម្ពុជាបានបន្តកាន់តែស៊ីជម្រៅ។ បច្ចុប្បន្ននេះ មាននិស្សិតកម្ពុជាជាង ៤៥០០ នាក់ដែលកំពុងបន្តការសិក្សានៅប្រទេសចិន។ ប្រទេសចិនបានបង្កើតវិទ្យាស្ថានខុងជឺចំនួន ៤ មជ្ឈមណ្ឌលភាសាចិនចំនួន ៣ និងរោងបង្រៀនភាសាចិនចំនួន ១ នៅកម្ពុជា។ ក្នុងវិស័យអប់រំវិជ្ជាជីវៈ ប្រទេសចិនបានបង្កើតស្ថាប័នអប់រំ និងគម្រោងនៅក្រៅប្រទេសចំនួន ១៩ ក្នុងប្រទេសកម្ពុជា ដើម្បីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងបច្ចេកវិទ្យាប្រកបដោយគុណភាពខ្ពស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងជាតិរបស់កម្ពុជា៕
អ្នកសារព័ត៌មាន ៖ Yang Qiang Li Haiyue
អ្នកបកប្រែ ៖ Shen Yan